សៀមរាប៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបាននាំខ្លួន និងឃាត់ខ្លួនជនសង្ស័យឈ្មោះភៀវ សុងឹម ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងបទផ្សំគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់ករម៉ូតូ)។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦នឹង១០នាទី នៅចំណុចហាងម៉ាស្សាយីហោ១៦៨ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក មានករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ) ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ លេខតួ.លេខម៉ាស៊ីន ៥៦២១៦៤១ របស់ជនរងគ្រោះឈ្មោះ ខឹម សុកកឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ តែដោយម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ជនរងគ្រោះក៏បានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច។ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវទីតាំងម៉ូតូ ដែលជនសង្ស័យលួចយកទៅទុក គឺនៅក្នុងបន្ទប់ជួលជនសង្ស័យខាងលើ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេរបន្ទប់ស្នាក់នៅជនសង្ស័យខាងលើក៏រកឃើញ
-ផ្លែតួនឺវីសកែច្នៃ សម្រាប់កាច់សោរកម៉ូតូចំនួន០៥ដើម ។
- សោរខ្សៀលេខ៨ចំនួន០៣ដើម។
- តួឡឺវីសដងជ័រពណ៌ខ្មៅចំនួន០៣ដើម។
- សោរមាត់លេខ១០.១២.១៤.១៧ ចំនួន ០៣ដើម ។
- សោរមាត់ជាប់សោរចិញ្ចៀនលេខ១៤ ចំនួន ០១ដើម ។
- មួកការពារ ចំនួន ០៤ ។
- កូនសោរម៉ូតូ ចំនួន ០៤គ្រាប់ ។
- ប័ណ្ណសម្គាល់យានយន្ត(ម៉ូតូ) ចំនួន ០១សន្លឹក ។
- លិខិតលក់ម៉ូតូ ចំនួន ០១សន្លឹក ។
- វិក័យប័ត្ររបស់ហាងលក់ម៉ូតូយីហោចំណាន ចំណាប់ ចំនួន ០១សន្លឹក ។
- វ៉ីសចាប់ផ្លាកលេខមួយចំនួន ។
- ខោ អាវជនសង្ស័យមួយចំនួន ។
- គ្រាប់ដែកឆក់ សម្រាប់ចាក់បន្ទះសោរសុវត្ថិភាព ចំនួន ០៨គ្រាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ម៉ូតូដែលនៅផ្ទះរបស់ខ្លួនគឺមិត្តភ័ក្កិប្តីរបស់ខ្លួនយកមកផ្ញើរទុកដោយមិនស្គាល់ឈ្មោះ ហើយវត្ថុតាងដែរយើងឆែកឆេរ នឹងដកហូតនៅនឹងបន្ទប់ជនសង្ស័យ ជនសង្ស័យបានឆ្លើយថា ជាសម្ភារៈរបស់ប្តីខ្លួនដែលទុកក្នុងបន្ទប់រយះពេលប្រហែល ០៣ខែមកហើយ ហើយប្តីខ្លួនមានម៉ូតូម៉ាកហុងដាឌ្រីមមិនចាំសេរី ពាក់ផ្លាកកំពត តែមិនចាំលេខ ហើយយើងក៏បានយករូបថត ជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់កម៉ូតូក្នុងក្រុងសៀមរាប មួយរយះក្រោយនេះ គឺជារូបប្តីរបស់ខ្លួន នឹងមិត្តភ័ក្កិប្តីខ្លួន ពិតមែន ជនសង្ស័យបានឆ្លើយសារភាពទៀតថាខ្លួនត្រូវបានប្តីផ្តល់អោយក្នុងមួយខែ ១០០ដុល្លារ ទុកជាថ្លៃបន្ទប់ជួល។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចំណាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកជនសង្ស័យបន្តទៀត ៕