កណ្ដាល៖ យុវតី២នាក់ ក្នុងចំណោមនុស្សប្រមាណជាង១០នាក់ទៀត បាននាំគ្នាជិះទូកឆ្លងទន្លេរ ក្នុងគោលបំណងទៅលេងកំសាន្ដនៅកោះស្នេហា តែជាអកុសលដោយសារទូកផ្ទុកមនុស្សច្រើននាក់ពេក ក៏បណ្ដាលឲ្យលិច ខណៈចេញពីច្រាំងប្រមាណជាង១០មែត្រ ធ្វើឲ្យយុវតីទាំង២នាក់នេះ បាត់ខ្លួនរកពុំទាន់ឃើញនៅឡើយនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា យុវតី២នាក់បាត់ខ្លួនទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ។ យុវតីរងគ្រោះទាំង២នាក់ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកទូកដែលលិចនោះ មានទំហ៊ំទទឹង១,៦០ម៉ែត្រ បណ្ដោយ៦,៥០ម៉ែត្រ ចាប់ម៉ាស៊ីនចំហៀង ជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ មានមនុស្សមួយក្រុមប្រហែលជាង១០នាក់ បាននាំគ្នាឡើងទូកក្នុងគោលបំណងជិះឆ្ពោះទៅកោះស្នេហា តែដោយទូកផ្ទុកលើសទម្ងន់(លើសចំណុះ) ក៏លិចក្នុងទឹកទន្លេ ខណៈធ្វើដំណើរចេញពីច្រាំងបានប្រហែលជាង១០ម៉ែត្រ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយអន្ដរាគមន៍សង្គ្រោះ តែជាអកុសលក្នុងហេតុការណ៍នេះ ធ្វើឲ្យយុវតី២នាក់បាត់ខ្លួន រកពុំទាន់ឃើញនៅឡើយទេ៕