ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទទី២៧ ខែមករា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំដាក់ផែនការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញឱ្យបានម៉ឺងម៉ាត់និងមិនយោគយល់នោះឡើយដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋទន្ទឹមដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងទៅថ្មីៗនេះបានលើកឡើងពីការព្រួយបារម្ភករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដល់ចំណុចប្រកាសអាសន្ននោះហើយ។ គ្រាដែលរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅឆ្នាំ២០១៩ បានកើតឡើងចំនួន ៤.១២១លើក បណ្តាលឱ្យមនុស្សស្លាប់១.៩៨១នាក់ និងរងរបួស ៦.១៤១នាក់។ ដោយឡែក នៅរាជធានីភ្នំពេញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ របាយការណ៍បង្ហាញឱ្យដឹងថាបានកើតឡើងចំនួន១.៦០៨លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៣៨នាក់ និងរងរបួស១.៧៣២នាក់។
ថ្លែងក្នុងកិច្ចជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាឱ្យកម្លាំនគរបាលចរាចរការិយាល័យជំនាញនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធាណីភ្នំពេញ ត្រូវរៀបចំកម្លាំង និងមធ្យោបាយជាស្រេច ត្រៀមចេញ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត ដោយបែងចែកកម្លាំងជា២កង គឺកម្លាំងអនុវត្តនៅពេលយប់និងកម្លាំងអនុវត្តនៅពេលថ្ងៃ។ ត្រូវធ្វើយ៉ាងណាក្នុងសប្តាហ៍នេះត្រូវចេញអនុវត្តទៅតាមគោលដៅដែលជាចំណុចប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់និង ក៏បានណែនាំឱ្យកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលត្រួតពិនិត្យត្រូវមានអាកប្បកិរិយាសុភាពរាបសារប៉ុន្តែម៉ឺងម៉ាត់នឹងការងារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានរំលឹកដល់មន្ត្រីនគរបាលក្រោមឱវាទនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍មិនត្រូវឆ្លៀតឱកាសគាបសង្កត់ទារប្រាក់ពីប្រជាពលរដ្ឋនោះឡើយ។ ការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ធ្វើរយៈពេល១សប្តាហ៍ដើម្បីពិសោធន៍ចង់ដឹងថាតើការចុះអនុវត្តក្នុងអំឡុងពេលនេះបទល្មើសចរាចរណ៍វាកើនឡើងរឺក៏ថយចុះ។ដើម្បីយកមកវាយតម្លៃសភាពការណ៍និងកំណត់ទិសដៅអនុវត្តបន្តជាប្រចាំតែម្តង។ ចំពោះប្រតិបត្តិកាពិនិត្យរកឃើញអ្នកបើកបរល្មើសច្បាប់ត្រូវនាំគាត់យកមកអប់រំនៅកន្លែងមានសមត្ថកិច្ចចំណែកមធ្យោបាយល្មើសច្បាប់ត្រូវយកមករក្សាទុក១សប្តាហ៍ទើបដោះឱ្យទៅវិញ ដោយមិនប៉ះពាល់ថវិការរបស់ប្រជាពលរដ្ឋនោះឡើយ៕