ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​រៀបចំ​ “​សន្និបាត​ប្រចាំឆ្នាំ​២០២០”

27-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​រៀបចំ​ “​សន្និបាត​ប្រចាំឆ្នាំ​២០២០”​ របស់​ខ្លួន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០​ ដល់​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២០​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ពី​សកម្មភាព​ និង​ការ​ប្រឈម​នានា​នៅ​ក្នុង​ឆ្នាំ​២០១៩​ ព្រមទាំង​កំណត់​ទិស​ដៅ​ការទូត​ និង​ការងារ​សម្រាប់​ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​នៅ​វិមាន​សន្តិភាព​ ដើម្បី​ផ្តល់​អនុសាសន៍​ និង​ការ​ណែនាំ​ដ៏​មាន​តម្លៃ​សម្រាប់​អ្នកការទូត​កម្ពុជា​ ក្នុង​ការ​អនុវត្ត​បេសកកម្ម​ការទូត​។​ ក្នុង​ឱកាស​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ប្រកាស​ជា​ផ្លូវការ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ ឆ្នាំ​២០២០​ នៅ​កម្ពុជា​
​ហើយ​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​សន្និបាត​ប្រចាំឆ្នាំ​២០២០​ នឹង​ផ្តល់​កាលានុវត្តភាព​ផង​ដែរ​សម្រាប់​អ្នកការទូត​កម្ពុជា​ អាច​ពង្រីក​ចំណេះដឹង​ប្រតិបត្តិ​ និង​កំរិត​វិភាគ​កាន់តែ​ទូលំទូលាយ​ លើ​បញ្ហា​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ (១)«​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​»​ (២)​ «​ស្ថានភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា​»​ និង​(៣)​ «​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​»​ ដើម្បី​ពង្រឹង​ការទូត​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ នៅ​លើ​ឆាក​អន្តរជាតិ​។​

​សន្និបាត​នេះ​ នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​របស់​ក្រសួង​ ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍​ អគ្គ​កុងស៊ុល​ កុងស៊ុល​កិត្តិយស​ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ៕

 

ចំនួនអ្នកទស្សនា

    20532917

  • ថ្ងៃនេះ9741
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68581
  • ខែនេះ90461
  • ឆ្នាំនេះ90461
  • សរុប20532917