ក្រសួងសុខាភិបាល​រក​ឃើញ​ មាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ១​ករណី​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ លើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់​

27-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានឱ្យ​ដឹង​ថា​គិត​មក​ត្រឹម​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​និង​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ (2019-nCoV)​ នៅ​លើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ​ ចា​ ជិន​ហួរ​ (Jia​ Jianhua)​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ហាន​ ជាមួយ​ក្រុម​គ្រួសារ​៤​នាក់​ ដែល​សំណាក​បាន​យក​មក​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ​ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​តែ​ម្នាក់​គាត់​ គឺ​លោក​ ចា​ ជិន​ហូរ​។​

​អ្នក​ទាំង​បួន​នាក់​នេះ​ មានឈ្មោះ​ ដូច​ខាងក្រោម​៖
១.​ លោក​ ចា​ ជិន​ហួរ​ (Jia​ Jianhua)​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ កាន់​ប៉ាស្ទ័រ​លេខ​ E54319891
២.​ លោកស្រី​ វ៉ាង​ លឹ​ង​ជេន​ (Wang​ Lingzhen)​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ កាន់​ប៉ាស្ទ័រ​លេខ​ E06137433
៣.​ លោក​ សៅ​ យ៉ា​ន់​ (Xiao​ Yan)​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ កាន់​ប៉ាស្ទ័រ​លេខ​ ED134348
៤.​ លោកស្រី​ ចា​ រ៉ុយ​ស៊ន់​ (Jia​ Ruixuan)​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ​ កាន់​ប៉ាស្ទ័រ​លេខ​ E24490509

​យោង​តាម​ប្រវត្តិ​អ្នកជំងឺ​បាន​បង្ហាញ​ថា​ គាត់​និង​ក្រុម​គ្រួ​សារបាន​ចេញដំណើរ​ពី​ទីក្រុង​ហាន​ មក​កាន់​ទី​ក្រុងព្រះសីហនុ​ នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ ហើយ​មាន​ចេញ​រោគ​សញ្ញា​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​​ឆ្នាំ​២០២០​ ដោយ​មាន​អាកា​រៈ​ គ្រុនក្តៅ​ និង​ហៀរ​សំបោរ​។​ អ្នក​ទាំង​ ០៤​ខាងលើ​ មក​ពី​ទីក្រុង​ហាន​ នៃ​
​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ជើង​យន្តហោះ​ត្រង់​ពី​ទីក្រុង​ហាន​​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​។​ ក្រោយ​ពី​បាន​មក​ដល់​ក្រុងព្រះសីហនុ​ ពួក​គាត់​បាន​ជិះ​តាក់ស៊ី​ មក​ស្នាក់​នៅ​សណ្ឋាគារ​ឯករាជ្យ​ចំនួន​២​យប់​។​ បន្ទាប់​មក​បាន​ចូល​មក​ស្នាក់​នៅ​សណ្ឋាគារ​គ្វី​ន​កូ​ (Queenco​ Hotel)​ នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២០​។​ នៅ​រសៀល​នោះ​ដែរ​ លោក​ ចា​ ជិន​ហួរ​ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង​ រួច​ក៏​មាន​អាកា​រៈ​ក្តៅខ្លួន​។​ ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ​ វ៉ាង​ លីង​ជេន​ បាន​ទូរស័ព្ទ​ទៅ​លេង​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​ និង​បាន​ប្រាប់​ថា​ ប្ដី​គាត់​មាន​អាកា​រៈ​ក្តៅខ្លួន​។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ឯន​ឧត្តម​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ អាជ្ញាធរ​ខេត្ត​រួម​ជាមួយនឹង​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ព្រមទាំង​មន្ត្រី​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​នេះ​ ហើយ​បាន​រក​ឃើញ​ថា​ គាត់​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​ហ្វី​ន​កូ​ ក្នុង​ក្រុងព្រះសីហនុ​។​ បន្ទាប់​មក​ ក្រុមការងារ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​យក​វត្ថុ​វិភាគ​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ដដែល​ និង​បាន​បញ្ជូន​វត្ថុ​សំណាក​ពី​ច្រមុះ​ និង​បំពង់ក​របស់​បុគ្គល​ទាំង​
​បួន​នាក់​ ខាងលើ​នោះ​ មក​ធ្វើ​វិភាគ​នៅ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​ នៅ​រសៀល​ម៉ោង​៣​ នៃ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​បញ្ជាក់​ថា​សំណាក​វិភាគ​មន្ទីរពិសោធន៍​របស់​ លោក​ ចា​ ជី​ន​ហួរ​ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​(2019-Cov)​។​

​បច្ចុប្បន្ន​នេះ​ តាម​ការ​អង្កេត​តាមដាន​របស់​ក្រុម​គ្រូពេទ្យ​ស្ថានភាព​អ្នកជំងឺ​មាន​សភាព​ហ្នឹង​នរ​ មាន​តែ​រោគ​សញ្ញា​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​ រីឯ​ក្រុម​គ្រួសារ​គាត់​ក៏​មិន​ទាន់​រក​ឃើញ​ថា​ មាន​សញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ពួក​គាត់​ណាមួយ​នៅឡើយ​ដែរ​។​ ក្រុម​គ្រូពេទ្យ​កំពុង​តែ​តាមដាន​សុខភាព​ពួក​គាត់​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​វិធានការ​សំខាន់ៗ​ដែល​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​​ព្រះ​សីហ​នុ​ បាន​ដាក់​ចេញ​អនុវត្ត​ មាន​ដូច​តទៅ​៖
-​ដាក់​អ្នកជំងឺ​នៅ​បន្ទប់​ដាច់​ដោយឡែក​នៃ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​តាមដាន​ ក៏​ដូច​ជា​ផ្តល់​ការ​ព្យាបាល​ដោយ​ចិត្ត​ទុកដាក់​ជាទី​បំផុត​
-​ ដាក់​ក្រុម​គ្រួសារ​គាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​សុខភាព​ និង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្សេង​ទៀត​ ដើម្បី​ធ្វើការ​អប់រំ​សុខភាព​ ព្រមទាំង​តាមដាន​សុខភាព​ពួក​គាត់​
-​និង​បាញ់​សំលាប់​មេរោគ​កន្លែង​គាត់​ស្នាក់​នៅ​
-​រាយការណ៍​ជូន​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ អំពី​ករ​ណ៏​វិជ្ជមាន​ខាងលើ​នេះ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​បញ្ជាក់​ថា​ ក្រសួង​កំពុង​តាមដាន​ និង​ស្រាវ​​ជ្រាវ​ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត​នូវ​ស្ថានភាព​កើត​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ និង​សូម​​អំពាវនាវ​ថា​ បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ទីក្រុង​ហាន​ ខេត្ត​ហឺ​បេ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជាប់​ជា​ប្រចាំ​ ហើយ​ប្រសិនបើ​មាន​រោគ​សញ្ញា​ ក្តៅខ្លួន​ក្អក​ ហៀរ​សំបោរ​ ឬ​មាន​រោគ​សញ្ញា​ហត់​ ឬ​ថប់ដង្ហើម​ សូម​ប្រញាប់​ស្វែងរក​ការ​ពិនិត្យ​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ទាន់​ពេលវេលា​ហើយ​បើ​លោក​អ្នកមាន​សំណួរ​ ឬ​ច​ម្ង​ល់​អ្វី​ពី​បញ្ហា​សុខភាព​លោក​អ្នក​សូម​ទាក់ទង​ទៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ​១១៥​ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​ សូម​ធ្វើ​បច្ចុប្បន្នភាព​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ ប្រភេទ​ថ្មី​នេះ​​ដោយ​គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ នា​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ យោង​តាម​របាយការណ៍​របស់​អង្គការ​សុខ​​ភាព​ពិភពលោក​បាន​បង្ហាញ​ថា​ មាន​អ្នកជំងឺ​សរុប​ចំនួន​ ២,៧៤៤​នាក់​ ដែល​មាន​វិជ្ជមាន​ជំងឺ​រលាក​សួត​​ដោយសារ​វីរុស​កូ​រូ​ណា​ ដែល​បាន​រាយការណ៍​ពី​ខេត្ត​ចំនួន​៣០​ នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​ចិន​ក្នុង​នោះ​​មាន​ ៤៦១​នាក់​ ជា​ករណី​ធ្ងន់​ ចំនួន​៨០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​។​ សរុប​ចំន​អ្នក​សង្ស័យ​មាន​៥,៧៩៤​នាក់​ ក្នុង​នោះ​មាន​ ៧២៩​ករណី​ ជា​ករណី​ថ្មី​ ដែល​មាន​ ១៣៧​ករណី​ធ្ងន់​ និង​ ២៤​ករ​ណ៍​ថ្មី​ដែល​បាន​បាត់បង់​ជីវិត​ (​មក​ពី​ Hubei)​។​ ចិន​ហុងកុង​ មាន​៨​ករណី​ ម៉ា​កាវ​ ៥​ករណី​ និង​ចិនតៃវ៉ាន់​ ៤​ករ​ណ៍​។​ ដោយឡែក​ប្រទេស​ថៃ​បាន​រាយការណ៍​ថា​បាន​រក​ឃើញ​ចំនួន​ ៧​ករណី​ ជប៉ុន​ ៣​ករណី​ សាធារណរដ្ឋ​កូរ៉េ​៣​ករណី​ សហរដ្ឋអាមេរិក​ ៣​ករណី​ វៀតណាម​ ២​ករណី​ ប្រទេស​សាំង​ហ្គា​ពួរ​ ៤​ករណី​ ប្រទេស​ម៉ា​ឡេ​ស៊ី​៣​ករណី​ ប្រទេស​ណេ​ប៉ា​ល់​ ១​ករណី​ ប្រទេស​បារាំង​ ៣​ករណី​ និង​ប្រទេស​អូស្ត្រាលី​ ៤​ករណី​។​ អ្នក​ប៉ះពាល់​ ឬ​អ្នក​ជិតដិត​ជាមួយ​អ្នកជំងឺ​សរុប​មាន​៣២,៧៩៩​ នាក់​ ដែល​កំពុង​តាមដាន​សម្រាប់​ការ​សង្កេត​ផ្នែក​វេជ្ជសាស្ត្រ​បន្ត​ ក្នុង​នោះ​មាន​ ៥៨៣​នាក់​ បាន​រួច​ផុត​ពី​ការ​តាមដាន​សុខភាព​ និង​ចំនួន​ ៣០,៤៥៣​នាក់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំមើល​ផ្នែក​សុខភាព​នៅឡើយ​។​ គួរ​កត់​សម្គាល់ថា​ ពុំ​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ណាមួយ​ពី​អង្គការ​សុខភាព​ពិភពលោក​ស្តី​ពី​ប្រភព​ និង​របៀប​នៃ​ការ​ចម្លងជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​នៅឡើយ​ទេ​។​ ប៉ុន្តែ​ មានការ​បង្ហាញ​ថា​ មានការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដោយ​មាន​កម្រិត​ហើយ​បច្ចុប្បន្ន​នេះ​ គេ​បាន​សង្កេត​ឃើញ​ថា​ មានការ​ចម្លង​ពី​អ្នក​ដែល​មាន​វីរុស​នេះ​ពី​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​វីរុស​ស​ង្គំ​ក្នុង​ខ្លួន​ (incubation​ period)​ តែ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា​នៅឡើយ​នោះ​ ទៅ​មនុស្ស​ដទៃ​ទៀត​។​

​ក្នុង​គោលបំណង​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​បាន​រក​ឃើញ​ខាងលើ​ជនជាតិ​ចិន​ម្នាក់​ខាងលើ​នេះ​ ឯកឧត្តម​សាស្ត្រាចារ្យ​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​ដែល​វិល​ត្រឡប់​មក​ពី​ទីក្រុង​រ៉ូ​ហាន​ ខេត្ត​ហ៏​បេ​ នៃ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ ដោយ​អនុវត្ត​​នូវ​វិធានការ​សាមញ្ញៗ​មាន​ដូច​ខាងក្រោម​នេះ​។​ ប្រសិនបើ​លោក​អ្នក​ មាន​រោគ​សញ្ញា​ដូច​ជា​ គ្រុនក្តៅ​ ក្អក​និង​ពិបាក​ដកដង្ហើម​ ទាំង​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ ឬ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ពី​កន្លែង​ដែល​បាន​ជម្រាប​ខាងលើ​ សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ (​នៅ​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​បំផុត​ភ្លាម​)​ និង​ប្រាប់​ព័ត៌មាន​ដល់​គ្រូពេទ្យ​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ និង​រោគ​សញ្ញា​របស់​លោក​អ្នក​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ថា​៖​ ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្ការ​ការ​ចម្លងជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ខាងលើ​ដែល​បាន​រក​ឃើញ​មាន​មួយ​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ដោយ​អនុវត្ត​នូវ​វិធានការ​ដូច​តទៅ​ ៖
១.​ ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រ​ច​ ឬ​អ្នកជំងឺ​ដែល​សង្ស័យ​។​
២.​ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ (​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាត​)​ ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ដោយ​​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ ឬ​បរិស្ថាន​ជុំវិញ​គាត់​។​
៣.​ ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ ឬ​ទៅ​ទីផ្សារ​ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់​ ឬ​សត្វព្រៃ​ ឬ​កន្លែង​ដែល​​គេ​ដឹង​ថា​មាន​វីរុស​កំពុង​ចរាចរ​។​ ចាំបាច់​ ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល​ និង​ទូ​ន្ទា​ប់​ពី​ទាល់​​សត្វ​ ឬ​វត្ថុ​ផ្សេងៗ​ ដែល​អាច​ជា​ប្រភព​ចម្លងរោគ​។​

៤.​ ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្តន៍​អនាម័យ​ស្អាត​ និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ​ ដូច​ជា​ ពិសារ​អាហារ​​ដែល​ចំអិន​ឆ្អិន​ល្អ​ ជា​ពិសេស​ សាច់​ និង​ស៊ុត​។​

៥.​ អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅ​ពេល​ក្អក​ឬ​កណ្តាស់​ ដោយ​កន្សែង​​ក្រ​ម៉ា​ ឬ​ក្រដាស​ជូត​មាត់​។​

៧.​ ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត​ និង​អនាម័យ​ផ្លូវដង្ហើម​ (​ខ្ទប់មាត់​និង​ច្រមុះ​នៅ​ពេល​ក្អក​ឬក​​ណ្តា​ស់​,​ លាងដៃ​បន្ទាប់​ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម​ និង​រក្សា​ចម្ងាយ​ច្រើន​ជាង​១​ម៉ែត្រ​ពី​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម​ស្រេច​ស្រាវ​ ជាដើម​)​។​

៨.​ បុគ្គលិក​សុខាភិបាល​ដែល​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការណ៍​បង្ការ​ការ​ចម្លង​រោគ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល​ ដើម្បី​ជៀសវាង​​ការ​ឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។​

៩.​ ប្រសិនបើ​មាន​សង្ស័យ​ថា​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ ដោយ​មាន​រោគ​សញ្ញា​ដូច​ជា​ គ្រុនក្តៅ​លើស​ពី​ ៣៨​ អង្សា​សេ​ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម​ ក្អក​ ហូរ​សំបោរ​ ឈឺបំពង់ក​ ដង្ហើម​ខ្លី​ និង​ពិបាក​ដកដង្ហើម​ និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ ក្នុង​អំឡុង​១៤​ថ្ងៃមុន​ចេញ​រោគ​សញ្ញា​ ឬ​ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​មិនដឹង​អំពី​អត្តសញ្ញាណ​(​ប្រភេទ​មេរោគ​)​ច្បាស់លាស់​ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ១១៥​ ។​

​ក្រសួងសុខាភិបាល​ បន្ត​ការ​ស្រាវជ្រាវ​ករ​ជា​ជំងឺ​លើ​នេះ​ ជា​បន្ត​ទៀត​ និង​បន្ត​ធ្វើការ​ជូន​ដំលឹង​ដល់​សាធារណជន​ អំពី​ការ​វិវត្តន៍​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ​ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងសុខាភិបាល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ និង​គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ www.cdcroh.gov.kh​ ដែល​គេហទំព័រ​នេះ​មាន​សំភារៈ​អប់រំ​សុខភាព​អំពី​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​តាម​ផ្លូវដង្ហើម​ ដែល​អាច​ទាញ​យក​មក​មើល​បាន​ ។​

​សំរាប់​ព័ត៌មាន​បន្ថែម​៖​ សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥត​គិតថ្លៃ​ 115​ ទោះ​គ្មាន​​ថវិកា​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បាន​ដែរ​ ឬ​ទំនាក់ទំនង​៖​ក្រសួងសុខាភិបាល​
-​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​៖​ ០១២​ ៨២៥​ ៤២៤
-​លោក​វេជ្ជបណ្ឌិត​ យី​ សេង​ខឿន​ ៖​ ០១២​ ៤៨៨​ ៩៨១
-​លោកស្រី​វេជ្ជបណ្ឌិត​ តេ​ង​ ស្រី​៖​ ០១២​ ៨៣៦​ ៨៦៨


ចំនួនអ្នកទស្សនា

    20532237

  • ថ្ងៃនេះ9061
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67901
  • ខែនេះ89781
  • ឆ្នាំនេះ89781
  • សរុប20532237