កណ្តាល៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ នគរបាលស្រុកមុខកំពូលបានបន្តស្វែងរកសាកសពនារី២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ខណៈនារីរងគ្រោះទាំង២នាក់ និងមនុស្សជាង១០នាក់ទៀត នាំគ្នាជិះទូកទៅលេងកោះស្នេហានៅក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ត្រូវបាននគរបាលជំនាញរកឃើញហើយ ។
គួររំឮកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នារីរងគ្រោះទាំង២នាក់ រួមទាំងមនុស្សជាង១០នាក់ទៀត បាននាំគ្នាជិះទូកក្នុងគោលបំណងទៅលេងកោះស្នេហា លុះជិះចេញពីច្រាំងចម្ងាយប្រហែលជាង១០ម៉ែត្រទូកក៏បានលិចចូលក្នុងទន្លេរ ធ្វើឲ្យនារីរងគ្រោះទាំង២នាក់បាត់ខ្លួនតែម្ដង មូលហេតុដែលធ្វើឲ្យទូកលិច គឺបណ្ដាលមកពីលើសចំណុះ។ លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានបន្តធ្វើការតាមរក បានប្រទះឃើញសាកសពនារីរងគ្រោះទាំង២នាក់អណ្ដែតលើផ្ទៃទឹកទន្លេរចម្ងាយពីកន្លែងកើតហេតុប្រហែល២៥០ម៉ែត្រ ។
បច្ចុប្បន្ន សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា សាកសពនារីរងគ្រោះឈ្មោះយឿង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រឡុកស្រា មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕