សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ណែនាំ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ ត្រៀមកម្លាំង​ជួយ​ប្រជាពលរដ្ឋ​ អំពី​គ្រោះ​រាំង​ស្ងួត​នា​រដូវប្រាំង​

29-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៥​កើត​ ខែមាឃ​ ឆ្នាំ​ករ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ឯកឧត្តម​នាយ​ឧត្តម​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គ​ស្ន​ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ បាន​ថ្លែង​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ និង​អង្គពិធី​ទាំងមូល​ អំពី​ស្នាដៃ​លេចធ្លោ​របស់​កងកម្លាំង​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស​ ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សង្គម​ ព្រមទាំង​ការងារ​សង្គ្រោះ​ និង​កិច្ចការ​មនុស្សធម៌​ជា​ច្រើន​ជូន​សង្គម​ជាតិ​។​

​បន្ទាប់​មក​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រហូត​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជា​ច្រើន​ ទោះបីជា​មិន​បាន​ល្អ​ឥត​ខ្ចោះ​ ប៉ុន្តែ​មាន​បញ្ហា​ធំៗ​ជា​ច្រើន​ដែល​យើង​បាន​រួម​គ្នា​ដោះស្រាយ​ដើម្បី​សុខ​សន្តិភាព​ស្ថេ​រ​ភាព​ជាតិ​ បង្ក​លក្ខណៈសម្បត្តិ​ជូន​ពលរដ្ឋ​រស់នៅ​ប្រកប​របរ​ទទួលទាន​បាន​យ៉ាង​ល្អ​ប្រសើរ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ជាក់ស្ដែង​ការ​កំណត់​លុប​លំ​បាត់​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ទីតាំង​កំសាន្ត​ពេល​រាត្រី​ ពិសេស​ទីតាំង​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ យើង​បាន​ធ្វើ​ឲ្យ​សម្រេច​តាម​បំណង​ ថ្វី​ដ្បិតតែ​ការ​ចែកចាយ​ និង​ប្រើប្រាស់​ទ្រង់ទ្រាយ​តូចៗ​នៅ​មាន​ទៀត​ក៏​ដោយ​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ដាស់តឿន​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហា​គ្រឿងញៀន​នៅ​តាម​ទីតាំង​កំសាន្ត​ពេល​រាត្រី​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ដើម្បី​បំផ្លាញ​សន្តិភាព​ ការ​ប៉ុនប៉ង​ដើម្បី​បំផ្លាញ​ភាព​អនុគ្រោះ​ពន្ធ​ EBA​ ជាដើម​ សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា​ទាំងនេះ​គឺជា​សកម្មភាព​ខុស​ពី​គោលបំណង​ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ដូច្នេះ​សកម្មភាព​នៃ​ផែនការ​អាក្រក់​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ ដោយសារ​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ និង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​យល់​យ៉ាង​ច្បាស់​ពី​ផលវិបាក​នៃ​ការ​បំផ្លាញ​សុខ​សន្តិភាព​ និង​ផលប្រយោជន៍​ជាតិ​។​

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​អ្នកនយោបាយ​ ដែល​មិន​យក​ផលប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ជា​ធំ​ ហើយ​ប្រឹងប្រែង​គៀងគរ​សំឡេង​គាំទ្រ​ពី​ខាងក្រៅ​ និង​ខាងក្នុង​ដើម្បី​បំផ្លាញ​ជាតិ​ គឺ​បាន​ទទួល​បរាជ័យ​ ហើយ​ថា​សម្រាប់​រាជរដ្ឋាភិបាល​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ និង​យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​ខិតខំ​រួម​គ្នា​កសាង​ និង​អភិវឌ្ឍន៍​ជាតិ​ ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​ ដើម្បី​សេចក្ដីសុខ​របស់​ពួក​គាត់​ និង​អនាគត​ដ៏​ត្រចាស់ត្រចង់​របស់​ជាតិ​។​

​ពី​វេទិការ​អធិបតី​នេះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ និង​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ និង​កងកម្លាំង​នគរបាល​ គឺ​បន្ត​រួមចំណែក​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កិច្ចការ​ធំៗ​របស់​ជាតិ​នៅ​ឆ្នាំ​២០២០​បន្ត​ទៀត​ ដូច​យ៉ា​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ី​អឺរ៉ុប​ ដែល​មាន​វត្តមាន​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​រូប​ចូលរួម​នៅ​រាជធានី​ភ្នំពេញ​។​

​សម្ដេច​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ទិស​ដៅ​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ​អគ្គស្នងការ​នគរបាល​ជាតិ​ ដោយ​សម្ដេច​បាន​ប្រកាស​ផ្ដល់​គាំទ្រ​ និង​ជួយ​ជ្រោមជ្រែង​គ្រប់​លទ្ធភាព​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ ស្នងការដ្ឋាន​នគរបាល​ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ​ នៅ​ទូ​ទាំង​ប្រទេស​ អាច​រួម​គ្នា​ធ្វើ​សកម្មភាព​បាន​ល្អ​ប្រសើរ​ទៅ​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​រថយន្ត​ជូន​នៅ​ថ្ងៃនេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ការ​គាំទ្រ​ ហើយ​សម្ដេច​សូម​ប្ដេជ្ញា​ថា​នឹង​បង្កើន​ការ​ផ្ដល់​ជូន​រថយន្ត​នេះ​ឲ្យ​បាន​គ្រប់​ក្រុង​ស្រុក​ខណ្ឌ​ទូ​ទាំង​ប្រទេស​ ដោយ​លើក​ក្រោយ​នេះ​ គឺ​អាច​៣​ទៅ​៤​ខែ​ខាង​មុខ​ នឹង​មានការ​ប្រគល់​ជូន​៥០​គ្រឿង​ទៀត​ ហើយ​នៅ​ឆ្នាំ​២០២០​នេះ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១០០​គ្រឿង​ ឆ្នាំ​២០២១​បំពាក់​បន្ថែម​១០០​គ្រឿង​ទៀត​ ដើម្បី​ឲ្យ​បាន​ដល់​គ្រប់​អធិការដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​តែ​ម្ដង​។​

​នា​ឱកាស​នោះ​ដែរ​ សម្ដេច​បាន​បង្ហាញ​ទឹកចិត្ត​កោតសរសើរ​ជា​ពន់ពេក​ ចំពោះ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ថ្នាក់​ក្រោម​ ពិសេស​នៅ​តាម​បណ្ដា​ភូមិ​ឃុំ​នា​ន​ ដែល​បាន​តស៊ូ​ប្រឹងប្រែង​បំពេញការងារ​បំរើ​ជាតិ​ និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​ស្ថានភាព​ ដែល​កន្លង​មក​យើង​មានការ​ខ្វះខាត​ស្ទើ​គ្រប់​ផ្នែក​ដែល​បំរើ​ឲ្យ​ការងារ​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ទីបំផុត​យើង​បាន​រួម​គ្នា​បំពេញ​ការ​រហូត​សម្រេច​បាន​សមិទ្ធផល​ជា​បន្តបន្ទាប់​មក​ដល់​ប​ច្ចប្ប​ន្ន​នេះ​។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​គូសបញ្ជាក់​អំពី​ការ​លើក​សរសើរ​ និង​ការ​ដាក់​ពិន័យ​កងកម្លាំង​ ដើម្បី​ធានា​ថា​នគរបាល​ បាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​ជា​នគរបាល​ និង​ទទួល​បានការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គាត់​។​

​សម្ដេច​បញ្ជាក់​ថា​នគរបាល​បំពេញ​តាម​វិជ្ជាជីវៈ​ជា​នគរបាល​ គឺ​ត្រូវ​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ​ដើម្បី​បំរើ​ជាតិ​ បំរើ​ប្រជាពលរដ្ឋ​ មិនមែន​ដើម្បី​បំរើ​ខ្លួនឯង​បក្ខពួក​ និង​គ្រួសារ​នោះ​ទេ​ មាន​ន័យ​ថា​យើង​មិន​លើកលែង​គ្រប់​បុគ្គល​ណា​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ខុស​ខ្បា​ប់​។​

​ជុំវិញ​ប្រធានបទ​នេះ​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ «​យើង​ជា​នគរបាល​ជាតិ​ ពាក្យ​ថា​នគរបាល​ជាតិ​ គឺ​មិនមែន​ជា​នគរបាល​ក្រុម​ណាមួយ​ឡើយ​ ព្រោះ​នេះ​គឺជា​ការ​ចូលរួម​ចំណែក​ ដើម្បី​កសាង​បរិយាកាស​យុត្តិធម៌​សង្គម​»​។​ ព្រោះតែ​ហេតុ​ដូច្នេះ​ហើយ​សម្ដេច​បាន​ណែនាំ​ថ្នាក់ដឹកនាំ​នគរបាល​ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​ ចំពោះ​ការ​លើក​សរសើរ​មន្ត្រី​ដែល​បាន​បំពេញភារកិច្ច​ល្អ​តាម​រយៈ​ការ​តម្លើង​សក្ដិ​ មិនមែន​ផ្ដល់​ត្រឹម​លិខិត​សរសើរ​នោះ​ទេ​ និង​ត្រូវ​ដាក់ទោស​ ដាក់​ពិន័យ​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​។​

​មុន​នឹង​បញ្ចប់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ណែនាំ​អាជ្ញាធរ​រាជធានី​ខេត្ត​ និង​ថ្នាក់ដឹកនាំ​កង​កងកម្លាំង​ទាំងអស់​ ត្រៀមកម្លាំង​សរុប​ ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្ថានភាព​ដែល​មានការ​ព្យាករណ៍​អំពី​គ្រោះ​រាំង​ស្ងួត​នា​រដូវប្រាំង​ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​សុខភាព​ និង​ចៀសវាង​ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ជុំវិញ​ការ​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​៕


ចំនួនអ្នកទស្សនា

    20532717

  • ថ្ងៃនេះ9541
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68381
  • ខែនេះ90261
  • ឆ្នាំនេះ90261
  • សរុប20532717