សៀមរាប៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យឈ្មោះ សម សិទ្ធ ហៅជុំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើ លួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថានៅចន្លោះ០២នឹង៤០នាទីត្រូវនឹងយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្ទះជួលបន្ទប់ក្នុងភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿងម៉ាក ហ្ស៊ូម័រអិច ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ធំ១M-៣២៨១ លេខតួ+លេខម៉ាស៊ីន ៥១០៣៤៨១ របស់ជនរងគ្រោះឈ្មោះ ឈុយ ឆេងភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅបន្ទប់ជួលទីតាំងកន្លែងកើតហេតុ។
ក្នុងខណៈពេលដែលជនរងគ្រោះឈ្មោះខាងលើបានចតម៉ូតូនេះទុកនៅមុខបន្ទប់ចាក់សោរកម៉ូតូ រួចចូលទៅដេកក្នុងបន្ទប់បាត់។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចយើង ហើយសមត្ថកិច្ចយើងបានចុះស្រាជ្រាវនៅកន្លែងកើតហេតុ ព្រមទាំងបានឆែកកាមេរ៉ាសុវត្ថិភាពក៏កំណត់ស្លាកលេខម៉ូតូនិងភិនភាគជនសង្ស័យដែលជិះធ្វើសកម្មភាពបាន។
លុះនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញជនសង្ស័យដែលយើងកំណត់បានពីកាមេរ៉ាសុវត្ថិភាព ហើយកម្លាំងសមត្ថកិច្ចបាននាំខ្លួនមុខសញ្ញានោះ មានឈ្មោះសម សិទ្ធ ហៅជុំ ព្រមទាំងឆែកឆេរលំនៅដ្ឋានជនសង្ស័យរកឃើញម៉ូតូនិងខោអាវ ដែលជនសង្ស័យស្លៀកធ្វើសកម្មភាពដែលយើងកំណត់បានតាមកាមេរ៉ាសុវត្ថិភាព យកមកធ្វើការសួរនាំជនសង្ស័យនេះបានឆ្លើយសារភាពថា ក្នុងថ្ងៃកើតហេតុ ម៉ូតូរបស់ខ្លួនត្រូវបានក្មួយថ្លៃឈ្មោះ ញ៉ា(មិនស្គាល់ត្រកូល)ប្រហែលជាង២០ឆ្នាំនៅភូមិជុំគ្នា(គេចខ្លួន)ខ្ចីជិះរហូតដល់ម៉ោង០២នឹង២០នាទីរំលងអាធ្រាត្រទើបឈ្មោះញ៉ា យកម៉ូតូមកអោយខ្លួនវិញជាមួយនឹងបក្ខពួករបស់គេម្នាក់ទៀត។
ចំណែកខោអាវដែលសមត្ថកិច្ចដកហូតគឺពិតជាខោអាវ(ដែលកំណត់បានដោយកាមេរ៉ា)របស់ខ្លួន(ឈ្មោះសម សិទ្ធហៅជុំ)ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីនិងបន្តការស៊ើបអង្កេតបន្តទៀតផងដែរ៕