ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបលោក Thomas Hundt អគ្គនាយក និងប្រតិភូនៃក្រុមហ៊ុន Smart Axiata។ សម្រាប់ជំនួបនេះ ក្រុមហ៊ុន Smart Axiata បាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ១០០ ០០០ (មួយរយពាន់) ដុល្លារអាមេរិក ដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឹម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រពីសំណាក់ក្រុមហ៊ុន Smart Axiata ដែលបានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឺមរបស់កុមារនៅកម្ពុជានេះ។ កាយវិការដ៏សប្បុរសនេះ គឺការរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់ការចូលរួមផ្សព្វផ្សាយ និងបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ទឹក-ចិត្តខ្មែរជួយខ្មែរ ឱ្យបានកាន់តែទូលំទូលាយ និងក្លាយជាវប្បធម៌មួយដ៏ប្រពៃ ។ សកម្មភាពនេះក៏បានបង្ហាញផងដែរអំពីការចូលរួមចំណែកនៃវិស័យធុរកិច្ចក្នុងសកម្មភាពសង្គម ជាពិសេស តាមរយៈការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជារាប់លាននាក់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីសវតា និងប្រវត្តិរបស់មន្ទីរពេទ្យគន្ធបុប្ផា និងវីរភាពរបស់លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត Beat Richner ដែលបានខិតខំប្រឹងប្រែង និងលះបង់កំលាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារកម្ពុជា នាពេលកន្លងមក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យ គន្ធបុប្ផា ហើយក្នុងខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចំរើន ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងខិតខំបន្ថែមទៀតក្នុងការបន្តគាំទ្រ និងធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យនេះ ។
លោក Thomas Hundt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក ទទួលប្រតិភូនៃក្រុមហ៊ុន Smart Axiata និងបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។
លោក Thomas Hundt ក៏បានសម្តែងនូវសេចក្តីសោមនស្ស រីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន ។
នៅទីបញ្ចប់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តខិតខំ និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងការរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធ-បុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព ៕