សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ បានដឹកនាំកម្លាំង ស្រាវជ្រាវ និងឃាត់ខ្លួន នារីម្នាក់ ឈ្មោះ កាន់ សុភ័ក្រ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខ០៥ ភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរជាងអ៊ុតសក់ ដែលបានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ Sopheak Love ចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបាន ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពនូវទោសកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច និងបានធ្វើកិច្ចសន្យា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។
បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រៅពីស្ត្រីម្នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចនៃផែនការងារសន្តិសុខ បានឃាត់ខ្លួនអ្នកផ្សេងចំនួនទាំង៣នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាប។
១.ជនសង្ស័យឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ
២. ជនសង្ស័យឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ។
ជនសង្ស័យទាំង២នាក់ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ពួកគេក៏បានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពួកគេទាំង៣នាក់ សារភាពនូវទោសកំហុស និងធ្វើកិច្ចសន្យា ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឲ្យមានការចលាចល ដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង៣នាក់ ត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទាន់រកឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (២០១៩-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានសំណូមពរ និងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់បណ្ដាញសង្គមអោយបានត្រឹមត្រូវ មិនត្រូវបង្ហោះ ឬ ចែកចាយ(share)ព័ត៌មានមិនពិត មិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើអោយប៉ះពាល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលនាំអោយជាអំពើខុសច្បាប់ ៕