សៀមរាប៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលខេត្តសៀមរាបចំនួន២២៥នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តូច សាកល តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកជីក្រែង នាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង/ស្រុក ទាំងប្រាំមួយ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនគណអធិបតី អំពីសកម្មភាពការងាររបស់កងកម្លាំងដែលបានអនុវត្តកន្លងមក។
បន្ទាប់មក លោកវរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិកបានឡើងអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដល់មន្ត្រីនគរបាលខេត្តចំនួន ២៥៥នាក់ ក្នុងនោះមានៈ
- ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន១៩នាក់
- ថ្នាក់អនុសេនីយ៍ឯក ចំនួន៦៧នាក់
- ថ្នាក់អនុសេនីយ៍ទោ ចំនួន៥៣នាក់
- ថ្នាក់អនុសេនីយ៍ត្រី ចំនួន៧២នាក់
- ថ្នាក់ព្រិន្ទបាលឯក ចំនួន១៣នាក់
- ថ្នាក់ព្រិន្ទបាលទោ ចំនួន០១។
ចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើងមានមតិសំណេះសំណាលជាមួយកងកម្លាំងដែលទើបនឹងទទួលតួនាទី និងបំពាក់ឋានន្តរស័ក្តិថ្មីអោយខិតខំយកចិត្តទុកដាក់បំពេញការងារ រក្សាសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ហើយមិនត្រូវយកតួនាទីភារកិច្ចរបស់ខ្លួនទៅប្រព្រឹត្តបទល្មើស ឬគាបសង្កត់ប្រជាពលរដ្ឋ។
ជាពិសេស កងកម្លាំងទាំងអស់ត្រូវស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ហើយត្រូវប្រឆាំងដាច់រាល់ក្រុមអមិត្តដែលមានគំនិតមិនល្អ និងប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ៕