សម្ដេច​ក្រឡាហោម​ ស្នើ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ការងារ​ពាក់ព័ន្ធ​ជនភៀសខ្លួន​ ការ​បណ្ដុះបណ្ដាល​ជំនាញ​

31-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ៦​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០២០​ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ អង្គពិធី​បាន​ស្ដាប់​របាយការណ៍​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដោយ​ឯកឧត្តម​អគ្គនាយក​ បាន​មាន​ប្រសាសន៍​ថា​ក្រោម​ករ​ដឹកនាំ​ និង​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជូន​ជាតិ​ និង​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ បាន​មាន​ប្រសាសន៍​ថា​ អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ពិនិត្យ​កែសម្រួល​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ការងារ​អន្ត​ប្រវេសន៍​ ការងារ​គ្រប់គ្រង​ច្រក​ចេញចូល​ប្រទេស​ គ្រប់គ្រង​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ជនបរទេស​ ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ព្រមទាំង​លើកកម្ពស់​ស្ថាប័ន​ សំដៅ​សម្រេច​បាន​ទស្សនវិស័យ​ រួមចំណែក​ការពារ​បូរណភាព​ទឹកដី​ អធិបតេយ្យភាព​ជាតិ​ សន្តិសុខ​ សុវត្ថិភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ជាតិ​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ ដោយ​សម្ដេច​បាន​បង្ហាញ​ជំនឿ​ថា​ ឆ្លង​តាម​រយៈ​សន្និបាត​នេះ​ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ស្នងការ​ ស្នងការ​រង​ និង​នាយការិយាល័យ​ជំនាញ​រាជធានី​ខេត្ត​ នឹង​ពិនិត្យ​ឃើញ​ចំណុចខ្លាំង​ ចំណុចខ្សោយ​ ព្រមទាំង​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ភារកិច្ច​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​ ហើយ​នាំ​គ្នា​ខិតខំ​បន្ត​ទៀត​ដើម្បី​លើកកម្ពស់​ការងារ​អន្តោប្រវេសន៍​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​សម្ដេច​ក្រឡាហោម​បាន​មាន​ប្រសាសន៍​ថា​ការងារ​អន្តោប្រវេសន៍​ ជា​ការងារ​មួយ​ស្ថិត​ក្នុង​ចំណោម​កិច្ចការ​សំខាន់ៗ​របស់​ជាតិ​ ហើយ​ការងារ​នេះ​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​រក្សា​ការពារ​សន្តិសុខ​ជាតិ​ និង​សុវត្ថិភាព​សង្គម​ ដែល​ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​ទទួលខុសត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល​ និង​ប្រទេស​ជាតិ​ទាំងមូល​ ខណៈ​ការងារ​អន្តោប្រវេសន៍​នេះ​ ក៏​មាន​ឥទ្ធិ​ល​ពល​ដល់​ការ​អនុវត្ត​គោលនយោបាយ​សំខាន់ៗ​របស់​ប្រទេស​ជាតិ​ដែរ​ ដូច​ជា​គោលនយោបាយ​ការ​បរទេស​ គោលនយោបាយ​ទាក់ទាញ​ទេសចរណ៍​ ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ជាដើម​។​ ព្រោះតែ​ហេតុ​ដូច​បាន​បញ្ជាក់​នេះ​ហើយ​ទើប​សម្ដេច​ បាន​សង្កត់ធ្ងន់​ថា​ជា​និច្ច​ជា​កាល​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ពិសេស​សម្ដេច​ផ្ទាល់​ តែងតែ​តាមដាន​ និង​លើកទឹកចិត្ត​ ដើម្បី​ចង្អុល​ដឹកនាំ​ដល់​ការងារ​នេះ​។​

​សម្ដេច​បាន​បន្ថែម​ថា​រហូត​ដល់​បច្ចុប្បន្ន​ សភាពការណ៍​ពិភពលោក​ គ្មាន​ប្រទេស​ណាមួយ​អាច​ស្ថិត​នៅ​តែឯង​ ឬ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​ប្រទេស​ណាមួយ​ដែល​គ្មាន​ជនបរទេស​ចេញចូល​ និង​ស្នាក់​នៅ​នៅះ​ដែរ​ ដោយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ចំនួន​ជនបរទេស​ចេញចូល​ប្រទេស​បាន​កើន​ឡើងជា​លំដាប់​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ប្រវត្តិសាស្ត្រ​កម្ពុជា​ បាន​បង្ហាញ​ថា​ជនបរទេស​បាន​ចូល​ប្រទេស​កម្ពុជា​កើនឡើង​ច្រើន​កាលពី​អំឡុង​ទស្ស​វត្ស​ឆ្នាំ​៥០​ និង​៦០​ និង​ថមថយ​ទៅ​វិញ​ដោយសារ​សង្គ្រាម​ និង​របប​ប្រល័យពូជសាសន៍​ ហើយ​បន្ទាប់​មក​ ក៏​មានការ​វិល​មក​វិញ​នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​។​ នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​ បាន​ទទួល​ជនបរទេស​ពិសេស​ភ្ញៀវ​ទេសចរណ៍​ សរុប​ប្រមាណ​៦​លាន​៣​សែន​នាក់​ ក្នុង​កំណើន​ជាង​៦​ភាគរយ​ ទោះបី​សភាពការណ៍​សន្តិសុខ​ពិភពលោក​មាន​ភាព​ស្មុគស្មាញ​ និង​ជះ​ឥទ្ធិពល​ដល់​អ្នកដំណើរ​អន្តរជាតិ​ក៏​ដោយ​។​

​សម្ដេច​បាន​បន្ថែម​ទៀត​ថា​ក្នុង​ចំណោម​ជនបរទេស​ជាង​៦​លាន​នាក់​នោះ​ ជនបរទេស​ជា​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់​ចុះ​បន្តិច​ ប៉ុន្តែ​ចំនួន​អ្នក​វិនិយោគ​ និង​ស្វែងរក​ការងារ​ធ្វើ​ពី​បរទេស​មានការ​កើនឡើង​ ខណៈ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​នៅ​តែ​បន្ត​កើនឡើង​ ដែល​បង្ហាញ​ថា​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តែ​មានការ​កើនឡើង​ល្អ​ប្រសើរ​។​ ដោយឡែក​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​អាជ្ញាធរ​បរទេស​បញ្ជូន​មក​វិញ​ ក៏​មានការ​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​២០១៩​ ដោយសារ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ហា​នី​ភ័យ​នៃ​ការ​ចេញ​ទៅ​ធ្វើការ​ខុសច្បាប់​ និង​ជំរុញ​ការ​ចេញ​ទៅ​ក្រៅប្រទេស​ស្របច្បាប់​។​

​ដោយឡែក​ជនបរទេស​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ ត្រូវ​បាន​សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ គូសបញ្ជាក់​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ ក្នុង​នោះ​ក៏​មាន​កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ បាន​ចូលរួម​ទប់ស្កាត់​ បង្ក្រាប​ និង​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ជា​ថ្មី​ម្ដងទៀត​សម្ដេច​បាន​ថ្លែង​ការ​កោតសរសើរ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការងារ​អស់ទាំង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​ទទួលខុសត្រូវ​។​

​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ សម្ដេច​ក៏​បាន​កត់សំគាល់​អំពី​ការ​បញ្ចប់​ជា​មូលដ្ឋាន​ នូវ​ការ​ដោះស្រាយ​បញ្ហា​ជនបរទេស​បែប​អន្តោ​ប្រវេ​សន្ត​ ដែល​មក​តាំង​ទីលំនៅ​រយៈពេល​យូរ​នៅ​កម្ពុជា​ ដោយ​បាន​បូក​សរុប​ និង​បិទ​ឱសានវាទ​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៩​ដោយ​ជោគជ័យ​ ហើយ​បាន​និង​កំពុង​ដោះស្រាយ​ឯកសារ​ផ្សេងៗ​ទៀត​សម្រាប់​ការ​រស់នៅ​ស្របច្បាប់​នៃ​ជនបរទេស​ទាំងនោះ​ និង​ការ​ធានា​បានការ​គ្រប់គ្រង​ និង​ការ​ចេញចូល​ប្រទេស​របស់​អ្នកដំណើរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​។​

​ការងារ​នេះ​សម្ដេច​បាន​កោតសរសើរ​ថា​សមជា​កងកម្លាំង​ជួរ​មុខ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ប៉ុនប៉ង​ជ្រៀតចូល​របស់​មុខសញ្ញា​មិនល្អ​គ្រប់​ប្រភេទ​មក​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ប្រការ​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សន្តិសុខ​ សុវត្ថិភាព​សង្គម​ ប្រឆាំង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​។​

​សម្រាប់​ឆ្នាំ​២០២០​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​សភាពការណ៍​ពិភពលោក​អាច​នឹង​មានការ​ប្រែប្រួល​ពិបាក​ប៉ានស្មាន​ អាស្រ័យ​ដោយ​និន្នាការ​បច្ចុប្បន្ន​មាន​ភាព​ចំរូងចំរាស់​ជា​ច្រើន​រវាង​ប្រទេស​មហាអំណាច​ និង​សម្ព័ន្ធមិត្ត​ធំៗ​ ដែល​នឹង​ធ្វើ​ឱ្យ​អំពើ​ភេ​វរ​កម្ម​កាន់តែ​កើត​មាន​ ធ្វើ​ឲ្យ​មាន​ចលនា​ជនភៀសខ្លួន​។​ យ៉ាងណា​ក៏​ដោយ​រាជរដ្ឋាភិបាល​នូវ​តែ​ប្រកាន់​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​ខ្លួន​ ដូចដែល​បាន​អនុវត្ត​កន្លង​មក​ និង​នៅ​តែ​ចូលរួម​ដើរតួ​នាទី​សំខាន់ៗ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជា​បន្តបន្ទាប់​ទៀត​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ​២០២០​នេះ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​តែ​បន្ត​ផ្ដោត​ការ​យកចិត្តទុកដាក់​ពង្រឹង​ការ​ទប់ស្កាត់​ការ​ជ្រៀតចូល​ពីមុខ​សញ្ញា​គ្រប់​ប្រភេទ​ ដើម្បី​ចូលរួម​ធានា​សន្តិសុខ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ និង​សន្តិសុខ​ជា​ទូទៅ​របស់​ជាតិ​។​ ក្នុង​នាម​ក្រសួងមហាផ្ទៃ​ សម្ដេច​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដូច​ជា​ត្រូវ​បន្ត​ជំរុញ​ដោះស្រាយ​បញ្ហា​អន្តោ​ប្រវេ​សន្ត​នៅ​សេសសល់​ឱ្យ​បាន​ចប់​សព្វគ្រប់​តាម​គោលការណ៍​ដែល​បាន​ដាក់​ចេញ​ និង​ត្រូវ​ចាត់វិធានការ​ច្បាប់​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល​នូវ​ការ​ជ្រៀតចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ដើម្បី​បង្ក​កុំ​ការ​កើត​មាន​បញ្ហា​ប្រ​ឈាម​ជា​ថ្មី​ទៀត​។​

​សម្ដេច​បាន​គូសបញ្ជាក់​ថា​«​យើង​មិន​ត្រូវ​ធ្វេស​ប្រ​ហេ​ស​ហើយ​ទុក​ឱកាស​ឱ្យ​មាន​ជនបរទេស​ខុសច្បាប់​ជ្រៀតចូល​មក​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​បញ្ហា​គឺ​ដដែល​ជា​ដដែល​ ប្រសិនបើ​យើង​បើកចំហរ​ ឬ​ធូររលុង​ឱ្យ​មានការ​ចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​។​ ដូច្នេះ​ជា​គោលការណ៍​ គឺ​យើង​ត្រូវ​ទប់ស្កាត់​ មិន​ថា​ជនបរទេស​ណា​ ឬ​ជនជាតិ​ណា​ទេ​ មិនមែន​ជា​ការ​រើសអើង​ទេ​ ព្រោះ​ប្រទេស​គេ​ក៏​ដូច​គ្នា​ដែរ​ ដើម្បី​ការពារ​ប្រទេស​គេ​ ដែល​តាម​ច្បាប់​គឺ​ត្រូវ​ចាប់​ ហើយ​បណ្ដេញចេញ​»​។​

​សម្ដេច​ក៏​បាន​ជំរុញ​ការ​អនុវត្ត​នីតិវិធី​ផ្ដល់​ឯកសារ​ស្នាក់​នៅ​ស្របច្បាប់​ដល់​ជន​អន្តោ​ប្រវេ​សន្ត​ទៅ​តាម​ច្បាប់​ និង​គោលការណ៍​កំណត់​ ហើយ​សម្រាប់​អ្នក​ដែល​បាន​បង្ហាញ​ឯកសារ​មិន​ប្រក្រតី​ មន្ត្រី​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​។​

​ជាមួយ​គ្នា​នេះ​សម្ដេច​បាន​ណែនាំ​ឲ្យ​ស្នងការដ្ឋាន​រាជធានី​ខេត្ត​គ្រប់គ្រង​ជនបរទេស​គ្រប់​ប្រភេទ​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​ត្រូវ​ពង្រឹងសមត្ថភាព​ និង​តួនាទី​របស់​មន្ត្រី​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ទ្វារ​ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​លំហូរ​ជនបរទេស​ជា​មុខសញ្ញា​ ឬ​ជន​ដែល​ចូល​ក្នុង​បញ្ជីខ្មៅ​។​

​សម្ដេច​ក៏​បាន​បង្ហាញ​ការ​លើកទឹកចិត្ត​មន្ត្រី​ធ្វើការ​តាម​ច្រក​ទ្វារ​ បន្ត​ផ្ដល់​ស្នាមញញឹម​ដល់​ភ្ញៀវ​បរទេស​ និង​បំរើសេវា​ត្រួតពិនិត្យ​ការ​ឆ្លងកាត់​ឱ្យ​បាន​ល្អ​ និង​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​សកម្មភាព​អ្វី​ដែល​មិន​សម​រ្យ​នៅ​តាម​ច្រក​ទ្វារ​ ដែល​ចំណុច​នេះ​ គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​បាន​កាន់តែ​ច្រើន​ ហើយ​តំណាលគ្នា​នេះ​ មន្ត្រី​នគរបាល​ និង​អាជ្ញាធរ​ទាំងអស់​ ត្រូវ​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ និង​ក្ដាប់​ឱ្យ​បាន​នូវ​វត្តមាន​ជនបរទេស​ក្នុង​ប្រទេស​ ដើម្បី​ធានា​ការ​ស្រាវជ្រាវ​ស្វែងរក​នៅ​ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។​

​សម្ដេច​ក៏​បាន​ណែនាំ​អគ្គនាយកដ្ឋាន​បន្ត​ពង្រឹង​ការងារ​អធិការកិច្ច​ជនបរទេស​ដែល​ចូល​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ធានា​ថា​ពួក​គេ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​អន្តោប្រវេសន៍​ និង​ច្បាប់​ស្ដី​ពី​ការងារ​ ម្យ៉ាង​ដើម្បី​រក​ចំណូល​ចូល​ថវិកាជាតិ​ និង​ធានា​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​។​

​សម្ដេច​បាន​បន្ថែម​ថា​«​យើង​ខិតខំ​ធ្វើ​យ៉ាងម៉េច​ ដើម្បី​រៀបចំ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ការ​ផ្ដល់​ទិដ្ឋាការ​ស្នាក់​នៅ​ និង​បណ្ណ​ការងារ​សម្រាប់​ជនបរទេស​ ដើម្បី​យើង​ក្ដាប់​បាន​នូវ​ការងារ​នេះ​ ពីព្រោះ​ច្បាប់​ការងារ​បាន​កំណត់​ចំនួន​ជនបរទេស​ចូល​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ក្នុង​អត្រា​មួយ​ ដើម្បី​ទុក​លទ្ធភាព​ទទួល​បានការ​ងារ​ដល់​ពលរដ្ឋ​យើង​»​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​ស្នើ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ការងារ​ពាក់ព័ន្ធ​ជនភៀសខ្លួន​ ការ​បណ្ដុះបណ្ដាល​ជំនាញ​ និង​ការ​សិក្សា​ស្រាវជ្រាវ​ ពង្រឹង​ការងារ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ បង្កើន​សកម្មភាព​ស្រាវជ្រាវ​បោសសំអាត​ដោះស្រាយ​បាតុភាព​អវិជ្ជមាន​នានា​បង្ក​ឡើង​ជនបរទេស​ ផ្ដល់​ការ​លើកទឹកចិត្ត​មន្ត្រី​ល្អ​ និង​ដាក់​ពិន័យ​ម​មន្ត្រី​ខិលខូច​ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្សេងៗ​ ជាក់ស្ដែង​ដូច​ករណី​វ៉ី​រុស​កូ​រូ​ណា​នា​ពេល​ថ្មីៗ​នេះ​៕


ចំនួនអ្នកទស្សនា

    20527147

  • ថ្ងៃនេះ3971
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62811
  • ខែនេះ84691
  • ឆ្នាំនេះ84691
  • សរុប20527147