សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វេទិកា​ភាព​ជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ លើក​ទី​៤

03-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១០​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯ​ស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វេទិកា​ភាព​ជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ លើក​ទី​៤​ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ បាន​មាន​ប្រសាសន៍​ថា​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួងមហាផ្ទៃ​ និង​ក្នុង​នាម​សម្ដេច​ផ្ទាល់​ សម្ដេច​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​ពី​អង្គ​វេទិកា​ទាំងអស់​ជា​តំណាង​អង្គការ​សមាគម​ តំណាង​ប្រទេស​ជា​ដៃគូ​ និង​តំណាង​អាជ្ញាធរ​មក​ពី​គ្រប់​រាជធានី​ខេត្ត​។​

​សម្ដេច​ក្រឡាហោម​ បាន​រំលឹក​ថា​វេទិកា​ស្ដី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​៣​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ ហើយ​បន្ទាប់​ពី​ពិធី​បើក​វេទ​រិ​កា​លើក​ទី​៤​ នា​ពេល​នេះ​ អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ នឹង​ធ្វើ​សេចក្ដីរាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ចន្លោះ​វេទិកា​លើក​ទី​៣​ និង​ទី​៤​ ដល់​សមាជិក​ សមាជិកា​នៃ​អង្គ​វេទិកា​ទាំងមូល​។​

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ នីតិរដ្ឋ​ កែ​លម្អរ​បរិយាកាស​នយោបាយ​ តាម​រយៈ​ការពិគ្រោះ​យោបល់​ជាមួយ​គ្រប់​តួអង្គ​ក្នុង​ដំណើរ​ដឹកនាំ​ គ្រប់គ្រង​ សេដ្ឋកិច្ច​ និង​សង្គម​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ការ​រីក​ចំរើន​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេល​កន្លង​មក​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​ទុក​ថា​ពិតជា​មានការ​ចូលរួម​ចំណែក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ពិសេស​ដៃគូ​ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​ ទាំង​ក្នុងស្រុក​ និង​បរទេស​ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​ផ្ដល់​សេវា​សង្គម​តាម​មូលដ្ឋាន​ជនបទ​ និង​សហ​គម​ដាច់​ស្រយាល​ ដែល​នៅ​មាន​អត្រា​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្ពស់​។​

​សម្ដេច​បាន​បន្ថែម​ថា​សង្គម​ស៊ី​វិល​ ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​វិស័យ​កំណែទម្រង់​រដ្ឋ​ ដូច​ជា​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ សិទ្ធិ​មនុស្ស​ ប្រព័ន្ធ​យុត្តិធម៌​ ការ​អប់រំ​ សុខភាព​ ធនធានធម្មជាតិ​ និង​បរិស្ថាន​ជាដើម​។​ គិត​ត្រឹម​ដំណាច់​ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ មាន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​បាន​តម្កល់​សំណុំ​ឯកសារ​ និង​ចុះបញ្ជី​សរុប​៥៥៦៤​ ក្នុង​នោះ​សមាគម​ជាង​២២០០​ និង​អង្គការ​ជាង​៣១០០​អង្គការ​។​

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ចាប់តាំងពី​បង្កើត​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មក​ មាន​សមាគម​ និង​អង្គការ​ជា​ច្រើ​បាន​ចុះបញ្ជី​តាម​ច្បាប់​ និង​បង្កើត​ឡើងជា​បន្តបន្ទាប់​ ជាក់ស្ដែង​មក​ដល់​បច្ចុប្បន្ន​នេះ​ ក្នុង​មួយ​ខែ​មាន​សមាគម​ ឬ​អង្គការ​បាន​ចុះបញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ​ប្រហែល​២០​អង្គការ​ ឬ​សមាគម​ ហើយ​ទន្ទឹម​នឹង​នេះ​ រដ្ឋបាល​រាជធានី​ខេត្ត​ ក៏​បាន​រៀបចំ​វេទិកា​សង្គម​ស៊ី​វិល​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​២​លើក​ដែរ​ក្នុង​ឆ្នាំ​២០១៩​។​

​ដោយឡែក​ក្រសួងមហាផ្ទៃ​ ក៏​បាន​ពិនិត្យ​ឃើញ​ថា​ការ​ធ្វើ​សកម្មភាព​របស់​សង្គម​ស៊ី​វិល​ក្នុង​ឆ្នាំ​២០១៩​ មិន​មានការ​រឹតត្បិត​នោះ​ឡើយ​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មានការ​យល់​ដឹង​ច្រើន​ និង​ផ្ដល់​កិច្ចសហការ​បាន​ទូលំទូលាយ​ច្រើន​។​ ជាក់ស្ដែង​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៩​ ក្រសួងមហាផ្ទៃ​បាន​ទទួល​សេចក្ដីរាយការណ៍​តែ​២​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ក្រុមការងារ​ក្រសួង​បាន​ជួយ​សម្របសម្រួល​ និង​ដោះស្រាយ​បញ្ហា​នោះ​ចប់​ជា​ស្ថាពរ​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​មាន​ប្រសាសន៍​បង្ហាញ​ក្ដី​ច​ម្ង​ល់​ ចំពោះ​សង្គម​ស៊ី​វិល​ខ្លះ​ដែល​មាន​ជំនាញ​តែ​ខាង​បូក​សរុប​បញ្ហា​យក​ទៅ​ផ្សព្វផ្សាយ​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​អំពី​បញ្ហា​ទាំងនោះ​មក​ក្រុមការងារ​ក្រសួងមហាផ្ទៃ​ដើម្បី​សហការ​ដោះស្រាយ​ឡើយ​។​ សម្ដេច​ចាត់​ទុក​ថា​នេះ​គឺជា​ការ​លាក់​ព័ត៌មាន​ ហើយ​ទំនាក់ទំនង​នេះ​វា​ហាក់ដូចជា​មិន​មាន​តម្លាភាព​ និង​ផ្ទុយ​ពី​ការ​កសាង​ភាព​ជា​ដៃគូ​។​ ដូច្នេះ​សម្ដេច​សូម​ប្រកាស​ស្វាគមន៍​ការ​អនុវត្ត​យន្តការ​សហការ​ចែករំលែក​ព័ត៌មាន​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ មាន​មតិ​ខ្លះ​បាន​ស្នើ​មក​ក្រសួងមហាផ្ទៃ​ ឬ​តំណាង​រាជរដ្ឋាភិបាល​ សុំ​អញ្ជើញ​តែ​ក្រុម​សង្គម​ស៊ី​វិល​ផ្នែក​តស៊ូ​មតិ​បាន​ហើយ​សម្រាប​ការ​ប្រជុំ​ ឬ​វេទិការ​ពាក់ព័ន្ធ​។​ ដោយឡែក​អង្គការ​មិនមែន​តស៊ូ​មតិ​មិន​ចាំបាច់​នោះ​ទេ​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ការ​ធ្វើ​យ៉ាង​ដូច្នេះ​គឺជា​រឿង​ខុសឆ្គង​ ព្រោះ​នេះ​គឺជា​ការ​បិទ​សិទ្ធិ​សេរីភាព​ម្ខាង​ បើក​ឱ្យ​ម្ខាង​ ដែល​ផ្ទុយ​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ​ និង​សេរី​ពហុបក្ស​។​

​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ពេល​នេះ​ បញ្ហា​គឺ​នៅ​ត្រង់​ថា​ភាគី​ខាង​ក្រុម​សង្គម​ស៊ី​វិល​ មិន​ទាន់​មានការ​ឯកភាព​គ្នា​។​ សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អង្គការ​ទាំងនោះ​ ចងក្រង​គ្នា​ដើម្បី​បង្កើត​ការ​សម្រុះសម្រួល​មតិ​គ្នា​ជា​មុន​សិន​ ចាំ​មក​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​ ពោល​គឹ​មិន​អាច​គ្នា​ឯង​មិន​ត្រូវ​ ហើយ​មក​ទាញ​ ឬ​បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​គាំទ្រ​ម្ខាង​ អត់​ម្ខាង​នោះ​ទេ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ ក៏​បាន​បង្ហាញ​ការ​ស្វាគមន៍​ និង​ត្រៀម​ទទួលយក​ដំណើរ​ធ្វើ​វិសោធនកម្ម​ចំនួន​១៥​មាត្រា​ ដែល​បាន​ស្នើ​ឡើង​ដោយ​សង្គម​ស៊ី​វិល​ ហើយ​បាន​ចាត់តាំង​ឱ្យ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​សំណើរ​ តាម​រយៈ​ការ​សិក្សា​ ការពិគ្រោះ​យោបល់​ និង​តស៊ូ​មតិ​ ដោយ​បាន​រៀបចំ​កិច្ចប្រជុំ​៣​លើក​ ឯកភាព​គ្នា​៥​មាត្រា​។​

​ពាក់ព័ន្ធ​នឹង​វេទិកា​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​នា​ថ្ងៃនេះ​ មក​សម្ដេច​ក្រឡាហោម​បាន​អំពាវនាវ​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បន្ត​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ និង​បទដ្ឋាន​ពាក់ព័ន្ធ​ ចៀសវាង​ជា​ដាច់ខាត​ការ​ជាប់​ពាក់ព័ន្ធ​បទល្មើស​លាង​សំអាត​ប្រាក់​ ហិរញ្ញប្បទាន​ខុសច្បាប់​ ចូលរួម​ជំរុញ​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ក្នុង​សង្គម​ និង​គាំទ្រ​កំណែទម្រង់​រាជរដ្ឋាភិបាល​។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​ក៏​បាន​ណែនាំ​រដ្ឋបាល​រាជធានី​ខេត្ត​បន្ត​ផ្ដល់​កា​រស​ម្រួ​ប​សម្រួលការ​ធ្វើ​សកម្មភាព​ដោយ​សេរី​ និង​ស្រប​តាម​ច្បាប់​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​មូលដ្ឋាន​របស់​ខ្លួន​ បន្ត​រៀបចំ​វេទិកា​នេះ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ​ជាមួយ​សង្គម​ស៊ី​វិល​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ណែនាំ​រដ្ឋបាល​ក្រុង​ស្រុក​រៀបចំ​កិច្ចប្រជុំ​២​ដង​ជាមួយ​សហគមន៍​មូលដ្ឋាន​នានា​ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ៕


ចំនួនអ្នកទស្សនា

    20527417

  • ថ្ងៃនេះ4241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63081
  • ខែនេះ84961
  • ឆ្នាំនេះ84961
  • សរុប20527417