សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ចែករំលែក​នូវ​ទស្សនៈ​មួយ​ចំនួន​ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​

04-February-2020 | ដោយ ពលមនសិការ

​កូរ៉េ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ (World​ Summit​ 2020​ Assembly,​ Seoul​ Korea)​ នៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​កិច្ចប្រជុំ​នេះ​ គឺ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយករ​ដ្ឍ​មន្ត្រី​ មាន​សេចក្តី​រីករាយ​ក្រៃ​លែង​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​កិច្ចប្រជុំ​កំពូល​ពិភពលោក​គម្រប់​ខួប​១០០​ឆ្នាំ​ និង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​សម្រាប់​សន្តិភាព​។​ សម្ដេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​កូរ៉េ​និង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ (UPF)​ ដែល​បាន​ផ្ដល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​សម្ដេច​ និង​គណៈប្រតិភូ​កម្ពុជា​។​

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​កំពូល​ពិភពលោក​នេះ​ គឺជា​វេទិកា​ដ៏​សំខាន់​ដែល​បង្កើត​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋាភិបាល​ និង​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ពិភាក្សា​និង​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់​ និង​សកល​ដើម្បី​ចូលរួម​ចំណែក​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​របស់​យើង​ សំដៅ​រក្សា​សន្តិភាព​ សន្តិសុខ​ និង​ចីរភាព​នៃ​ការ​អភិវឌ្ឍន៍​មនុស្សជាតិ​សម្រាប់​ពិភពលោក​។​

​សម្តេច​តេ​ជោ​បន្ត​ទៀត​ថា​ តាម​រយៈ​ប្រធានបទ​នៃ​វេទិកា​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​ស្រប​ពេល​ដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ និង​គំរាម​ដល់​សន្តិភាព​ កំណើនសេដ្ឋកិច្ច​ វិបុលភាព​ និង​ភាព​សុខដុមរមនា​របស់​ប្រជាជន​ក្នុង​សកលលោក​។​ សន្តិភាព​គឺជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​។​ ប៉ុន្តែ​សន្តិភាព​សាកល​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​ភាព​ផុយ​ស្រួយ​ដោយសារ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ក្រប​ខណ្ឌ​ពហុ​ប៉ូ​ល​ ការ​ប្រកួតប្រជែង​ផលប្រយោជន៍​ និង​ការ​កែតម្រូវ​តុល្យភាព​នៃ​អំណាច​សកល​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែង​បន្ត​ទៀត​ថា​ សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ និង​វិបត្តិ​វិនាសកម្ម​ជា​ច្រើន​ កម្ពុជា​យល់​ឃើញ​ថា​ សន្តិភាព​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។​ អ្វី​គ្រប់យ៉ាង​ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មកនេះ​ទាំង​ការ​អភិវឌ្ឍ​ និង​វិបុលភាព​ គឺជា​ផ្លែផ្កា​នៃ​សន្តិភាព​។​ ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​បាន​យល់​ច្បាស់​ថា​ ការ​បន្ត​រក្សា​បាន​នូវ​សន្តិភាព​ គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ផ្ដល់​ឱកាស​ស្មើគ្នា​ជូន​ប្រជាជន​គ្រប់​រូប​នូវ​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ដូច​ជា​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​ក្លាយទៅជា​ធនធាន​ដែល​មាន​សក្តានុពល​មិន​ចេះ​រីងស្ងួត​។​ ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​ បន្ត​ថា​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​១៩៩៨​មក​ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្ដោត​យកចិត្តទុកដាក់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដោយ​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បងៗ​ទាំង​បួន​។​ ឈរ​លើ​មូលដ្ឋាន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​ សំដៅ​ពង្រឹងគុណភាព​ និង​ពង្រីក​សេវា​អប់រំ​ដើម្បី​ទទួល​បាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សម្រាប់​គាំទ្រ​ការ​សម្រេចចិត្ត​នៅ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​កម្ពុជា​។​ រាជរដ្ឋាភិបាល​នឹង​បន្ត​ចាត់​ទុក​វិស័យ​អប់​រំជា​វិស័យ​ដែល​មាន​អាទិភាព​ខ្ពស់​ហើយនឹង​បន្ត​បង្កើន​ថវិកា​ចំណាយ​ជូន​ដល់​វិស័យ​នេះ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​។​ ថវិការ​ចំណាយ​នេះ​ គឺ​ផ្ដោត​ទៅ​លើ​ការ​សាងសង់​សាលារៀន​ ដំណើរការ​សាលារៀន​ ការ​ពង្រឹងគុណភាព​នៃ​ការ​ប្រឡង​នៅ​គ្រប់​កម្រិត​ ការ​ពង្រឹងគុណភាព​សាលារៀន​ជំនាន់​ថ្មី​ ការ​ពង្រឹង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ការ​ស្រាវជ្រាវ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត​ បច្ចេកទេស​ វិស្វកម្ម​ និង​គណិត​វិទ្យា​ និង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ​គ្រប់​កម្រិត​។​

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​រាជរដ្ឋាភិបាល​ នឹង​បន្ត​ពង្រឹង​ និង​អភិវឌ្ឍ​កម្រិត​ឧត្ដម​សិក្សា​ឲ្យ​ឆ្ពោះទៅ​រក​ការ​ស្រាវជ្រាវ​ និង​នាវា​នុ​វត្ត​ដើម្បី​ពង្រឹងសមត្ថភាព​ និង​ជំនាញ​របស់​ធនធានមនុស្ស​នៅ​កម្ពុជា​ឲ្យ​សម​ស្រប​ទៅ​នឹង​បរិបទ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ ជា​ពិសេស​ការ​ពង្រឹង​សហគ្រិនភាព​ក្នុង​ការ​រៀបចំ​ម៉ូ​ដែល​ធុរកិច្ច​ថ្មីៗ​ និង​ ដើម្បី​ចាប់​យក​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​កំពុង​ផុសផុល​ឡើង​។​

​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ជាក់ស្ដែង​នេះ​ និង​ក្នុង​នាម​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ផ្ទាល់​ និង​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​តូច​មួយ​នេះ​ ការ​កសាង​ និង​ថែរក្សា​សន្តិភាព​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ហើយ​សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ការ​ពង្រឹង​សន្តិសុខ​ និង​ អភិវឌ្ឍន៍​មនុស្សជាតិ​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចែករំលែក​នូវ​ទស្សនៈ​មួយ​ចំនួន​ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដូច​ខាងក្រោម​៖

១)​បន្ត​លើកកម្ពស់​ប្រព័ន្ធ​ពហុភាគី​និយម​ និង​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​បទបញ្ញត្តិ​សំដៅ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិភាព​ សន្តិសុខ​ សុវត្ថិភាព​ និង​ ស្ថេ​រ​ភាព​យ៉ាង​ពេញលេញ​តាម​រយៈ​ការ​ជំរុញ​លើកកម្ពស់​កិច្ច​សន្ទនា​ជិត​ស្និទ្ធ​ ការ​កសាង​ទំនុកចិត្ត​ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​តំបន់​ដោយ​សន្តិវិធី​និង​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​។​

២)​ជំរុញ​វប្បធម៌​សន្ទនា​អន្តរ​ជំនឿ​ ដើម្បី​កសាង​ការ​យល់​ដឹង​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​គោរព​គ្នា​ ការ​ជឿ​ទុកចិត្ត​គ្នា​ ការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ព្រោះថា​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ខាងក្រៅ​តែងតែ​នាំ​មក​នូវ​វិនាស​និង​មហន្តរាយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ​។​

៣)​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​ជំរុញ​សកលភាវូបនីយកម្ម​ ត្រូវ​ធានា​ថា​យន្តការ​កិច្ច​សហប្រតិបត្តិការ​រក្សា​បាន​នូវ​ស្មារតី​បើកចំហរ​ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ជា​ពិសេស​ការ​ព​ន្លឿ​ន​កា​រត​ភ្ជាប់​រវាង​សង្គម​ និង​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​ និង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។​

៤)​ជំរុញ​ការ​អភិវឌ្ឍ​ តាម​រយៈ​អភិក្រម​ក្នុង​ការ​កំណត់​កត្តា​មនុស្ស​ជា​ស្នូល​ ជា​ពិសេស​ចំពោះ​កិច្ចការ​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​សុខមាលភាព​សង្គម​ដូច​ជា​ការ​ពង្រឹងគុណភាព​អប់រំ​ការ​កែ​លម្អ​សុខមាលភាព​ការ​រស់នៅ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ​ឲ្យ​ស្រប​ទៅ​នឹង​កំណើន​ឲ្យ​ស្រប​ទៅ​នឹង​ការ​រីក​ចំរើន​ឆាប់រហ័ស​ និង​ឥត​ឈប់​ឈរ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថា​ កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​នេះ​ នឹង​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​ទៅ​លើ​ស្ថានភាព​ និង​បញ្ហា​ប្រឈម​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​សន្តិភាព​ និង​ការ​អភិវឌ្ឍ​មនុស្សជាតិ​។​

​ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ ថា​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​ ក្រោម​ប្រធានបទ​«​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​»​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ខាង​មុខ​ ក្នុង​គោលបំណង​បង្កើត​ការ​មូលមតិ​គ្នា​ជា​អន្តរជាតិ​ប្រកបដោយ​ថាមពល​ស្ដី​អំពី​សារៈសំខាន់​នៃ​ក្រប​ខណ្ឌ​ពហុភាគី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ និង​ការ​ប្រឈម​របស់​ពិភពលោក​៕

 

ចំនួនអ្នកទស្សនា

    20527497

  • ថ្ងៃនេះ4321
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63161
  • ខែនេះ85041
  • ឆ្នាំនេះ85041
  • សរុប20527497