សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន​

04-February-2020 | ដោយ ពលមនសិការ

កូរ៉េ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ នៅ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ លោកស្រី​ ហាក់​ ចា​ហាន​មូ​ន​ (Hak​ Ja​ Han​ Moon)​ ស្ថាបនិក​អង្គការ​ សហព័ន្ធ​សន្តិភាព​សកល​។​

​ក្នុង​ជំនួប​គ្នា​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​លោកស្រី​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ ទាក់ទិន​ទៅ​នឹង​ប្រធានបទ​ សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​មនុស្ស​ ពិសេស​ទាក់ទិន​ទៅ​និង​បម្រែបម្រួល​អាកាសធាតុ​ និង​ការ​វិវត្តន៍​ថ្មីៗ​ នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​ កូ​រ៉ូ​ណា​វី​រ៉ុ​ស​នៅ​ទីក្រុង​វូ​ហាន​ ប្រទេស​ចិន​ ដែល​ជា​កង្វល់​ពិតប្រាកដ​របស់​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​ និង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​ កូ​រ៉​ណា​វី​រ៉ុ​ស​ គឺ​មិនមែន​តែ​ជា​កង្វល់​របស់​ប្រទេស​ចិន​នោះ​ទេ​ គឺជា​កង្វល់​របស់​យើង​ទាំងអស់​គ្នា​ ពោល​គឺ​យើង​ត្រូវ​រួម​គ្នា​រិះរក​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ និង​មិន​ត្រូវ​បង្ក​នូវ​ការ​ភ័យ​ខ្លាច​សម្រាប់​មនុស្សជាតិ​នោះ​ទេ​។​ សម្តេច​តេ​ជោ​ និង​លោកស្រី​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ ក៏​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ជា​កង្វល់​ពិតប្រាកដ​ក​របស់​សម្តេច​ និង​លោកស្រី​។​

​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ លោកស្រី​ ហាក់​ ចា​ ហាន​មូ​ន​ បាន​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ និង​កោតសរសើរ​ជូន​ ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ នៅ​ទីក្រុង​សេ​អ៊ួ​ល​ សាធារណរដ្ឋ​កូរ៉េ​ ស្រប​ពេល​ នៃ​ការ​ផ្ទុះ​មាន​ឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​ កូ​រ៉ូ​ណា​វី​រ៉ុ​ស​ នៅ​ទីក្រុង​វូ​ហាន​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ទាក់ទិន​ទៅ​នឹង​ប្រសាសន៍​លើក​ឡើង​របស់​លោកស្រី​ ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ សម្តេច​មិន​បាន​ចាត់​ទុក​ថា​ការ​ផ្ទុះ​នៃ​ជំងឺ​ប្រភេទ​ថ្មី​ មិនមែន​ជា​ឧបសគ្គ​សម្រាប់​សម្តេច​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្តេច​មាន​ឆន្ទៈ​ពិតប្រាកដ​ជាមួយ​មេដឹកនាំ​ពិភពលោក​ ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​ ចំពោះ​សន្តិភាព​ សន្តិសុខ​មនុស្សជាតិ​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត​ ដែល​ពិភពលោក​កំពុង​ប្រឈម​ និង​រួម​គ្នា​ដោះស្រាយ​។​

​សម្តេច​តេ​ជោ​បន្ត​ថា​ កាលពី​ឆ្នាំ​២០១៣-២០១៤​ កន្លង​ទៅ​ នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាងជើង​ គំរាម​ធ្វើសង្គ្រាម​មក​លើ​សាធារណរដ្ឋ​កូរ៉េ​ គេ​បាន​ទាមទារ​ឲ្យ​សម្តេច​អន្តរាគមន៍​ជន្លៀស​ជនជាតិ​កម្ពុជា​ នៅ​សាធារណរដ្ឋ​កូរ៉េ​ វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ តែ​សម្តេច​យល់​ពី​អារម្មណ៍​ និង​ភាព​ភ័យ​ខ្លាច​ដែល​ថ្នាក់ដឹកនាំ​ និង​ពី​ប្រជាជន​មួយ​ចំនួន​។​

​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ថ្ងៃស្អែក​ទី​៥​កុម្ភៈ​សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួច​ហើយ​ថា​ សម្តេច​នឹង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន​ ដើម្បី​បង្ហាញ​ពី​ភាព​កក់ក្តៅ​ និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យ​ខ្លាច​ ចំពោះ​ការ​ឆ្លង​រឺ​ការ​កើត​រីក​រាលដាល​ នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉​ណា​វី​រ៉ុ​ស​៕​

 

ចំនួនអ្នកទស្សនា

    20527347

  • ថ្ងៃនេះ4171
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63011
  • ខែនេះ84891
  • ឆ្នាំនេះ84891
  • សរុប20527347