រថយន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ក្រឡាប់​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​២​នាក់​

04-February-2020 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​ ក្រឡាប់​រថយន្ត​ ដែល​កំពុង​ផ្ទុក​បទល្មើស​ព្រៃឈើ​ កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ផ្លូវបំបែក​ចូល​ភូមិ​ដង​ផ្លិត​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៥៤១​ ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆែប​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​

​លោក​វរសេនីយ៍ឯក​ ឈួ​រ​ ម៉ា​ឌី​ អធិការ​នគរបាល​ស្រុក​ឆែប​ ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ថា​ មុន​ពេល​កើត​រថយន្ត​ កើតហេតុ​ខាងលើ​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ចេញពី​ភូមិ​ដង​ផ្លិត​ លុះដល់​ចំណុច​កើតហេតុ​ផ្លូវបត់​ស្តាំ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ ដោយសារ​យក​ចង្កូត​មិន​ទាន់​ក៏​ខ្លាច​មាន​សមត្ថកិច្ច​តាម​ក្រោយ​ក៏​ជ្រុល​ចង្កូត​ ធ្លាក់​ផ្លូវ​ខាងឆ្វេង​ដៃ​បណ្តាល​ឲ្យ​ក្រឡាប់​រេល​ឈើ​សង្កត់​ស្លាប់​ម្នាក់​ និង​រង​របួសធ្ងន់​ស្រាល​២​នាក់​។​

​លោក​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ តេ​ង​ ធូ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ចុង​អង្ក្រង​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​រ៉េ​វ៉ូ​ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​ 2.1969​ ដឹកឈើ​ប្រភេទ​ទ្វា​ចំនួន​១៦​វង់​។​ ដោយឡែក​ អ្នក​រួម​ដំណើរ​មាន​ទី​១.​ឈ្មោះ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​គុណភាព​ ឃុំ​ឆែប​ពីរ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ របួសស្រាល​ និង​ទី​២.​ឈ្មោះ​ ពោ​ អ៊ី​កា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​.​ឃុំ​សាមគ្គី​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​ រង​របួសធ្ងន់​។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​២​នាក់​ ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឆែប​ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ ១៦​ មក​រា​ ខេត្តព្រះវិហារ​ ចំណែក​សាកសព​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តាម​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ខ្សឹប​ប្រាប់​បន្ថែម​ថា​ រថយន្ត​ខាងលើ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ដឹក​បទល្មើស​ព្រៃឈើ​ជា​ប្រចាំ​ តែ​សមត្ថកិច្ច​នៅ​ទីនោះ​ ហាក់បី​សំងំ​ឈឹង​ ជា​ពិសេស​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​តែ​ម្ដង​ ប្រហែលជា​មាន​លាភសក្ការៈ​អស់ហើយ​ក៏​ថា​បាន​៕

 


ចំនួនអ្នកទស្សនា

    20526937

  • ថ្ងៃនេះ3761
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62601
  • ខែនេះ84481
  • ឆ្នាំនេះ84481
  • សរុប20526937