សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ចូល​ជួប​សម្ដែង​ការ​គួរសម​

05-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ពុធ​ ១២​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្តីទី​ បាន​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​.​ជ​ ដឹកនាំ​គណៈប្រតិភូ​នៃ​ក្រុម​ប្រទេស​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ រួម​មាន​ កម្ពុជា​,​ឡាវ​,​មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​ ចូល​ជួប​សម្ដែង​ការ​គួរសម​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម​នេះ​ លោក​ជំទាវ​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ មាន​ប្រសាសន៍​ជម្រាប​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា​ គណៈប្រតិភូ​ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​រយៈពេល​២​ថ្ងៃ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​នៃ​ប្រទេស​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ទាំង​៤​។​

​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​ពលករ​នៃ​ប្រទេស​ទាំង​៤​ កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​ សុទ្ធតែ​មាន​ស្ថានភាព​ប្រឈម​ដូចៗ​គ្នា​ក្នុង​ពេល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ដែល​ជា​ប្រទេស​គោលដៅ​។​ ដូច្នេះ​ប្រទេស​បញ្ជូន​ទាំង​៤​ បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​បទ​ពិសោធន៍​រៀងៗ​ខ្លួន​ ទាំង​ចំណុច​ល្អ​ និង​ចំណុច​ខ្វះខាត​ ដើម្បី​បាន​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​យ៉ាងណា​ឱ្យ​ពលករ​នៃ​ប្រទេស​រៀងៗ​ខ្លួន​ បាន​ចេញ​ទៅ​បំពេញការងារ​ដោយ​ស្របច្បាប់​ ទទួល​បាន​អត្ថប្រយោជន៍​ និង​ការ​ការពារ​ត្រឹមត្រូវ​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​កម្ពុជា​ ប្រទេស​ទាំង​៤​ បាន​រួម​គ្នា​រក​ឃើញ​នូវ​ដំណោះស្រាយ​ជាក់លាក់​ជា​ច្រើន​ ប៉ុន្តែ​លោក​ជំទាវ​បាន​រាយការណ៍​ជូន​សម្ដេច​ថា​យន្តការ​នេះ​ត្រូវការ​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ ទាំង​ការ​ទទួលស្គាល់​បញ្ហា​ដែល​មន្ត្រី​បច្ចេកទេស​បាន​រក​ឃើញ​ និង​ការ​ដាក់​ចេញ​បន្ថែម​នូវ​ដំណោះស្រាយ​ក្នុង​កម្រិត​សេចក្ដីសម្រេច​ផ្នែក​នយោបាយ​ ពីព្រោះ​កន្លង​មក​ប្រទេស​បញ្ជូន​ទាំង​៤​ មាន​តែ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទទួល​ពលករ​ ឬ​ប្រទេស​គោលដៅ​ប៉ុណ្ណោះ​ ពោល​គឺ​មិន​មាន​យន្តការ​ ឬ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ឡើយ​។​

​បន្ទាប់​ពី​បាន​ស្ដាប់​នូវ​សេចក្ដី​គោរព​រាយការណ៍​ ដូចដែល​លោក​ជំទាវ​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​នេះ​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្តីទី​ បាន​មាន​ប្រសាសន៍​ណែនាំ​បន្ថែម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​៤​ប្រទេស​ បន្ត​បង្កើន​ការ​សហការ​គ្នា​ ហើយ​អ្វី​ដែល​បាន​រក​ឃើញ​នោះ​ សម្ដេច​បាន​ជំរុញ​ឱ្យ​បន្ត​ការ​អនុវត្ត​ និង​គួរ​បើកចំហ​រការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ដែល​មាន​បញ្ហា​ប្រហាក់​គ្នា​ ដើម្បី​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ និង​រួម​វិភាគទាន​ជា​គំនិត​ ក្នុង​ការ​បង្កើត​យន្តការ​សហប្រតិបត្តិការ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ៕


ចំនួនអ្នកទស្សនា

    20527527

  • ថ្ងៃនេះ4351
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63191
  • ខែនេះ85071
  • ឆ្នាំនេះ85071
  • សរុប20527527