ឯកអគ្គរដ្ឋទូត​គុយ​បា​៖​ ឆ្នាំ​នេះ​ គឺជា​ឆ្នាំ​ខួប​លើក​ទី​៦០​ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​កម្ពុជា​ និង​គុយ​បា​

06-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក​ជំទាវ​ លី​យ៉ូ​រកា​ រ៉ូ​ឌ្រី​ហ្គេ​ស​ បារី​យ៉ូ​ (Liurka​ Rodriguez​ Barrios)​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​គុយ​បា​ នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​សម្ត​ច​ផ្ទាល់​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​សម្តែង​ការ​អបអរសាទរ​ និង​ស្វាគមន៍​ចំពោះ​លោក​ជំទាវ​ លី​យ៉ូ​រកា​ រ៉ូ​ឌ្រី​ហ្គេ​ស​ បារី​យ៉ូ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​គុយ​បា​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ តាម​រយៈ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​រួមចំណែក​ដល់​ការ​ពង្រឹងពង្រីក​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​ដែល​មាន​តាំងពី​យូ​លង់​ណាស់​មក​ហើយ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។​

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ លី​យ៉ូ​រកា​ រ៉ូ​ឌ្រី​ហ្គេ​ស​ បារី​យ៉ូ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ អនុញ្ញាត​ឱ្យ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ​។​ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ជម្រាប​ថា​ ឆ្នាំ​នេះ​ គឺជា​ឆ្នាំ​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។​ លោក​ជំទាវ​បាន​សន្យា​ថា​ នឹង​រៀបចំ​សកម្មភាព​សំខាន់ៗ​ ឱ្យ​បាន​ច្រើន​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​នេះ​។​

​ជា​ពិសេស​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​អំពី​ ជំនួប​រវាង​លោក​ជំទាវ​ជាមួយនឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​លើក​ឡើង​អំពី​ កម្មវិធី​ និង​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជា​ជ​កម្ពុជា​ ដែល​តែងតែ​គាំទ្រ​ប្រទេស​គុយ​បា​ជា​និច្ច​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​ លោក​ជំទាវ​បាន​អះអាង​ថា​ ក្នុង​អាណត្តិ​បេស​ក​-​ កម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​សភាព​កាន់តែ​សកម្ម​បន្ថែម​ទៀត​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​។​ ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​គុយ​បា​ បាន​បង្កើត​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៦០​ ដោយ​ស្នា​ប្រ​ហស្ត​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ថ្នាក់ដឹកនាំ​គុយ​បា​ជំនាន់​មុន​។​ ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ជា​បន្តបន្ទាប់​ ស្តែង​ឡើង​តាម​រយៈ​នៃ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​ថ្នាក់ដឹកនាំ​ជំនាញ​របស់​ប្រទេស​ទាំង​ពីរ​ ក៏​ដូ​ជា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​មើលឃើញ​អំពី​ ទំនាក់ទំនង​ មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រ​ទស​ទាំង​ពីរ​ មានការ​រីក​ចម្រើន​ជា​លំដាប់​។​ ជាមួយ​គ្នា​នោះ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​គុយ​បា​ ដែល​តែងតែបាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​កាលទេស​ទាំងអស់​ តាំងពី​សម័យ​តស៊ូ​រំដោះជាតិ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ក៏​បាន​ថ្លែង​អំរ​ណ​គុណ​ចំពោះ​ប្រទេស​គុយ​បា​ផង​ដែរ​អំពី​ ការ​ផ្តល់​ជំនួយ​ខាង​វិស័យ​សុខា​ភិ​-​បាល​ កសិកម្ម​ អប់រំ​ ក៏​ដូច​ជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ទៅ​សិក្សា​នៅ​ប្រទេស​គុយ​បា​ និង​ការ​គាំទ្រ​ប្រទេស​កម្ពុជា​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​ (ECOSOC)​ ហើយ​ប្រទេស​កម្ពុជា​ ក៏​បាន​គាំទ្រ​ប្រទេស​គុយ​បា​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ផង​ដែរ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា​ ដូច​អ្វី​ដែល​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​លើក​ហើយ​ថា​ ឆ្នាំ​នេះ​ គឺជា​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដើម្បី​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ​នេះ​។​ ក្នុង​នាម​ព្រឹទ្ធសភា​កម្ពុជា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ និង​គាំទ្រ​ទាំងស្រុង​នូវ​គ្រប់​សកម្មភាព​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នេះ​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​ត្រៀមខ្លួន​ នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ ដើម្បី​រួមចំណែក​ដល់​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​

​ស​ម្តេ​ម​ប្រធាន​ព្រឹទ្ធសភា​ បាន​ជូនពរ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ ឱ្យ​មាន​សុខភាព​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

ចំនួនអ្នកទស្សនា

    20526967

  • ថ្ងៃនេះ3791
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62631
  • ខែនេះ84511
  • ឆ្នាំនេះ84511
  • សរុប20526967