ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​​នឹង​អាជ្ញាធរ​ខេត្តកំពង់ចាម​

06-February-2020 | ដោយ ពលមនសិការ

​កំពង់ចាម​៖​ នា​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ ដឹកនាំ​ដោយ​ឯកឧត្តម​ អ៊ុ​ក​ ប៊ុ​ន​ឈឿ​ន​ ប្រធាន​ក្រុម​ បាន​អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដឹកនាំ​ដោយ​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ចាម​ ដើម្បី​ឈ្វេងយល់​អំពី​ ការ​អភិវឌ្ឍ​ និង​ការ​រីក​ចម្រើន​របស់​ខេត្ត​ ព្រមទាំង​នាំ​យក​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​ឃុំ​ ក្នុងស្រុក​ចំការលើ​ និង​ស្រុក​ស្ទឹង​ត្រង់​ មក​ពិភាក្សា​ និង​រក​ដំណោះស្រាយ​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សំណូមពរ​ និង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ស្នងការ​នគរបាល​ខេត្ត​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ប្រធាន​អង្គភាព​លទ្ធកម្ម​ ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់​ស្ត្រី​ និង​កុមារ​ នាយក​រដ្ឋបាល​សាលាខេត្ត​ ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុ​ក​ ប៊ុ​ន​ឈឿ​ន​ បាន​ជម្រាប​ជូន​អាជ្ញាធរ​ខេត្ត​ថា​ កាលពី​ថ្ងៃ​ទី​០៤​ និង​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ បាន​រៀបចំ​វេទិកា​ថ្នាក់​ស្រុក​ស្តី​ពី​ ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ​ ការ​ផ្តល់​សេវា​សា​ធា​ណៈ​ជូន​ប្រជាពលរដ្ឋ​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ នៅ​ស្រុក​ចំការលើ​ និង​ស្រុក​ស្ទឹង​ត្រង់​។​ អង្គ​វេទិកា​នេះ​ ប្រមូល​បាន​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ឃុំ​ និង​ស្រុក​ ដែល​បាន​លើក​ឡើង​ ហើយ​នាំ​យក​បញ្ហា​ទាំងនេះ​ មក​ជូន​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដើម្បី​ពិភាក្សា​ និង​រក​ដំណោះស្រាយ​។​

​បន្ទាប់​មក​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ បាន​ស្វាគមន៍​ និង​ថ្លែងអំណរគុណ​ដល់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូម​ភាគ​ទី​២​ ដែល​បាន​ចុះ​រៀបចំ​វេទិកា​ ប្រមូល​ព័ត៌មាន​ បញ្ហា​ប្រឈម​ និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​ឃុំ​ ដើម្បី​ជា​ព័ត៌មាន​បន្ថែម​ទៀត​ឱ្យ​ខេត្ត​បន្ត​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា​ បញ្ហា​ប្រឈម​ និង​សំណូមពរ​នានា​ដែល​អង្គ​វេទិកា​បាន​រក​ឃើញ​ អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដោះស្រាយ​បាន​មួយ​ចំនួន​ហើយ​ បញ្ហា​ដែល​នៅ​សេសសល់​ខេត្ត​នឹង​បន្ត​ខិតខំ​ដោះស្រាយ​បន្ថែម​ទៀត​។​ រីឯ​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មិនមែន​ជា​សមត្ថកិច្ច​របស់​ខេត្ត​ ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​រួម​គ្នា​ដោះស្រាយ​។​

​ក្នុង​នាម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ ឯកឧត្តម​ អ៊ុ​ក​ ប៊ុ​ន​ឈឿ​ន​ បាន​ផ្តល់​អនុសាសន៍​ដល់​អាជ្ញាធរ​ខេត្ត​ សូម​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ថ្នាក់​មូលដ្ឋាន​បាន​លើក​ឡើង​ ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ចំពោះ​បញ្ហា​ប្រឈម​ និង​សូម​ណូ​ម​ពរ​នានា​ដែល​អាជ្ញាធរ​ខេត្ត​ពុំ​អាច​ដោះស្រាយ​បាន​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ពាំនាំ​ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ដើម្បី​លើក​ជម្រាប​ដល់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ធ្វើការ​ដោះស្រាយ​៕


ចំនួនអ្នកទស្សនា

    20527657

  • ថ្ងៃនេះ4481
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63321
  • ខែនេះ85201
  • ឆ្នាំនេះ85201
  • សរុប20527657