ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​៖​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ផាសុកភាព​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​

06-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៣​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដី​អំពី​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ប៉ាន់ស្មាន​វាយតម្លៃ​សម្រាប់​ការ​ដេញថ្លៃ​ជា​កញ្ចប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ទីក្រុង​បម្រើ​ឱ្យ​មធ្យោបាយ​សាធារណៈ​ ដែល​សម​ស្រប​សម្រាប់​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ អ្នក​ជំនាញការ​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​ថ្លែង​ក្នុង​ស​ន្ទ​រក​ថា​បើក​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​ការ​បញ្ចប់​គម្រោង​សិក្សា​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ​ (AGT)​ និង​គម្រោង​សិក្សា​ Monorail​ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​ពិនិត្យ​ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ នា​ពេល​សព្វ​ថ្ងៃនេះ​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​តម្រូវការ​ចាំបាច់​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ ឬ​ធ្វើ​ផែនការ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ផាសុកភាព​ ដោយ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ ផ្អែក​លើ​គោលការណ៍​ភាព​ជា​ដៃគូ​រដ្ឋ​និង​ឯកជន​(PPP)​ ឬ​កសាង​ ប្រតិបត្តិ​ ផ្ទេរ​ (BOT)​ ដើម្បី​គាំទ្រ​ដល់​តម្រូវការ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជ​ រដ្ឋធានី​ភ្នំពេញ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អង្គ​សិក្ខាកាម​ទាំងអស់​សួរ​ដេញដោល​ក្រុម​ជំនាញការ​ឱ្យ​បាន​ផុលផុស​ទាក់ទង​នឹង​គម្រោង​សិក្សា​ទាំង​ពីរ​នេះ​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ និង​បទ​ពិសោធន៍​ល្អៗ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ស្ថានទូត​អង់គ្លេស​ ក្រុម​អ្នក​ជំនាញការ​ ក៏​ដូច​ជា​វាគ្មិន​ទាំងអស់​ ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ជាក់ស្តែង​ល្អៗ​ដល់​សិក្ខាកាម​នៅ​ថ្ងៃនេះ​៕

 

ចំនួនអ្នកទស្សនា

    20525127

  • ថ្ងៃនេះ1951
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60791
  • ខែនេះ82671
  • ឆ្នាំនេះ82671
  • សរុប20525127