សៀមរាប៖ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អឹម តុល ហៅក្រៅ ប្រាក់ ឃ្នី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើត ភូមិធ្លោយ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីបទ ឆបោក (ថាត្រូវគេបានចាប់ជំរិត) យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងតាមរយៈការស៊ើបអង្កេតស្រាវជ្រាវ ហើយដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានឱ្យដឹងថាកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ថៃ ជឿយ ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅភូមិឫស្សីឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប បានបញ្ជូនកូនស្រីឈ្មោះ រឺ កញ្ញា អាយុ១៨ឆ្នាំ ឲ្យទៅធ្វើការងារផ្នែកមេផ្ទះ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលរថយន្តក្រុងចេញពីសៀមរាបឆ្ពោះទៅរាជធានីភ្នំពេញ បានស្គាល់មនុស្សប្រុសម្នាក់ឈ្មោះ អឹម តុល អាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដមានស្រុកកំណើតភូមិធ្លោយ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយពួកគេពីរបានទំនងគ្នា។ បន្ទាប់មកជនសង្ស័យឈ្មោះ អឹម តុល ក៏បានព្យាយាមទំនាក់ទំនងឈ្មោះ រឺ កញ្ញា តាមរយៈទូរស័ព្ទរបស់០៨៨ ៦៧៧ ៦៤២០ រហូតបានទៅស្គាល់ដល់ទីលំនៅរឺ កញ្ញា។ ឆ្លៀតឱកាសក្នុងពេលនោះ ជនសង្ស័យក៏បានប្រើល្បិចយកលេខទូរស័ព្ទទំនាក់ទំនងទៅលេខរបស់ឈ្មោះ រី កញ្ញា គឺលេខ០៩៧ ២៨៦៧ ៩០០ ហើយដើរតួរក្លែងជាឪពុកឈ្មោះ ប្រាក់ ដើម្បីនិយាយលួងលោម ថានឹងចូលស្តី រឺ កញ្ញា ក្នុងពេលឆាប់ៗនេះ។
បន្ទាប់មក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏បន្តប្រើល្បិចធ្វើជាឪពុកខ្លួនឯង ទាក់ទងទៅម្ដាយ រឺ កញ្ញា ដោយប្រាប់ថា ម្តាយរបស់ ជនសង្ស័យឈ្មោះអឹម តុល បានគ្រោះថ្នាក់ចរាចរណ៍ ហើយស្លាប់ នៅខេត្តតាកែវ និងសូម អឹម តុល និង រឺ កញ្ញា មកធ្វើបុណ្យសពម្តាយ។ ពេលនោះឈ្មោះ ថៃ ជឿយ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ រឺ កញ្ញា ក៏យល់ព្រមពួកគេទាំងពីរទៅចូលរួមធ្វើបុណ្យ។ នៅ ថ្ងៃ២១ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏បាននាំជនរងគ្រោះឈ្មោះ រឺ កញ្ញា ធ្វើដំណើរទៅប៉ុន្តែមិនបាននាំជនរងគ្រោះទៅខេត្តតាកែវទេ គឺមកដល់ត្រឹមភ្នំពេញវិញ។
លុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ អឹម តុល បានប្រើល្បិចធ្វើជាឪពុក ទំនាក់ទំនងទូរស័ព្ទមកឈ្មោះ ថៃ នឿយ ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះ ហើយប្រាប់ថាកូនរបស់គាត់ អឹម តុល និង រឺ កញ្ញា ត្រូវបានគេចាប់ជំរិតទារប្រាក់៣០០០ដុល្លារជាថ្នូរនៃការដោះលែង។ ប៉ុន្តែខ្លួនមានលុយតែ២០០០ដុល្លារ ហើយសុំអោយម្តាយជនរងគ្រោះ ជួយចេញប្រាក់ចំនួន១០០០ដុល្លារ ដើម្បីបង្គ្រប់ថ្លៃថ្នូរនៃការដោះលែងមកវិញ។ ម្តាយជនរងគ្រោះឈ្មោះ ឈ្មោះ ថៃ ផឿយ ក៏យល់ព្រមរួចក៏វេរប្រាក់ចំនួន៤លានរៀល តាមរយៈវីង ទៅឲ្យឈ្មោះ ប្រាក់ ដែលថាជាឪពុកឈ្មោះ អឹម តុល នោះ ដោយប្រើប្រាស់លេខ០៩០ ៨៥ ២២ ១៦ គឺជាលេខរបស់ជនរងគ្រោះឈ្មោះ រឺ កញ្ញា ។
បន្ទាប់មក ជនសង្ស័យក៏បានទៅដកប្រាក់របស់ម្តាយជនរងគ្រោះដែលបានផ្ញើអោយ។ លុះរំលងបានប្រហែល ៣ទៅ ៤ថ្ងៃក្រោយមក ម្តាយជនរងគ្រោះក៏បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅកូនស្រី ប៉ុន្តែជនសង្ស័យឈ្មោះ អឹម តុល ជាអ្នកទទួល ហើយនិយាយប្រាប់ថា ពួកគេត្រូវបានគេដោះលែងហើយ តែពុំមានប្រាក់ធ្វើដំណើរ។ ពេលបានទទួលដំណឹងនេះភ្លាម ម្តាយជនរងគ្រោះក៏បានផ្ញើចំនួនលុយចំនួន ២០០,០០០រៀលតាមវីងឲ្យពួកគេដើម្បីជាសាហ៊ុយធ្វើដំណើរមកផ្ទះវិញ។ បន្ទាប់មកជនសង្ស័យក៏បានដកប្រាក់ហើយបានទិញសំបុត្រឡានអោយជនរងគ្រោះឈ្មោះ រឺ កញ្ញា ត្រឡប់ទៅផ្ទះវិញ។
ក្រោយមក ជនសង្ស័យឈ្មោះ អឹម តុល បានក្លែងធ្វើជាឪពុករបស់ខ្លួនម្តងទៀត ហើយប្រាប់ម្តាយជនរងគ្រោះថា ក្រោយចប់ពិធីបុណ្យ គាត់នឹងចូលស្តីដណ្តឹងកូនស្រី ប៉ុន្តែពុំឃើញចេះតែស្ងាត់ទៅៗ ទើបឈ្មោះ ថៃ ផឿយ គិតថា អឹម តុល នេះឆបោក ហើយបានដាក់ពាក្យប្តឹងមកសមត្ថកិច្ច។
តាមរយៈការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើទាំងនោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕