សៀមរាប៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣នឹង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលខេត្តសៀមរាបចំនួន១៩៨នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តូច សាកល តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកស្រីស្នំ នាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង/ស្រុក ទាំងប្រាំពីរ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំ បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនគណៈអធិបតី អំពីសកម្មភាពការងាររបស់កងកម្លាំងដែលបានអនុវត្តកន្លងមក។
បន្ទាប់មកលោកវរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិកបានឡើងអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដល់មន្ត្រីនគរបាលខេត្តចំនួន១៩៨នាក់ ស្រី២១នាក់ ក្នុងនោះមានៈ
- ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន៣១នាក់
- ប្រកាសផ្ទេរតែងតាំង និងបំពាក់ឋានន្តរស័ក្តិចំនួន ២៨នាក់
- បំពាក់ឋានន្តរស័ក្តិ ចំនួន ១៣៩នាក់
- ថ្នាក់អនុសេនីយ៍ឯក ចំនួន ៣៦នាក់
- ថ្នាក់អនុសេនីយ៍ទោ ចំនួន ៥៤នាក់
- ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៦៤នាក់
- ថ្នាក់ព្រិន្ទបាលឯក ចំនួន ១០នាក់
- ថ្នាក់ព្រិន្ទបាលទោ ចំនួន ០១នាក់
- ថ្នាក់ព្រិន្ទបាលឯក ចំនួន ០២នាក់ ។
ចុងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើងមានមតិសំណេះសំណាលជាមួយកងកម្លាំងដែលទើបនឹងទទួលតួនាទី និងបំពាក់ឋានន្តរស័ក្តិថ្មីអោយខិតខំយកចិត្តទុកដាក់បំពេញការងារ រក្សាសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ហើយមិនត្រូវយកតួនាទីភារកិច្ចរបស់ខ្លួនទៅប្រព្រឹត្តបទល្មើស ឬគាបសង្កត់ប្រជាពលរដ្ឋ។ ជាពិសេស កងកម្លាំងទាំងអស់ត្រូវស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ហើយត្រូវប្រឆាំងដាច់រាល់ក្រុមអមិត្តដែលមានគំនិតមិនល្អ និងប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
ចុងក្រោយ លោក ហួន ឫទ្ធិ អភិបាលនៃគណអភិបាលស្រុកស្រីស្នំ បានឡើងមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ពិសេសកងកម្លាំងដែលទើបតម្លើងតួនាទី និងបំពាក់ឋានន្តរស័ក្តិថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញ គោរព តួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំបានដាក់អោយ ពិសេសបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាព និងគុណភាពការងារ ៕