បាត់ដំបង៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្នងការនគបាលខេត្តដឹកនាំដោយឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ។
ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញតិ្តដូចរដ្ឋសភា។ បច្ចុប្បន្នព្រឹទ្ធសភាស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានសមាជិកចំនួន៦២រូបក្នុងនោះ ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល។ ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។
លោកជំទាវ ទី បូរ៉ាស៊ី បានបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូ ដែលបំពេញបេសកកម្មនាពេលនេះគឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅតាមសម្ថកិច្ចរបស់គណៈកម្មការពាក់ព័ន្ធកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះមានការងារពាក់ព័ន្ធជនអន្តោប្រវេសន៍ និងជនបរទេស ព្រមទាំងការងារពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយ ឃោសនា និងព័ត៌មាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបអំពីការងារទូទៅក្នុងខេត្ត ការអភិវឌ្ឍវិស័យនានា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោប្រវាសន៍ និងជនបរទេស ការផ្តល់ និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តពេលកន្លងទៅ ដែលបានទទួលលទ្ធផលល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ស្នងការនគបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរព័ត៌មានបានរាយការណ៍យ៉ាងលំអិតអំពីសកម្មភាព លទ្ធផលសម្រេចបាន បញ្ហាប្រឈមនានាដែលបានជួបប្រទះ ព្រមទាំងលើកសំណូមពរមួយចំនួនជូនគណៈកម្មការទី៥ព្រឹទ្ធសភាបានជ្រាប និងជួយសម្រួលដោះស្រាយបញ្ហាប្រឈម។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ លោកជំទាវ ទី បូរ៉ាស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូនដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកជំទាវបានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ ក៏ដូចជាអាជ្ញាធរនៅតាមច្រកទ្វារព្រំដែននីមួយៗ យកចិត្តទុកដាក់ទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ និងជនបរទេស និងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅតាមច្រកទ្វារព្រំដែននីមួយៗជាមួយបប្រទេសជិតខាងឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីបង្កើនលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើង។ ចំពោះបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្តនិងមន្តីរទាំងអស់ដែលបានលើកឡើង គណៈកម្មការទី៥នឹងសិក្សាស្រាវជ្រាវ ហើយរាយការណ៍ជម្រាប់ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។
បន្ទាប់មកនៅថ្ងៃដដែល និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសំឡូត ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងអាជ្ញាធរប្រចាំការនៅតាមច្រកទ្វារតំបន់៤០០ ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី) ច្រកទ្វារតំបន់ព្រំដែនអូរំដួល និងច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីស្វែងយល់អំពីសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែននីមួយៗ សកម្មភាពរបស់ប្រជាជនកម្ពុជា និងជនបរទេសដែលឆ្លងកាត់ច្រកទ្វារព្រំដែននីមួយៗ ព្រមទាំងពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ផងដែរ ៕