សៀមរាប៖ កាលពីថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៤នឹង៣០រសៀល មានករណីអគ្គិភ័យ នៅចំណុច ភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទទួលបន្ទុកបង្ការ និងពន្លត់អគ្គិភ័យបានអោយដឹងថាមានករណីអគ្គិភ័យនៅស្រុកប្រាសាទបាគង បណ្ដាលមកពីសាកទូរស័ព្ទ នឹងអាគុយផ្ទាំងសូឡា ហើយម្ចាស់ទៅមើល សត្វគោដែល ចងចោលនៅឆ្ងាយពីផ្ទះ។ ម្ចាស់ផ្ទះឈ្មោះ សូ ឆន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
បណ្តាលអោយរងការខូចខាតៈឆេះផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រ ១ខ្នង ផ្ទះឈើផ្ទាល់ដី កម្ពស់៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងស្លឹកដូង ឆេះអស់ទាំងស្រុង, ម៉ូតូម៉ាកសង់កូរ៉េ ចំនួន១គ្រឿង, ទូរទស្សន៍ ចំនួន១គ្រឿង, ម៉ាស៊ីនដេខោអាវ ចំនួន១គ្រឿង,ផ្ទាំងសូឡា និងអាគុយចំនួន១ឈុត, ស្រូវចំនួន២២ការ៉ុង, ក្រវិលមាស៧ហ៊ុន, ប្រាក់ខ្មែរ ចំនួន១០ម៉ឺនរៀល,សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី និងសំភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុងហើយភ្លើងរលត់ទៅវិញនៅវេលាម៉ោង១៤នឹង៥០នាទីថ្ងៃខែឆ្នាំដដែល។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមិនអាចទៅជួយអន្តរាគមន៍អោយបានទាន់ពេលវេលាទេ ដោយសារផ្ទះកើតហេតុនៅឆ្ងាយពីទីប្រជុំជន និងមានចម្ងាយផ្លូវប្រមាណ១៥គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទៅកន្លែងកើតហេតុ ហើយស្ថានភាពផ្លូវមិនអំណោយផលដែលពិបាកក្នុងការជួយសង្គ្រោះ ៕