សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​បើក​ការដ្ឋាន​ស្តារ​ និង​សាងសង់​ផ្លូវជាតិ​លេខ​២​ និង​លេខ​២២

13-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៣​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ផាក​ ហ៊ឹង​ឃ្យុ​ង​ (Park​ Heung-Kyeong)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ​ និង​សាងសង់​ផ្លូវ​ លេខ​២​ និង​លេខ​២២​ ប្រវែង​សរុប​ជាង​ ៧២​គីឡូម៉ែត្រ​ ។​

​តាម​របាយការណ៍​របស់​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជូ​ល​បានអោយ​ដឹង​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ គឺ​មាន​ប្រវែង​សរុប​ ៧២.១៧​គីឡូម៉ែត្រ​ គឺ​មាន​កំណាត់​ផ្លូវជាតិ​លេខ​២​ ចាប់ពី​រង្វង់​មូល​តា​ខ្មៅ​ ដល់​អូរ​ចំបក់​ មាន​ប្រវែង​ ៦២.៥៦​គីឡូម៉ែត្រ​ (​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ប្រវែង​ ៥.៤​គីឡូម៉ែត្រ​ ខេត្តកណ្តាល​ ប្រវែង​ ១៤.២១​គីឡូម៉ែត្រ​ និង​ខេត្តតាកែវ​ ប្រវែង​ ៥២.៥៦​គីឡូម៉ែត្រ​)​ និង​ផ្លូវជាតិ​២២​ ពី​អូរ​ចំបក់​ ដល់​អង្គតាសោម​ មាន​ប្រវែង​ ៩.៦១​គីឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ខេត្តតាកែវ​។​ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​ នឹង​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​ AC​ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ៥៦.១​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការ​បោសសម្អាត​គ្រាប់​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​ពន្ធ​អាករ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​សេចក្តី​រីករាយ​ក្រៃ​លែង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នៅ​ពេល​នេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសា​ន៍​ថា​កន្លង​មក​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​ផ្លូវ​ ទឹក​ ភ្លើង​ និង​មនុស្ស​ ហើយ​បច្ចុប្បន្ន​ក៏​យើង​នៅ​តែ​អនុវត្ត​ដ​ដែរ​ ដោយ​គ្រាន់តែ​ប្តូ​មក​ទិស​មក​ជា​ មនុស្ស​ ទឹក​ ផ្លូវ​ និង​ភ្លើង​ ហើយ​យុទ្ធសាស្ត្រ​ទាំងនេះ​ជា​ភាព​ជោគជ័យ​របស់​យើង​កន្លង​មក​ ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​បែងចែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​យើង​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​សុំ​ការ​យោគយល់​ផង​ដែរ​អំពី​សំណាក់​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​នេះ​ ដែល​ទន្ទឹងរង់ចាំ​យ៉ាង​យូរ​នូវ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ និង​ផល​រំខាន​ពេល​ដំណើរការ​សាងសង់​នោះ​។​ ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ជំនួប​របស់​សម្តេច​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ កាលពី​ស​ប្តា​ហ៍​មុន​ ក្នុង​នោះ​សម្តេច​បាន​ស្នើរ​អោយ​មិត្ត​កូរ៉េ​ពិចារណា​ក្នុង​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ យើង​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​,​ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ដូច្នេះ​សម្តេច​តេ​ជោ​បាន​ស្នើរ​ដល់​ភាគី​នៃ​ប្រទេស​កូរ៉េ​ ពិចារណា​ក្នុង​សាង​ស្ពាន​កម្ពុជា​-​កូរ៉េ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សម្តេច​តេ​ជោ​ បាន​បញ្ជាក់​ថា​ សំរាប់​ទីតាំង​ដែល​តម្រូវ​ចាំបាច់​ក្នុង​ការ​សាងសង់​ស្ពាន​នៅ​កម្ពុជា​នោះ​ គឺ​នៅ​ចំនុច​ពី​តំបន់​ជ្រោយចង្វារ​ ទៅ​ស្វាយ​ជ្រុំ​អរិយ​ក្សត្រ​ដែល​កំពុង​តែ​មាន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ទីនោះ​។​ សម្តេច​តេ​ជោ​បន្ត​ថា​ តាម​ការ​ប៉ាន់​ប្រមា​ន​ស្ពាន​នេះ​អាច​ចំណាយ​ថវិការ​សាងសង់​ ប្រមាណ​ជា​ ៤០​ទៅ​ ៥០​លាន​ដុល្លារ​ បើ​កម្ពុជា​ទទួល​បាន​ស្ពាន​នេះ​មួយទៀត​ គឺ​ពិតជា​បាន​ផ្តល់​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​យើង​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ខែមីនា​ខាង​មុខ​ សម្តេច​នឹង​អញ្ជើញ​ទៅ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥​នៅ​ថ្មដា​ ខេត្តពោធិសាត់​ ដែល​ជា​ហិរញ្ញប្បទាន​របស់​មិត្ត​ចិន​ រួម​ជាមួយនឹង​ការ​បើក​ការដ្ឋាន​ផ្លូវជាតិ​លេខ​១០​ពី​សំឡូត​ទៅ​កោះកុង​ផង​ដែរ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វិធានការ​ទប់ស្កាត់​នៃ​ការ​រីក​រាល​ដាន​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​រី​រុស​ ដែល​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​អ្នក​កើត​ជម្ងឺ​នេះនោះ​ទេ​។​ ថ្មីៗ​នេះ​តាម​របាយការណ៍​របស់​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​រាយការណ៍​មក​ថា​ មាន​ជនជាតិ​ ហូ​ ឡង់​ ម្នាក់​ទៀត​ កំពុង​មាន​អាកា​រៈ​សង្ស័យ​ ហើយ​ពេល​នេះ​ក្រសួងសុខាភិបាល​កំពុង​យកចិត្តទុកដាក់​ និង​តាមដាន​សុខភាព​របស់​គាត់​ និង​ដាក់​គាត់​អោយ​នៅ​ដាច់​ដោយឡែក​។​

​សម្តេច​តេ​ជោ​នាយករ​ដ្ធ​មន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ អាច​នឹង​មាន​រោងចក្រ​មួយ​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ ដោយសារ​តែ​ខ្វះ​វត្ថុធាតុដើម​ដែល​នាំ​ពី​ចិន​មក​ ដោយ​រោងចក្រ​ផលិត​វត្ថុធាតុដើម​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ត្រូវ​បិទទ្វា​ដោយសារ​បញ្ហា​ជម្ងឺ​កូ​រូ​ណា​នេះ​។​ ដូច្នេះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ បើសិន​បើ​ពេល​ខាង​មុខ​នេះ​មាន​រោងចក្រ​មួយ​ចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ​ គឺ​មិនមែន​ដោយសារ​រឿង​ EBA​ នោះ​ទេ​ សូមកុំ​មានការ​យល់​ច្រឡំ​។​ សម្តេច​តេ​ជោ​មិន​មានការ​ព្រួយបារម្ភ​រឿង​បាត់​ EBA​ នោះ​ទេ​ យើង​ត្រូវ​រៀន​ដកដង្ហើម​ និង​រៀន​រស់​ដោយ​ខ្លួនឯង​ កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ ទៅ​ដោះ​ដូរ​នឹង​ជំនួយ​ពី​បរទេស​ឡើយ​ កម្ពុជា​ត្រូវការ​សន្តិភាព​ និង​មាន​ឯករាជ្យ​ភាព​របស់​ខ្លួន​។​

​ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អរគុណ​ដ៏​ជ្រាល​ ជ្រៅ​ ចំពោះ​ ប្រជាជន​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដែល​ ជា​មិត្ត​ និង​ជា​ ដៃគូ​ អភិវឌ្ឍន៍​ល្អ​មួយ​ ក្នុង​ ចំណោម​ប្រទេស​ជា​ មិត្ត​ ល្អៗ​ ជា​ច្រើន​ ដែល​បាន​ និង​កំពុង​បន្ត​កិច្ច​ សហប្រត្តិបត្តិការ​ ល្អ​ ក្នុង​ការ​ ជួយ​ អភិវឌ្ឍ​វិស័យ​ជា​ច្រើន​។​ ការ​សាងសង់​ផ្លូវជាតិ​លេខ​២​ និង​លេខ​២២​ គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព​ ផលិតភាព​ និង​ កាលានុវត្តភាព​ នៃ​សេដ្ឋកិច្ច​-​សង្គម​ ដែល​នឹង​ទ្រទ្រង់​ដល់​ គោល​ នយោបាយ​ សមា​ហរ​ ណ​ កម្ម​ ផ្ទៃក្នុង​ដែល​ បាន​រួម​ ចំណែក​ យ៉ាង​ យ៉ាង​សកម្ម​ក្នុង​ការ​ ជួយ​ លើក​ កម្ពស់​ ប្រសិទ្ធ​ ភាព​ ចរាចរណ៍​ ដឹក​ ជញ្ជូន​ពី​ភ្នំពេញ​ ទៅ​បណ្តា​ខេត្ត​នានា​។​

​ជាមួយនឹង​ការ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​២​ និង​លេខ​២២​ នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជូនពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ជូ​លួ​ប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​គ្រប់​គ្នា​។​ នៅ​ចុងបញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ឯកឧត្តម​ ផាក​ ហ៊ឹង​ឃ្យុ​ង​ (Park​ Heung-Kyeong)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ បើក​ការដ្ឋាន​ស្តារ​ និង​សាងសង់​ផ្លូវជាតិ​លេខ​២​ និង​លេខ​២២​ចាប់ពី​ពេល​នេះ​តទៅ​៕


ចំនួនអ្នកទស្សនា

    20526317

  • ថ្ងៃនេះ3141
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61981
  • ខែនេះ83861
  • ឆ្នាំនេះ83861
  • សរុប20526317