សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

13-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ពុធ​ ៤​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ឯកឧត្តម​ មី​កា​មី​ ម៉ាសា​ហ៊ី​រ៉ូ​ (MIKAMI​ Masahiro)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ MIKAMI​ Masahiroបាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ ក្នុង​បេស​កម្ម​កា​ទូត​របស់​ឯកឧត្តម​រយៈពេល​ ៦​ខែ​មក​កាន់​កម្ពុជា​ ឯកឧត្តម​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ពី​កម្ពុជា​ ។​ ឯកឧត្តម​ក៏​បាន​សូម​វាយតម្លៃ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច​។​ ឯកឧត្តម​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​ពិតជា​មាន​សេចក្តី​រីករាយ​ និង​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ជប៉ុន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​ស​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ក្នុង​ន័យ​នេះ​ឯកឧត្តម​មាន​ប្រសាសន៍​ផង​ដែរ​ថា​ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​។​ ទន្ទឹម​នឹង​នោះ​ ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បរិយាកាស​វិនិយោគ​ជា​ពិសេស​ការ​វិនិយោគ​របស់​ជប៉ុន​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​បន្ត​ថា​ អ្នក​វិនិយោគ​ជប៉ុន​បាន​ ធ្វើការ​ជាមួយ​ស្ថាប័ន​កម្ពុជា​ជា​ពិសេស​ CDC​ ដោយ​បាន​ទទួលលទ្ធផល​ដ៏​ល្អ​ប្រសើរ​ ហើយ​ពេល​នេះ​ទៀត​សោត​ ការ​វិនិយោគ​របស់​ជប៉ុន​កំពុង​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​ មាន​ន័យ​ថា​អ្នក​វិនិយោគ​ជប៉ុន​នឹង​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ហើយ​ជា​ពិសេស​ការ​វិនិយោគ​ទាំងនោះ​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដោយឡែក​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ ស្ថាប័ន​ និង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​វិញ​ ឯកឧត្តម​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ ជប៉ុន​កំពុង​តែ​ធ្វើការ​សហការ​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​លើ​វិស័យ​អគ្គិសនី​ដោយ​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ម្តង​រួច​មក​ហើយ​ និង​បន្ត​ពិភាក្សា​ម្ដងទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អគ្គិសនី​។​ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​រៀបចំ​ផែនការមេ​សម្រាប់​ការ​វិនិយោគ​របស់​ជប៉ុននៅ​កម្ពុជា​ផង​ដែរ​ ក៏​ដូច​ជា​មានការ​ពិភាក្សា​ និង​សិក្សា​អំពី​ផែនការមេ​ក្នុង​ការ​ពង្រីក​ និង​ពង្រឹង​វិនិយោគ​កំពង់​ផែ​ក្រុងព្រះសីហនុ​ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​របស់​ជប៉ុន​ក្នុង​ការ​តាក់តែង​ច្បាប់​សំណង់​ និង​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ត​ជា​បន្តបន្ទាប់​។​ ជា​ពិសេស​ទៅ​ទៀត​នោះ​ ជប៉ុន​កំពុង​យកចិត្តទុកដាក់​ បន្ទាប់​ពី​បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​វិស័យ​ទឹក​ស្អាត​ លើ​វិស័យ​ចំរោះ​ទឹក​ហើយ​នៅ​ពេល​នេះ​ក៏​បាន​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​សំរាម​តែ​ម្ដង​ដែល​សំរាម​នេះ​គឺជា​កត្តាចាំបាច់​ហើយ​ជប៉ុន​ក៏​មាន​ក្រុមហ៊ុន​ចំនួន​១​ ដែល​មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។​ ជាមួយ​គ្នា​នេះ​ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ដែល​ថា​ក្រុមហ៊ុន​ទាំងនេះ​នឹង​ចូលរួម​ចំណែក​ដេញថ្លៃ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ថា​ ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​កំពុង​តែ​ពិចារណា​ផ្ដល់​ថវិកា​បន្ថែម​ដល់​អង្គភាព​នេះ​ ហើយ​ក៏​កំពុង​ពិចារណា​រៀបចំ​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ក្នុងឆ្នាំនេះ​ និង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០២២​ ខាង​មុខ​
​ហើយ​ជប៉ុន​ ក៏​កំពុង​ពិចារណា​ផ្ដល់​ថវិកា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ទិញ​រថយន្ត​ និង​សម្ភារៈ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ MIKAMI​ Masahiro​ ចំពោះ​ការ​វាយតម្លៃ​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ជប៉ុន​។​ សម្ដេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​នឹង​បន្ត​ធ្វើ​យ៉ាងណា​សម្របសម្រួល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន​ មក​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ ជា​អាទិ៍​នៅ​ខែកុម្ភៈ​នេះ​ កម្ពុជា​បាន​បន្ថយ​តម្លៃ​អគ្គិសនី​ចំនួន​មួយ​សេន​ ក្នុង​មួយ​គីឡូវ៉ាត់​ ហើយ​កម្ពុជា​នឹង​បន្ត​ធ្វើ​យ៉ាងណា​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ លើ​ការ​ដឹក​ជញ្ជូន​ជាដើម​ ដើម្បី​ឱ្យ​ការ​វិនិយោគ​មានការ​ទាក់ទាញ​កាន់តែ​ខ្លាំង​ឡើង​។​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ ជូន​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ ដែល​បាន​ជួយ​ដល់​កម្ពុជា​ និង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ក៏​ដូច​ជា​រៀបចំ​ជួយ​ដល់​កម្ពុជា​ ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ និង​កិច្ចប្រជុំ​អាស៊ាន​ នា​ពេល​ខាង​មុខ​ អោយ​ទទួល​បាន​ជោគជ័យ​។​ សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ជា​បន្ត​ទៀត​ ចំពោះ​ជំនួយ​របស់​ជប៉ុន​ ដល់​ការ​តាក់តែង​ច្បាប់​សំណង់​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​តេ​ជោ​ បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន​បន្ត​ជួយ​ដល់​កម្ពុជា​ធ្វើ​យ៉ាងណា​ពង្រឹង​បទដ្ឋាន​គតិ​យុ​ត្ត​ក៏​ដូច​ជា​ធ្វើការ​ត្រួតពិនិត្យ​លើ​សំណង់​ទាំងឡាយ​ដែល​កម្ពុជា​បាន​នឹង​កំពុង​សាងសង់​ដើម្បី​ឲ្យ​វិស័យ​នេះ​មានការ​រឹង​មាំ​។​

​ពាក់ព័ន្ធ​នឹង​កំពង់​ផែ​ក្រុងព្រះសីហនុ​ ដែល​ជប៉ុន​កំពុង​តែ​រៀបចំ​ជួយ​សហការ​ធ្វើ​ផែនការ​មេនេះ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ កំពង់​ផែ​ក្រុងព្រះសីហនុ​ មាន​សារៈសំខាន់​ណាស់​ គឺជា​កំពង់​ផែ​តែ​មួយ​គត់​ដែល​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា​ ។​ ដោយឡែក​ជា​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម​ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​នេះ​រាជធានី​ភ្នំពេញ​ និង​ក្រសួង​សេដ្ឋកិច្ច​កំពុង​តែ​ដាក់​ការ​ប្រមូល​សំរាម​នេះ​ស្ថិត​នៅ​ក្នុង​អន្តរកាល​ ព្រោះថា​ក្រុមហ៊ុន​ចាស់​ពុំ​អាច​ទទួល​ការងារ​នេះ​បាន​ទៀត​ទេ​ ដោយសារ​ទីក្រុង​ភ្នំពេញ​មានការ​រីក​ធំ​ ពី​ប្រមាណ​៣០០​គីឡូ​ម៉ែត្រការ៉េ​ ទៅ​ ៦០០​គីឡូ​ម៉ែត្រការ៉េ​ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ស្ថាប័ន​ទាំង​ពីរ​គឺ​ សាលា​រាជធានី​ភ្នំពេញ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នឹង​ដាក់​ឲ្យ​ដេញថ្លៃ​ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន​ ដែល​មាន​ចំណាប់អារម្មណ៍​ គប្បី​ចូល​ដេញថ្លៃ​ ដើម្បី​ជួយ​ដល់​ការ​ប្រមូល​សំរាម​នេះ​៕​

 

ចំនួនអ្នកទស្សនា

    20524097

  • ថ្ងៃនេះ921
  • ម្សិលមិញ15681
  • សប្តាហ៍នេះ59761
  • ខែនេះ81641
  • ឆ្នាំនេះ81641
  • សរុប20524097