សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ទទួល​ស្វាគមន៍​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ WESTERDAM​ ទាំង​ពេល​នេះ​និង​ពេល​ក្រោយ​ទៀត​

14-February-2020 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដែល​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ទទួល​ ស្វាគមន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ Westerdam​ នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ និង​បាន​ជូន​ផ្កា​ដល់​អ្នកទេសចរ​ផង​ដែរ​។​ ទន្ទឹម​នឹង​នេះ​ ក៏​មានការ​ជួយ​សម្របសម្រួល​ដល់​អ្នកដំណើរ​មួយ​ចំនួន​ផ្ទេរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​រៀងៗ​ខ្លួន​របស់​ពួក​គេ​វិញ​ផង​ដែរ​។​

​ថ្លែង​ដោយ​ទឹកមុខ​ញញឹម​រីករាយ​ និង​មោទនភាព​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាកចេញ​ពីលើ​នាវា​ Westerdam​ ហើយ​អាច​មក​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ និង​សៀ​បរាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​មានការ​រើសអើង​ណាមួយ​ចំពោះ​ពួក​គេ​នោះ​ទេ​។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​កម្ពុជា​មិន​គិត​កម្រៃ​វី​សា​ និង​សេវា​ផ្សេងៗ​ឡើយ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ស្វាគមន៍​ដល់​នាវា​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក​នេះ​បើ​ចង់​បន្ត​ចត​ក្នុង​រយៈពេល​១​ខែ​ទៀត​ក៏​បាន​ដែរ​ ឬ​នៅ​ពេល​ក្រោយ​បើ​នាវា​ទេសចរណ៍​នេះ​ចង់​មក​កម្ពុជា​ទៀត​គឺ​កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ​ជា​និច្ច​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ជូនពរ​ដល់​ភ្ញៀវ​ទេចរ​ទាំងអស់​អាច​ធ្វើ​ដំណើរ​ដោយ​សប្បាយ​រីករាយ​ និង​ជួប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ថ្ងៃនេះ​៕


ចំនួនអ្នកទស្សនា

    20523717

  • ថ្ងៃនេះ541
  • ម្សិលមិញ15681
  • សប្តាហ៍នេះ59381
  • ខែនេះ81261
  • ឆ្នាំនេះ81261
  • សរុប20523717