ព្រៃវែង៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពាមរក៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ(ក)និង(ខ) ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ង្វៀង យ៉ាំងទឹង ស្ថិតក្នុងភូមិ៦ ឃុំ ព្រែកខ្សាយ(ខ)។
លោក សេង ពន្លក អធិការស្រុកពាមរក៍ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ង្វៀង យ៉ាងទឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅ នៅភូមិ៦ ឃុំព្រែកខ្សាយ(ខ), ទី២-ឈ្មោះ ផាម យ៉ាំងធឹង ហៅសី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅ នៅក្រុងព្រៃវែង ខេត្តព្រៃវែង, ទី៣-ឈ្មោះ កែវ ណាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) នឹងទី៤-ឈ្មោះវ៉ាន ថេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអ្នកលឿង ឃុំអ្នកលឿង។
វត្ថុតាងនិងសម្ភារៈដកហូតរួមមានៈ ទូរសព្ទដៃ ចំនួន០២គ្រឿង, ដែកកេះ ចំនួន០១និងបំពង់កែវ សំរាប់ជក់ចំនួន១។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី៕