កណ្ដាល៖ នគរបាលខេត្ដកណ្ដាល បានបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខុសច្បាប់បាន២ករណីផ្សេងគ្នា គឺស្រុកស្អាង និងស្រុកលើកដែក ដោយគិតត្រឹមរយៈពេល១ថ្ងៃ គឺថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់មន្ដ្រីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល បានបើកប្រតិបត្ដិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) បាន២ករណីផ្សេងគ្នា គឺករណីទី១ស្រុកស្អាង បង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់ ត្រង់ចំណុចក្នុងចំការស្វាយគ្មានម្ចាស់ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ឈានដល់ឃាត់ខ្លួនជនសង្ស័យញៀនល្បែង៧នាក់ ទី១-ឈ្មោះ ឡាង សារឹម ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២- ឈ្មោះ ម៉ែន ល័ក្ខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុ ទី៣-ឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណាង់ ទី៤-ឈ្មោះ ទុយ ចារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥-ឈ្មោះ ម៉ែន ថន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ទី៦-ឈ្មោះ គីម ដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ ក្រុមជនសង្ស័យទាំង៦នាក់ខាងលើនេះ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងទី៧-ឈ្មោះ ចាន់ តារា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកវត្ថុតាងដកហូតបានមាន៖មាន់ជល់ចំនួន២ក្បាល,ម៉ូតូចំនួន៧គ្រឿង,ស្កុតរុំតខ្នាយមាន់មួយចំនួន និងកង់ចំនួន១គ្រឿងផងដែរ។
ករណីទី២ស្រុកលើកដែក បង្ក្រាបទីតាំងត្រង់ចំណុចចំការស្វាយព្រែកតាមុតក្រោយភូមិ ស្ថិតក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងការបង្ក្រាបនេះ នគរបាលស្រុកលើកដែកដកហូតវត្ថុតាងមាន៖ មាន់ជល់១ក្បាល(ងាប់),ជញ្ជីងថ្លឹងមាន់ចំនួន១,ម៉ូតូចំណួន១៦គ្រឿង,កន្ត្រកដាក់មាន់ចំនួន៦,ស្បែកជើង២គូរ និងស្គុតរុំខ្នាយមាន់២ដុំធំ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលតាមបណ្ដាលស្រុក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕