ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល ជាស្ត្រីតាមការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយស្ត្រីបានកាន់តួនាទីផ្សេងៗក្នុងក្រសួងស្ថាប័ន ដើម្បីអោយចំនួនស្ត្រីមានការកើនឡើងជាបន្តបន្ទាប់ទៀត។
សម្តេចតេជោបានបន្តទៀតថា កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ ហើយគិតតាំងពីឆ្នាំ២០១៨មក មានស្ត្រីជាង១៥ម៉ឺននាក់ ដែលបានឆ្លងទន្លេ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនីដែលទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកាក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០%ទៀតផង។ដោយឡែក ស្ត្រីក្រក្រី គឺទទួលបានការឧបត្ថម្ភតាំងពីមានផ្ទះពោះ , ពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។ ទាក់ទងនឹងវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានច្រើនដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សូមសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា៕