ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ចំណុចដូចកាលពីឆ្នាំមុនដដែល ដើម្បីលើកម្ពស់ការចូលរួមរបស់ស្រ្តី អោយទទួលបាននូវការរីកចម្រើន និងផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម ក្នុងនោះសម្តេចតេជោក៏បានបន្ថែមនូវចំនុចសំខាន់ៗមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព ៕