សម្តេចតេជោហ៊ុន សែន សុំបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ

17-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី ៕

 


ចំនួនអ្នកទស្សនា

    20521847

  • ថ្ងៃនេះ14361
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57511
  • ខែនេះ79391
  • ឆ្នាំនេះ79391
  • សរុប20521847