លោក​ឧត្តម​ សេនីយ៍​ទោ​ សុង​ លី​ អំពាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បញ្ហា​អគ្គិភ័យ​ ក្នុង​រយៈពេល​៣១​ថ្ងៃ​អគ្គិភ័យ​កើតឡើង​១៩​លើក​ បណ្តាល​ឱ្យ​រង​របួស​មនុស្ស​៣​នាក់​

17-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ថ្លែង​ក្នុង​ពិធី​គោរព​ទង់ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដែល​មាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចូលរួម​ជាង​៧០០​នាក់​ លោក​ឧត្តម​ សេនីយ៍​ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ តំណាង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​អគ្គិភ័យ​និង​ការ​ជម្រុញ​ឱ្យ​កម្លាំង​នគរបាល​បង្កើន​ប្រសិទ្ធភាព​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បញ្ហា​អគ្គិភ័យ​ ដើម្បី​ការពារ​អាយុ​ជ​វិត​និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​គ្រា​ដែល​គេ​មើលឃើញ​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​រាជធានី​ភ្នំពេញ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​បាន​កើតឡើង​ឆេះ​រោងចក្រ​ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ ជា​បន្តបន្ទាប់​បង្ក​ជា​គ្រោះ​មហន្តរាយ​ខូចខាត​ទ្រព្យសម្បត្តិ​និង​បង្ក​ឱ្យ​មនុស្ស​រង​របួស​។​គ្រាន់តែ​ក្នុង​រយៈពេល​៣១​ថ្ងៃ​ចុង​ក្រោយ​នេះ​របាយការណ៍​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​កើតឡើង​ចំនួន​១៩​លើក​ បង្ក​ឱ្យ​រង​របួស​មនុស្ស​០៣​នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​។​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​ប្រមាណ​៣០០​រថយន្ត​។​

លោក​ឧត្តម​ សេនីយ៍​ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ក៏​បាន​លើក​ឡើង​ពាំនាំ​នូវ​ប្រសា​ន៍​ណែនាំ​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​ពិនិត្យ​ឃើញ​អគ្គិភ័យ​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​ត្រូវ​ពង្រឹង​នៃ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​បង្ការ​ទប់ស្កាត់​បញ្ហា​អគ្គិភ័យ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​។​

សូម​បញ្ជាក់​ថា​តាម​របាយការណ៍​អគ្គិភ័យ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​កន្លង​មក​ បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ បែកធ្លាយ​ធុង​ហ្គា​ស​ ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ក្បាល​អា​គុយ​រថយន្ត​ និង​ការ​ឆេះ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ត​កិច្ច​។​សកម្មភាព​បង្ការ​ពន្លត់​អគ្គិភ័យ​ កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ហ្វឹកហាត់​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​ជូន​ដល់​មន្ត្រី​ចំនួន​៥០​នាក់​ និង​ចុះ​ផ្សព្វផ្សាយ​អប់រំ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​២៣០​លើក​៕


​ ​

ចំនួនអ្នកទស្សនា

    20522817

  • ថ្ងៃនេះ15331
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58481
  • ខែនេះ80361
  • ឆ្នាំនេះ80361
  • សរុប20522817