ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។
ជនសង្ស័យឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧ឈានចូល១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣នឹង២០នាទី រំលងអាធ្រាត នៅចំណុច លើចិញ្ចើមផ្លូវលេខ១២៨ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងពេលដែលរូបគេ រួមនិងបក្សពួកម្នាក់ទៀត ឈ្មោះ ណៃ(គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ម៉ាក Oppo ពណ៌ខ្មៅ បានសម្រេច ភ្លាមនោះ ជនរងគ្រោះ បានដេញតាម ស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ កំពុងល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនម្នាក់ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕