នគរបាល​ខេត្ដកណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​គំរាមកំហែង​ហែកកេរ្ដិ៍​ និង​ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ​

21-February-2020 | ដោយ ពលមនសិការ

កណ្ដាល​៖​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ រហូត​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ករណី​គំរាមកំហែង​ហែកកេរ្ដិ៍​ និង​ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ​ ដែល​ការ​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ក្នុង​រោងចក្រ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​

​មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ អ៊ឹម​ អូន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ទល់មុខ​រោងចក្រ​ព្រែក​ជ្រៃ​ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះ​ខ្នុរ​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១៧​ នារី​រង​គ្រោះ​ បាន​ស្គាល់​និង​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយ​ជនសង្ស័យ​នៅ​ភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ក្រោយមក​នារី​រង​គ្រោះ​ និង​ជនសង្ស័យ​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ រហូត​បាន​រួមរស់​ជាមួយ​គ្នា​ ហើយ​ជនសង្ស័យ​តែងតែ​ថតរូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ទុក​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ជា​និច្ច​។​ លុះ​មក​ដល់​ឆ្នាំ​២០១៩​ នារី​រង​គ្រោះ​បានដឹង​ថា​ ជនសង្ស័យ​មាន​ប្រពន្ធ​ និង​មានកូន​ពីរ​នាក់​ទៀត​ ទើប​នាង​សុំ​បែក​គ្នា​ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ទេ​ ថែម​ទាំង​និយាយ​គម្រាមកំហែង​ថា​ មិន​រៀប​ការ​ទេ​ បើ​ហ៊ាន​រៀប​ការ​ ខ្លួន​នឹង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​តែ​ម្ដង​។​ រហូត​មក​ដល់​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ នារី​រង​គ្រោះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូរ​ដណ្ដឹង​របស់​ខ្លួន​ ខណៈ​ភ្ជាប់ពាក្យ​បាន​២​ថ្ងៃ​ ជនសង្ស័យ​ក៏​បាន​ឆាត​ប្រាប់​ទៀត​ថា​ មិន​ឲ្យ​រៀប​ការ​ទេ​ បើ​មិន​ដូច្នោះ​ ខ្លួន​នឹង​ធ្វើ​ឲ្យ​នាង​ ត្រូវ​សង​បណ្ណាការ​គេ​ និង​គំរាម​សម្លាប់​ជា​ច្រើន​លើក​ច្រើន​សារ​ បន្ទាប់​មក​ជនសង្ស័យ​បាន​ផ្ញើរ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ ដែល​ធ្លាប់​ដេក​ជាមួយ​ខ្លួន​ ទៅ​គូរ​ដណ្តឹង​ និង​បងប្អូន​ជា​ច្រើន​នាក់​ទៀត​ រហូត​ទាល់តែ​ខាង​គូរ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ បាន​សុំ​ផ្តាច់​ពាក្យ​នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដោយ​មិន​ព្រម​រៀប​ការ​ជាមួយ​នារី​រង​គ្រោះ​ឡើយ​ ទោះបីជា​ជិត​ដល់​ថ្ងៃ​រៀប​ការ​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភ​:​ ឆ្នាំ​២០២០​នេះ​ក៏​ដោយ​។​

​ប្រភព​ដដែល​បន្ដ​ទៀត​ថា​ ដោយ​មាន​ភាព​អាម៉ាស់​ និង​ត្រូវ​សង​ថ្លៃ​បណ្ដា​ការ​ទៅ​ខាង​គូរ​ដណ្ដឹង​ ក្រោយ​ពី​គូរ​ដណ្ដឹង​សុំ​ផ្ដាច់​ពាក្យ​ នារី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ ប្ដឹង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ដើម្បី​ជួយ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ចាត់ការ​តាម​ច្បាប់​។​ បន្ទាប់​ពី​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រ​តិ​ស្រាល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ​ ភ្លាម​នោះ​ក៏​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដ​ មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​រោច​ក្រ​នៅ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20523057

  • ថ្ងៃនេះ15571
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58721
  • ខែនេះ80601
  • ឆ្នាំនេះ80601
  • សរុប20523057