ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ប្រមូលផ្តុំ​កម្លាំង​អាវុធហត្ថ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ ដើម្បី​ចែក​អំណោយ​ចូល​ឆ្នាំ​ថ្មី​

28-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ប្រមូលផ្តុំ​កងកម្លាំង​ក្រោម​ឱវាទ​ទូ​ទាំង​រាជធានី​ មក​ជួបជុំ​គ្នា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​រឿង​សំខាន់​ពីរ​គឺ​៖​ទី​១)​ ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទាំងស្រុង​របស់​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ ពាក់ព័ន្ធ​ស្ថាន​ថ្មីៗ​ចុង​ក្រោយ​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ឲ្យ​បាន​យល់​ជ្រួតជ្រាប​គ្រប់ៗ​គ្នា​ និង​ទី​២)​ ធ្វើ​ពិធី​សំណេះសំណាល​ ប្រគល់​អំណោយ​ជូន​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង​-​ពល​ទាហាន​ ក្នុង​អង្គភាព​ទាំងមូល​ ទុកជា​ការ​អបអរ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។​

​ក្នុង​ឱកាស​ជួបជុំ​នេះ​ផង​ដែរ​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​របស់​ លោកនាយ​ឧត្តម​ សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជូន​ចំពោះ​ នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ ព្រមទាំង​ ក្រុម​គ្រួសារ​ និង​ពាក្យ​ជូនពរ​ ឲ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ​ សុភមង្គល​ សុខភាព​ល្អ​បរិបូណ៌​ និង​ជោគជ័យ​គ្រប់​ការងារ​។​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​បន្ត​ថា​ ក្នុង​នាម​ជា​កងកម្លាំង​ គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់​ សម្រាប់​គ្រួសារ​ ជាក់ស្តែង​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​គ្រប់​ពិធីបុណ្យ​ជាតិ​ សាសនា​ ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ ជួបជុំ​គ្រួសារ​ ដើរ​លេង​សប្បាយ​ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ រឹតតែ​ត្រូវ​យកចិត្តទុកដាក់​ លើកកម្ពស់​ស្មារតី​ ទទួលខុសត្រូវ​ លើ​ការ​ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ដល់​ប្រជាពលរដ្ឋ​ កាន់តែ​មមាញឹក​ ជាង​ពេល​ធម្មតា​ ដូច្នេះ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ទើប​លោក​ ឆ្លៀតពេល​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល​ នេះ​ឡើង​ ដោយ​ភ្ជាប់​ជាមួយ​អំណោយ​ជា​ចំណងដៃ​ អបអរសាទរ​ បុណ្យចូលឆ្នាំ​ថ្មី​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ទឹកក្រូច​ដប​០១​កេស​,​ អាវយឺត​០១​ និង​កញ្ចប់​ នំពា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ទឹក​សុទ្ធ​ ០១​ឈុត​ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​និង​ផ្ញើ​ជូន​ក្រុម​គ្រួសារ​ផង​ដែរ​ មិនតែប៉ុណ្ណោះ​ នៅ​ថ្ងៃ​ទី​០៣​ ខែ​០៣​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ដល់​កម្លាំង​អាវុធហត្ថ​ រាជធានី​ភ្នំពេញ​ទាំងមូល​ ចូលរួម​សប្បាយ​មុន​ចូល​ឆ្នាំ​ថ្មី​មក​ដល់​ ដើម្បី​ទុក​ពេលវេលា​ ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។​

​កាយវិកា​របស់​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ នា​ពេល​នេះ​ គឺជា​គុណធម៌​មួយ​របស់​មេបញ្ជាការ​ ដែល​តែងតែ​យកចិត្ត​ ទុកដាក់​ ឈឺឆ្អាល​ពី​ទុក្ខ​ធុរៈ​ និង​លើកទឹកចិត្ត​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា​បង្កើត​បានជា​ក្តី​រំភើប​ និង​មនោសញ្ចេតនា​ស្និត​ស្នាល​ ដែល​មិន​អាច​បំភ្លេច​បាន​៕


ចំនួនអ្នកទស្សនា

    20523217

  • ថ្ងៃនេះ41
  • ម្សិលមិញ15681
  • សប្តាហ៍នេះ58881
  • ខែនេះ80761
  • ឆ្នាំនេះ80761
  • សរុប20523217