កិច្ចប្រជុំ​ស្ដី​ពី​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូល​តែ​មួយ​រវាង​កម្ពុជា​-​វៀតណាម​

28-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ៥​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្ដី​ពី​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូល​តែ​មួយ​ រវាង​កម្ពុជា​-​វៀតណាម​ (​បា​វិត​-​ម៉ុ​ក​បៃ​)​ និង​ច្រកចេញ​-​ចូល​តែ​មួយ​ រវាង​កម្ពុជា​-​ថៃ​ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​)​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ កម្ពុជា​ ឯកឧត្តម​និ​ ង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​មាន​គោលបំណង​ស្វែងរក​នីតិវិធី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការ​កកស្ទះ​ចរាចរណ៍​ និង​បញ្ហា​ផ្សងៗ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ជួប​ប្រទះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ម៉ុ​ក​បៃ​ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាណ​ង​អៀន​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ និង​អង្គប្រជុំ​ទាំងមូល​អំពី​គម្រោង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​ពីរ​ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​ ដែល​បង្ក​ឱ្យ​ការ​នាំ​ចេញ​នាំ​ចូល​វត្ថុធាតុដើម​មានការ​យឺតយ៉ាវ​ កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ ការ​ជម្រះបញ្ជី​គយ​ទាក់ទង​នឹង​ទំនិញ​នាំ​ចេញ​នាំ​ចូល​មានការ​យឺតយ៉ាវ​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ម៉ុ​ក​បៃ​ និង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​វៀតណាម​ ឆ្លងកាត់​ព្រំដែន​បា​វិត​-​ម៉ុ​ក​បៃ​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ជម្រាប​ជូន​ផង​ដែរ​អំពី​គម្រោង​ស្នើ​សុំ​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ស្ទឹង​បត់​-​បាណ​ង​អៀន​ជា​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ចក្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បច្ចុប្បន្ន​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ បាន​ជំរុញ​ឱ្យ​ក្រសួង​/​ស្ថាប័ន​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ និង​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​ពីរ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​យន្តការ​តែ​មួយ​ជាក់ស្តែង​ ដើម្បី​សម្រួលការ​លំបាក​របស់​វិស័យ​ឯកជន​។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​៖​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ក្រុមហ៊ុន​ធុរកិច្ច​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ ជា​ពិសេស​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ឆាប់រហ័ស​តាម​នីតិវិធី​ប្រកបដោយ​តម្លាភាព​ គណនេយ្យ​ភាព​ និង​អភិបាលកិច្ច​ល្អ​ រាជរដ្ឋាភិបាល​គ្រោង​ បង្កើត​ច្រកចេញ​-​ចូល​តែ​មួយ​រវាង​កម្ពុជា​-​វៀតណាម​(​បា​វិត​-​ម៉ុ​ក​បៃ​)​ និង​ច្រកចេញ​-​ចូល​តែ​មួយ​រវាង​ កម្ពុជា​-​ថៃ​ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​)​ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ ក៏​ដូច​ជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20521447

  • ថ្ងៃនេះ13961
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57111
  • ខែនេះ78991
  • ឆ្នាំនេះ78991
  • សរុប20521447