ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគបាលខណ្ឌប្ញស្សីកែវ បានចេញប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣២នាក់ និងឆែកឆេរត្រួតពិនិត្យដកហូតវត្ថុតាងគ្រឿងញៀន៣៤កញ្ចប់ តូចធំដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ បង្ក្រាបជនសង្ស័យគ្រឿងញៀនបានធ្វើឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់មិនរៀបរយស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សឿន មុន្នីរ័ត្ន។
ការបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើដើម្បីបង្ការទប់ស្កាត់សកម្មភាពរបស់ជនសង្ស័យគ្រឿងញៀនដែលតែងយកតំបន់សំណង់មិនរៀបរយធ្វើសកម្មភាពលក់ចែកចាយនិងជួញដូរគ្រឿងញៀនដែលធ្វើឱ្យប៉ះពាល់អសន្តិសុខ និងនាំឱ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់ខាងលើភ័យខ្លាច។ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការជម្រុញឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដោយបញ្ហាគ្រឿងញៀនត្រូវតែបង្ក្រាបមិនដកថយនោះឡើយ។
ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ បានប្រាប់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀន៣២នាក់ក្នុងមានមុខសញ្ញាជនសង្ស័យជួញដូរថ្នាំញៀនប្រុសស្រី០២នាក់។ចំណែក៣០នាក់ទៀត ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ទី១-ឈ្មោះ ឡេង សុភួង ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ទី២-ឈ្មោះ ឃុន សូរីហ្សា ភេទស្រីអាយុ២៣ឆ្នាំ ប្រកបមុខរបរអ៊ុតសក់។
សមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅពណ៌សថ្នាំញៀន៣៤កញ្ចប់តូចធំ ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ជនសង្ស័យគ្រឿងញៀនខាងលើកំពុងនាំយកសាកសួរនៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕