សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​ជាង​១​ពាន់​នាក់​

02-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៩​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ១,៥៨៩​នាក់​ ក្នុង​នោះ​នារី​ ៦១៦​នាក់​ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ដែល​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​ និស្សិត​ដែល​ទទួល​បាន​សញ្ញាបត្រ​ថ្ងៃនេះ​ រួម​មាន​ ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់បណ្ឌិត​ផង​ដែរ​។​ ពិធី​ប្រគល់​សញ្ញាបត្រ​នា​ព្រឹក​នេះ​ក៏​មាន​និស្សិត​អាហារូបករណ៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ចំនួន​ ២២​នាក់​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​កោតសរសើរ​ផង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដែល​បាន​រួមចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការ​រៀនសូត្រ​របស់​និស្សិត​យើង​មិន​ត្រឹមតែ​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​នេះនោះ​ទេ​ មាន​ន័យ​ថា​ និស្សិត​យើង​អាច​មាន​សិទ្ធិ​បន្ត​ការ​សិក្សា​ពេញ​មួយ​ជីវិត​។​ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដែល​កន្លង​មក​តែងតែ​ផ្តល់​អាហារូបករណ៍​និស្សិត​ក្រីក្រ​មក​ដល់​សម្តេច​ ដើម្បី​អោយ​សម្តេច​តេ​ជោ​បាន​ផ្តល់​ឱកាស​អោយ​និស្សិត​ក្រីក្រ​តាម​បណ្តា​ខេត្ត​នានា​បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​។​ សម្តេច​តេ​ជោ​ក៏​នៅ​តែ​បន្ត​ការ​ឧត្ត​ម្ភ​ជា​អង្ករ​២​តោន​ និង​ថវិការ​៥​លាន​រៀល​ក្នុង​១​ខែ​ សំរាប់​វិទ្យាស្ថាន​ និង​សាកលវិទ្យាល័យ​ចំនួន​០៥​ សម្រាប់​ផ្តល់​អោយ​និស្សិត​ក្រីក្រ​របស់​យើង​។​

​នៅ​ថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ពាក់​ទង​នឹង​ការ​ប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក​ ដែល​ថ្មីៗ​នេះ​ប្រ​ធានា​ធិ​ប​តែ​អា​មេ​រិ​កបាន​ពន្យា​ពេល​នៃ​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​ ហើយ​ក្នុង​នោះ​ក៏​មានការ​វិភាគ​ និង​លើក​ឡើង​នូវ​មតិ​ខុសៗ​គ្នា​ តែ​ហេតុផល​យ៉ាងណា​នោះ​ មាន​តែ​អា​មេ​រិ​ក​ខ្លួនឯង​ទេ​ជា​អ្នកដឹង​។​ សម្តេច​តេ​ជោ​បន្ត​ទៀត​ថា​ មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ អា​មេ​រិ​កបាន​ចាត់​ទុក​រឿង​ជំងឺ​កូ​វិត​១៩​ គឺជា​រឿង​សំខាន់​ ក្នុង​ការ​ពន្យា​នៃ​កិច្ចប្រជុំ​នេះ​ និង​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជម្ងឺ​នេះ​។​ ក៏​ប៉​ន្តែ​ក៏​មានការ​លើក​ឡើង​ថា​អា​មេ​រិ​ក​ពន្យា​ការ​ប្រជុំ​ដោយសារ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដូច​ជា​ប្រ​ធា​ធិ​បតី​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ,​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ ដែល​ប្រទេស​ទាំង​៣​នេះ​អាច​តំណាង​ជាង​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​អាស៊ាន​ទៅ​ហើយ​។​ ហើយ​កន្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​បាន​អវត្តមាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ចំនួន​០៣​ដង​រួច​មក​ហើយ​ ដោយ​បានអោយ​តំណាង​របស់​ខ្លួន​ទៅ​ជំនួស​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គិត​ថា​ហេតុផល​ទី​១​ជា​មូលហេតុ​ចម្បង​ដែល​អា​មេ​រិ​ក​សម្រេច​ពន្យា​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​រ៉ូ​ណា​ មិនមែន​អា​មេ​រិ​ក​មិន​យកចិត្តទុកដាក់​ជាមួយនឹង​ប្រទេស​អាស៊ាន​នោះ​ទេ​។​

​ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​កើត​ ឬ​ឆ្លង​ជម្ងឺ​ Covid-19​ នោះ​ឡើយ​។​ ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​តែ​បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ ព័​ត៌​មិន​ពិត​(Fake​ News)​ដែល​បាន​ផ្សព្វផ្សាយ​បំពុលសង្គម​ពី​ការ​ឆ្លង​ជំងឺ​នេះ​។​ កម្ពុជា​បាន​តាមដាន​ និង​យកចិត្តទុកដាក់​ជាទី​បំផុត​ពី​បញ្ហា​ជំងឺ​នេះ​ តាម​រយៈ​ក្រសួងសុខាភិបាល​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សូម​អោយ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ខ្លួនឯង​ ជា​ពិសេស​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​ មួយ​ផ្នែក​ទៀត​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ជំងឺ​កូ​វិត​-១៩​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​មាន​ខិតខំ​ពង្រឹងសមត្ថភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ អោយ​បាន​ច្រើន​បន្ថែម​ទៀត​ ជា​ពិសេស​ផ្នែក​នៃ​ការ​ផ្តល់​សេវា​ ដូច​ជា​វិស័យ​ទេសចរណ៍​ ដែល​មាន​ដូច​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​នានា​,​ ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​នានា​ ត្រូវ​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​បន្ថែម​ទៀត​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​រក្សា​ការងារ​ដល់​ពលរដ្ឋ​យើង​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ សូម​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។​ បន្ទាប់​មក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ក្នុង​បរិយាកាស​ស្និត​ស្នាល​ និង​រីករាយ​ជាទី​បំផុត​ ៕

ចំនួនអ្នកទស្សនា

    20522507

  • ថ្ងៃនេះ15021
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58171
  • ខែនេះ80051
  • ឆ្នាំនេះ80051
  • សរុប20522507