ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ ជំរុញអោយសិក្ខាកាមខិតខំសិក្សា ដើម្បីពង្រឹងសមត្ថិភាព និងកិច្ចការជំនាញបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយសភាពការណ៍បទល្មើសនៅឆ្នាំ២០២០មានការថយចុះ។
នេះតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីក្បួននីតិវិធីប្រតិបត្តិការ របស់នគរបាលយុត្តិធម៌ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានលើកឡើងថា ប្រសិនបើយើងបានត្រៀមខ្លួនបង្ការជាមុន ដើម្បីទប់ស្កាត់រាល់បទលើ្មសបានច្រើននៅក្នុងរាជធានីភ្នំពេញសភាពការណ៍បទល្មើសជារួមនឹងមានការថយចុះ។
ឯកឧត្តម បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៨ កិច្ចសហប្រតិបត្តការបទល្មើសជារួមបានចំនួន៨៧% ហើយនៅក្នុងឆ្នាំ២០១៩កន្លងមកនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបាន៨៩% មានការកើនឡើង២% ទាំងនេះសបញ្ជាក់អោយឃើញពីការខិតខំយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្តថា វគ្គសិក្សានៅពេលនេះ គឺជាតម្រូវការដ៏ចាំបាច់របស់អង្គភាព ក្នុងនាមនគរបាលវ័យក្មេងត្រូវច្បាមចាប់យកចំណេះវិជ្ជានេះ ដើម្បីបំរើអង្គភាព បំរើអោយសង្គមជាតិ និងដើម្បីអនាគតខ្លួនឯងទៅថ្ងៃក្រោយផង ត្រូវយកការរៀនសូត្រនៅពេលនេះ ដើម្បីគួបផ្សំជាមួយការអនុវត្ត ជាពិសេសក្នុងការងារប្រចាំថ្ងៃ។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដែលមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ ដែលប្រធានបទសិក្សារួមមានក្រមព្រហ្មទណ្ឌ(ផ្តោតលើការកំណត់ធាតុផ្សំបទល្មើស) ក្រមនីតិវិធីព្រហ្មទណ្ឌ(ការស្វែងយល់លើកំណត់ហេតុទាំង២៣គំរូ) នីតិវិធីកសាងសំណុំរឿង វិធីសាស្ត្រសាកសួរចំលើយជនសង្ស័យ វិធីសាស្ត្រស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការគ្រប់គ្រង និងតាមដានមុខសញ្ញាព្រហ្មទណ្ឌ។
តាមរបាយការណ៍ឆ្នាំ២០១៩ បានអោយដឹងថា បទល្មើសព្រហ្មទណ្ឌជារួមកើតមានឡើង ៣.១៩៦លើក លើ២.៩៦៩លើក កើន២៧៧លើក ស្មើ៨% ក្នុងនោះបទឧក្រឹដ្ឋ៧០១លើក លើ៦២១លើក កើន៨០លើក ស្មើ១៣% បទមជ្ឈឹម២.៤៩៥លើក លើ២.៣៤៨លើក កើន១៤៧លើក ស្មើ៦% បណ្តាលអោយស្លាប់មនុស្សចំនួន២១១នាក់ របួស៨២៩នាក់ រងគ្រោះ១.៤១២នាក់ និងបាត់បង់សម្ភារៈ មាសប្រាក់មួយចំនួនទៀត។ ចំពោះសភាពការណ៍បទល្មើសខាងលើ កម្លាំងសមត្ថិកច្ចបានបើកកិច្ចប្រតិបត្តការបង្ក្រាបទទួលបានលទ្ធផលខ្ពស់រហូតដល់៨៩% ៕