គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ ចុះ​ឈ្វេងយល់​អំពី​ ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​បុព្វបទ​ថ្មី​ ពិសេស​ការងារ​ចាត់តាំង​ការ​អនុវត្ត​ថវិកា​ ការ​អភិវឌ្ឍ​មូលដ្ឋាន​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ នៅ​ខេត្តពោធិ៍សាត់​

02-March-2020 | ដោយ ពលមនសិការ

ពោធិ៍សាត់​៖​ គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​ នៃ​ព្រឹទ្ធសភា​ (​គណៈកម្មការ​ទី​២​ ព្រឹទ្ធសភា​)​ ដឹកនាំ​ដោយ​ឯកឧត្តម​ ជា​ ជេ​ដ្ឋ​ ប្រធាន​គណៈកម្មការ​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម​ ម៉ក់​ រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ដោយ​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​នឹង​វិស័យ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ នៅ​សាល​ប្រជុំ​របស់​សាលាខេត្ត​ពោធិ៍សាត់​ នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​។​

​ឯកឧត្តម​ ជា​ ជេ​ដ្ឋ​ ប្រធាន​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ បាន​ជម្រាប​ជូន​ពី​គោលបំណង​របស់​គណៈកម្មការ​ ដែល​ចុះ​មក​កាន់​ខេត្តពោធិ៍សាត់​នា​ពេល​នេះ​ គឺ​ដើម្បី​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ លើ​បញ្ហា​មួយ​ចំនួន​រួម​មាន​៖​ការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ គឺ​ក្នុង​បុព្វបទ​ថ្មី​នៃ​ការ​ផ្ទេរ​ធនធានមនុស្ស​ និង​ថវិកា​ឱ្យ​ដល់​មូលដ្ឋាន​ និង​វឌ្ឍនភាព​នៃ​ការ​អភិ​ឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៨២​ អន​ក្រ​.​បក​១៨៣​ អន​ក្រ​.​បក​ និង​១៨៤​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ក្រុង​ ស្រុក​ ខណ្ឌ​ ការ​អនុវត្ត​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ (​ទទួល​-​ទូទាត់​)​ ការ​ធ្វើ​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​ ការ​ប្រើប្រាស់​មូលនិធិ​សង្កាត់​ (​រជ្ជទេយ្យ​បុរេប្រទាន​)​ និង​បញ្ហា​ប្រឈម​ សមត្ថភាព​ក្នុង​ការ​កសាង​ និង​អនុវត្ត​គម្រោង​អភិវឌ្ឍ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​របស់​ខេត្ត​ ព្រមទាំង​បូក​សរុប​លទ្ធផល​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ ការ​អនុវត្ត​គោលនយោបាយ​ ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ ការ​ចូលរួម​អភិវឌ្ឍន៍​មូល​ដ្នា​ន​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGOs)​ ព្រមទាំង​ចុះ​មក​ប្រមូល​ព័ត៌មាន​អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្តន៍​ការងារ​ បញ្ហា​ប្រឈម​នានា​ នៅ​ខេត្តពោធិ៍សាត់​ ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ បាន​មាន​ប្រសាសន៍​សម្តែង​នូវ​គារវៈ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​វត្តមាន​គណៈប្រតិភូ​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​ អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តពោធិ៍សាត់​នា​ពេល​នេះ​។​

​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បាន​បន្ត​មាន​ប្រសាសន៍​ ជម្រាប់​ជូន​លក្ខណៈ​ភូមិសាស្ត្រ​ ដោយ​ខេត្តពោធិ៍សាត់​ នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មាន​ចម្ងាយ​១៨៦​គ​.​ម​ ពី​រាជធានី​ភ្នំពេញ​ មាន​ផ្លូវ​គមនាគមន៍​សំខាន់ៗ​៣​ គឺ​៖​ ផ្លូវជាតិ​លេខ​៥​ ផ្លូវដែក​(​រថភ្លើង​)​ និង​ផ្លូវទឹក​ (​បឹង​ទន្លេសាប​)​ នឹង​មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកំពង់ឆ្នាំង​ ខាងលិច​ជាប់​នឹង​ខេត្តបាត់ដំបង​ និង​ប្រទេស​ថៃ​ ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​ប្រវែង​ប្រមាណ​ ៨០​គ​.​ម​ ខាងជើង​ទល់​នឹង​បឹង​ទន្លេសាប​ និង​ខាងត្បូង​ជាប់​នឹង​ខេត្តកំពង់ស្ពឺ​ និង​ខេត្តកោះកុង​ ក្នុង​នោះ​ដែរ​ ត្រូវ​បែងចែក​ចេញ​ជា​ ១​រដ្ឋបាល​ក្រុង​ ៦​រដ្ឋបាល​ស្រុក​ ៧​សង្កាត់​ ៤២​ឃុំ​ និង​៥១១​ភូមិ​ ដោយ​មាន​ប្រជាជន​សរុប​ចំនួន​៤៩៥.១៨៦​នាក់​ ស្រី​២៥០.៧៦៩​នាក់​ ស្មើនឹង​១១៧.២៥៨​គ្រួសារ​ ប្រកប​មុខរបរ​ជា​កសិករ​៧៥,៨%​ សេវាករ​២៣,៥%​ និង​សិប្បករ​០,៧%​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ មន្ទីរ​ពាក់ព័ន្ធ​ ក៏​បាន​រាយការណ៍​ជូន​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ អំពី​លទ្ធផល​ការងារ​សំខាន់ៗ​ ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​ ព្រមទាំង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​បាន​ជួប​ប្រទះ​ ជូន​សមាជិក​ សមាជិកា​ គណៈកម្មការ​ បាន​ជ្រាប​។​

​ឯកឧត្តម​ ជា​ ជេ​ដ្ឋ​ ប្រធាន​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់​ និង​មន្ទីរ​ពាក់ព័ន្ធ​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​។​ ទន្ទឹម​នឹង​នោះ​ដែរ​ ឯកឧត្តម​ ក៏​បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ សូម​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​បន្ត​ទៀត​។​ ចំណែក​បញ្ហា​ប្រឈម​ដែល​ខេត្ត​ និង​មន្ទីរ​បាន​លើក​ឡើង​ ឯកឧត្តម​ប្រធាន​គណៈកម្មការ​ បាន​បញ្ជាក់​ថា​ ឯកឧត្តម​នឹង​ពាំនាំ​យក​បញ្ហា​ប្រឈម​ទាំងនេះ​ ជម្រាប​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​ ឬ​ក្រសួង​ពាក់ព័ន្ធ​ និង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ ជួយ​ដោះស្រាយ​ការ​លំបាក​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដើម្បី​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា​ ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ និង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​៕

 

ចំនួនអ្នកទស្សនា

    20521897

  • ថ្ងៃនេះ14411
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57561
  • ខែនេះ79441
  • ឆ្នាំនេះ79441
  • សរុប20521897