ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងខុនដូរឈ្មោះ មេហ្សុងរូប៊ី ដែលមានម្ចាស់ទីតាំងឈ្មោះ ឆេ ទយិន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ មុខរបរ បើកសាលារៀន ស្ថិតនៅផ្លូវ ឌួង ងៀប ក្រុមទី៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្នុងប្រតិបត្តិការនោះត្រួតពិនិត្យឆែកឆេរ បានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ចំនួន០៤នាក់ ពាក់ព័ន្ធករណី ចាប់ជំរិតនៅប្រទេសវៀតណាម។
សម្ភារដកហូតរួមមាន៖ លិខិតឆ្លងដែន០៣ក្បាល, កុំព្យូទ័រយួរដៃ០៤គ្រឿង, ទូរស័ព្ទដៃ០៨គ្រឿង, ស៊ីមកាតមួយចំនួន, ខ្សែលោហធាតុ ពណ៌លឿង០១ខ្សែ, លុយរៀល១៥.០០០រៀល និងលុយដុល្លារ៥ដុល្លារ, កាបូបចំនួន០២។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីអនុវត្តនីតិវិធីបន្ត ៕