រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ដែល​ផ្លាស់​ប្តូរ​ឈ្មោះ​ ក្រសួង​ឧស្សាហកម្ម​ និង​សេចក្តីព្រាងច្បាប់​ ៥​ផ្សេង​ទៀត​ មក​ពិនិត្យ​សិក្សា​

03-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣​ ខែមីនា​ ឆ្នាំ​២០២០​។​ កិច្ចប្រជុំ​បាន​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៦​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​ ក្នុង​នោះ​មាន​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម​មួយ​ផង​ មក​ប្រគល់​ជូន​ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នានា​ ពិនិត្យ​សិក្សា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​ 

​សេចក្តីព្រាងច្បាប់​ទាំង​៦​ ដែល​រដ្ឋសភា​ សម្រេច​ទទួលយក​មក​ពិនិត្យ​សិក្សា​ នា​ពេល​នេះ​ មាន​៖
១-​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដល់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

២-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដល់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ជាមួយ​ គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៣-​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដល់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៤-​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១​ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ និង​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៥-​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​បី​ ស្តី​ពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​ ដល់​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​ គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៦-​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ​ ស្តី​ពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​ ដល់​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​ គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​ ៕

ចំនួនអ្នកទស្សនា

    20520127

  • ថ្ងៃនេះ12641
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55791
  • ខែនេះ77671
  • ឆ្នាំនេះ77671
  • សរុប20520127