ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-​ក្រុងព្រះសីហនុ​ សម្រេច​បាន​២០%​ហើយ​

03-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ចន្ទ​ ៩​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តម​ យិ​ត​ បុ​ណ្ណា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តំណាង​ដ៏​ខ្ពង់​ខ្ពង់​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម​ គង់​ សា​រាជ​ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​ អញ្ជើញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដោយ​មានការ​ចូលរួម​ពី​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​

​ដំណើរ​បេសកកម្ម​នេះ​ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​សកម្មភាព​ និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ ក៏​ដូច​ជា​ស្វែង​យល់​ និង​រក​ដំណោះស្រាយ​ នូវ​រាល់​បញ្ហា​នានា​ដែល​ជួប​ប្រទះ​ខណៈ​ពេល​កំពុង​សាងសង់​ដែរ​។​

​ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា​ គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​គ្នា​យ៉ាង​រឹង​មាំ​ក្នុង​ការ​ព​ន្លឿ​ន​ការ​សាងសង់​នេះ​ ជាក់ស្ដែង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​សិក្សា​ និង​ដោះស្រាយ​ផល​ប៉ះពាល់​បាន​ ៧០%​ និង​គ្រោង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​នៅ​ខែឧសភា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​

​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នក​សារ​ព័ត​មាន​នា​ពេល​នោះ​ ឯកឧត្ដម​ គង់​ សា​រាជ​ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ នូវ​ស្ថានភាព​សាងសង់​ គុណភាព​ផ្លូវ​ និង​វឌ្ឍនភាព​ដែល​ទទួល​បាន​នា​ពេល​នេះ​។​

​ឯកឧត្ដម​ប្រធាន​គណៈកម្មការ​ទី​៩​ បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដែល​អាច​ឱ្យ​នាវា​ធំៗ​ចូល​ចត​បាន​ និង​ដឹក​ជញ្ជូន​ ត្រង់​ទៅ​បណ្ដា​ ប្រទេស​នានា​ នឹង​ជំរុញ​ឱ្យ​ក្រុង​មួយ​នេះ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​យើង​។​

​សូម​បញ្ជាក់​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែកក្កដា​ ឆ្នាំ​២០១៩​ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ ផ្លូវ​នេះ​សម្រេច​បាន​២០%​ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​មុន​ គម្រោង​កំណត់​ (​ខែកញ្ញា​ ឆ្នាំ​២០២២)​ ដោយសារ​ក្រុមហ៊ុន​មាន​កម្លាំង​ និង​សម្ភារ​គ្រប់គ្រាន់​ និង​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ឆាប់រហ័ស​ជាង​ការ​រំពឹង​ទុក​៕​

 

 

ចំនួនអ្នកទស្សនា

    20522857

  • ថ្ងៃនេះ15371
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58521
  • ខែនេះ80401
  • ឆ្នាំនេះ80401
  • សរុប20522857