ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យសំណង់តូបផ្សារស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះផ្សារមានសភាពចាស់ទ្រុឌទ្រោម ដើម្បីវាយតម្លៃ និងសិក្សាក្នុងការជុសជុល និងស្ថាបនាផ្សារនេះអោយមានសភាពថ្មីឡើងវិញជូនដល់អាជីវករផ្សារ និងអតិថិជន នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាដោយពិនិត្យមើលឃើញ ពីសភាពដំបូល និងសំណង់តូបមួយចំនួនធំ មានសភាពច្បាស់ទ្រុឌទ្រោម ដែលខ្លាចមានបញ្ហាហានិភ័យកើតឡើងជាយថាហេតុ គ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋដែលមកផ្សារនេះ ទើបឯកឧត្តម ដឹកនាំមន្ត្រីជំនាញ ចុះមកសិក្សា និងស្រង់មតិពីប្រជាពលរដ្ឋដើម្បីរៀបគម្រោងក្នុងការជុសជុលឡើងវិញ។
ឯកឧត្តម បានណែនាំអោយប្រជាពលរដ្ឋ កុំអោយមានការយល់ច្រលំ ក្នុងការត្រួតពិនិត្យនេះ មិនមែនដើម្បីយកផ្សារទៅវិនិយោគលើអ្វីផ្សេងនោះទេ គឺការចុះត្រួតពិនិត្យនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការរៀបចំការជុសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋដែលជាអាជីវករ អោយលក់ដូរដំណើរការជាធម្មតា ចៀសវាងមានបញ្ហាអ្វីកើតឡើងជាយថាហេតុ ទៅលើអាជីវករ ក៏ដូចជាអតិថិជន ៕