សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​វៀង​ច័ន្ទ​

04-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ពុធ​ ១១​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​វៀង​ច័ន្ទ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ចាប់ពី​ថ្ងៃ​៤​ ដល់​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០២០​។​

​អញ្ជើញ​ជូន​ដំណើរ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នា​ឱកាស​នោះ​រួម​មាន​ឯកឧត្តម​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ឯកឧត្តម​អគ្គនាយក​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ និង​នគរបាល​ នៃ​ក្រសួងមហាផ្ទៃ​។​

​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នា​ពេល​នេះ​ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ វិ​ល័យ​ ឡា​ខាំ​ហ្វង​ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តាម​គម្រោង​ ក្នុង​ឱកាស​នៃ​ការ​បំពេញ​ទស្សន​និច្ច​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វា​លយ​តម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​កំណត់ហេតុ​សហប្រតិបត្តិការ​ឆ្នាំ​២០១៩​ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២០​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​។​

​កិច្ចប្រជុំ​នេះ​ គឺជា​ការ​អនុវត្ត​យន្តការ​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ ក្នុង​គោលដៅ​បន្ត​លើកកម្ពស់​ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ រវាង​ខេត្ត​ជាប់​ព្រំដែន​ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម​នៃ​ប្រទេស​ទាំង​ពីរ​។​

​សូម​បញ្ជាក់​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​ ថង​លុន​ ស៊ី​សូលី​ត​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រមា​និ​ត​ឡាវ​ ៕


ចំនួនអ្នកទស្សនា

    20519767

  • ថ្ងៃនេះ12281
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55431
  • ខែនេះ77311
  • ឆ្នាំនេះ77311
  • សរុប20519767