កំពង់ធំ៖ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឆ្លៀតឱកាសចុះ សំណេះសំណាល ជាមួយប្អូនៗក្រុមកីឡាករបាល់ទះ និងអត្តពលកម្ម មកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ដែលបានចូលរួមប្រកួតកីឡា ជំរើសថ្នាក់ខេត្ត នៅវិទ្យាល័យកំពង់ធំ រយៈពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០)។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិសំណេះសំណាលជាប្អូនៗ ដែលអ្នកស្រឡាញ់កីឡា ចូលចិត្តលេងកីឡា ហើយចូលរួមលេងកីឡា គឺដើម្បីទទួល សុខភាព បង្កើនមិត្តភាពស្និទ្ធស្នាលជាមួយយុវជន និងយុវជន ទទួលបាន កាយសម្បទារឹងម៉ាំ ឆន្ទៈ អង់អាចមួសមុទ្រ អំនត់ព្យាយាម ដែលនាំយកនូវវិន័យ
សេចក្តីថ្លៃថ្នូរ។
លោកឧត្តមសេនីយ៍ ស្នងការ បានមានមតិផ្ដាំផ្ញើសូមឲ្យប្អូនៗ ប្រកាន់ភ្ជាប់ ការសាមគ្គីភាព មានអង់ឯកភាព ក្នុងក្រុមកីឡាករ គោរពអនុវត្ត អោយបាននូវវិន័យ សេចក្តីថ្លៃថ្នូរ បទបញ្ជា របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡា ពោលប្រកបដោយក្រមសីលធម៌ ជាចំបង គោរពគ្នាទៅវិញទៅមក ដើម្បីថែរក្សា បាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ទទួលបានរបៀបរៀបរយ នៃដំណើរការប្រកួតកីឡាហើយលោកឧត្តមសេនីយ៍ ស្នងការ បានផ្ញើសេចក្តី សង្ឃឹមយ៉ាងមុតម៉ាំថា ប្អូននឹងខិតខំប្រឹងប្រែង បញ្ចេញសមត្ថភាព ទេពកោសល្យ ដែលបានហ្វឹកហាត់ រយៈពេលកន្លង យកមកប្រកួតប្រជែង ដើម្បីដណ្ដើមជ័យលាភី ជូនវិទ្យាល័យ របស់ប្អូនៗ
វិញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ បានឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមកីឡាករបាល់ទះ និងអត្តពលកម្ម មកពី វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ដើម្បីចូលដោះស្រាយសម្រាលការចំណាយ ក្នុងការប្រកួត ។
លោក កន ស៊ីថា នាយកសាលាវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក តំណាងឲ្យក្រុមកីឡាករ បានថ្លែងអំំរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោក ប្រតិភូ អមដំណើរ ដែលតែងតែយកចិត្តដាក់ គិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ នាគ្រាជួបទុក្ខលំបាក និងគោរពជូនពរ សូមឲ្យទទួលបាន សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕