ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែសលើកទី១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដម អឹមឌី ហ្សារៀរ អាឡាម សមាជិកសភា អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីស្មារតីរួមដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានលើកអំពីការវិវត្តនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន និងទិសដៅរបស់ប្រទេសរៀងៗខ្លួន និងបានកត់សម្គាល់ដោយការពេញចិត្តអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីមានការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងបង់ក្លាដែស។ ភាគីទាំងពីរបានឯកភាពអនុវត្តឲ្យបានពេញលេញគ្រប់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនិងបន្តរក្សាឲ្យមានជាទៀងទាត់នូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងការប្រាស្រ័យទាក់ទងគ្នារវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ។ ភាគីទាំង ពីរមានទស្សនៈស្របគ្នាថា ការដាក់ឈ្មោះផ្លូវនៅតំបន់លេចធ្លោមួយក្នុងទីក្រុងដាក្កា និងក្នុងរាជធានីភ្នំពេញ តាមព្រះនាមរបស់ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិកម្ពុជា និងតាមនាមរបស់បិតាជាតិបង់ក្លាដែស បង់ហ្គាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ មានអត្ថន័យដ៏សំខាន់សម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងបង់ក្លាដែសបន្ថែមទៀត។
ស្តីអំពីទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះនិន្នាការកើនឡើងនៃពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ហើយបានឯកភាពខិតខំប្រើប្រាស់ឲ្យអស់សក្តានុពលនៃវិស័យដែលភាគីទាំងពីរមានប្រៀបល្អជាងគ្នា និងអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពជំរុញស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឲ្យធ្វើកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំផែនការសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងជលវប្បកម្ម ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិស័យការពារជាតិ ព្រមទាំងការអភិរក្សប្រវត្តិសាស្ត្រ និងដំណែលសង្គ្រាម។ ដើម្បីសម្រេចបាននូវគោលដៅនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាស ដែលនឹងជួយត្រួសត្រាយបើកផ្លូវហោះហើរត្រង់រវាងប្រទេសទាំងពីរ សំដៅជំរុញការតភ្ជាប់ និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានលើកពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមានអង្គការពាណិជ្ជកម្មពិភពលោក គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក(UNESCAP) និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗទៀត កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីកម្ពុជាបានសម្តែងការអបអរយ៉ាងខ្លាំង ដោយបានដឹងថាលោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា រំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅខែវិច្ឆិកាឆ្នាំនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រជាជនខ្ចាត់ព្រាត់ពីទីលំនៅក្នុងរដ្ឋរ៉ាក់ខាញ។ ភាគីកម្ពុជាបានកត់សម្គាល់មតិយោបល់ និងសំណើដែលភាគីបង់ក្លាដែសបានលើកឡើងលើបញ្ហានេះ និងបានបញ្ជាក់ថា កម្ពុជាគាំទ្រការពង្រីកតួនាទីអាស៊ាន តាមរយៈអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ(AHA Center) ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ ភាគីកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈយន្តការអាស៊ាន ដើម្បីធានាបាននូវដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅរដ្ឋរ៉ាក់ខាញ។
នៅទីបញ្ចប់នៃការពិភាក្សា សហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស លើកទី១ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើត យន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសបង់ក្លាដែស ដែលគ្រោងរៀបចំកិច្ចប្រជុំលើកទី១ នៅឆ្នាំ២០២១។
ក្នុងឱកាសទស្សនកិច្ចនេះ លោកជំទាវ អ៊ាត សោភា បានចូលរួមជាសហអធិបតីជាមួយឯកឧត្តម អឹមឌី តាហ្សូល អ៊ីស្លាម រដ្ឋមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន អភិវឌ្ឍន៍ជនបទ និង សហករណ៍បង់ក្លាដែស ក្នុងពិធីសម្ពោធឈ្មោះផ្លូវ “ King NORODOM SIHANOUK Road” ដែលមានទីតាំងក្នុងតំបន់ការទូតនៃទីក្រុងដាក្កា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានជួបជាមួយឧត្តមសេនីយ៍ឯក ម៉ូហាម៉ាដ ម៉ាហ្វ៊ូសឺ រ៉ាម៉ាន់ មេបញ្ជាការកងទ័ពជើងគោកបង់ក្លាដែស និងឧត្តមសេនីយ៍ឯក សេក្ខ ម៉ាម៉ូន ខាលីត នាយកមហាវិទ្យាល័យ ការពារជាតិបង់ក្លាដែស ក្នុងឱកាសទស្សនកិច្ចនៅស្ថាប័នទាំងពីរ។
គណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបង់ក្លាដែស ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលស្នាក់នៅទីក្រុងដាក្កា និងបានឯកភាពជាមួយភាគីបង់ក្លាដែសថា នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស លើកទី២ ក្នុងឆ្នាំ២០២២ នៅប្រទេសកម្ពុជា ៕