ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​៖​ សូម​ផ្តាំផ្ញើ​ដល់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​ សូម​រក្សា​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​

04-March-2020 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេ​រម​ភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​ សន្តិសុខ​ ឆ្នាំ​២០១៩​ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​ សន្តិសុខ​ ឆ្នាំ​២០២០​ របស់​កងពលធំ​អន្តរាគមន៍​លេខ​៣​ កាលពី​ថ្ងៃ​អង្គារ​ ទី​៣​ ខែមីនា​ ឆ្នាំ​២០២០​។​

​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គពិធី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ សូម​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​លះបង់​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ របស់​កងពលធំ​អន្តរាគមន៍​លេខ​៣​ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​ នៅ​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​,​ ការពារ​បូ​រណ​ទឹកដី​ និង​ចូលរួម​នៅ​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេ​រម​ភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ មាន​ប្រសាសន៍​បន្ត​ថា​ ទាំង​អស់នេះ​ផ្តើម​ឡើង​ពី​ការ​តាំងចិត្ត​,​ ការ​ប្តេជ្ញា​ចិត្ត​រួបរួមសាមគ្គី​គ្នា​ និង​ស្មារតី​ស្នេហា​ជាតិ​របស់​យោធិន​ម្នាក់ៗ​ និង​សូម​គាំទ្រ​ និង​ជំរុញ​ឱ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​សកម្ម​ខ្លាំងក្លា​ថែម​ទៀត​សម្រាប់​ឆ្នាំ​២០២០​ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ ហើយ​ត្រូវ​ដក​ពិសោធន៍​,​ ពិនិត្យ​ និង​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​មុនៗ​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​ប្រសិទ្ធភាព​ការងារ​,​ ប្រព័ន្ធ​ការងា​រឹង​មាំ​,​ និង​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​បញ្ជាក់​ថា​ការ​ធានា​ការពារ​ឱ្យ​បាន​នូវ​រាល់​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច​ ដែល​កម្ពុជា​ខិតខំ​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​៤០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ការ​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​ឯករាជ្យ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ ព្រមទាំង​ការ​ពង្រឹង​តួនាទី​សកម្ម​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ តម្រូវ​ឱ្យ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​ពឹងផ្អែក​ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​បណ្តុះ​ជាប់​ជា​និច្ច​នូវ​មនសិការ​ស្នេហា​ជាតិ​ជា​ចាំបាច់​ ដូច​ប្រសាសន៍​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​ក្នុង​វិវេចនា​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ឆ្នាំ​២០១៣​ ដែល​ជំរុញ​ឱ្យ​កង​យោធពលខេមរភូមិន្ទ​ ចាំបាច់​ត្រូវ​កែទម្រង់​ឱ្យទៅ​ជា​កម្លាំង​ការពារ​ជាតិ​ដ៏​រឹង​មាំ​ មាន​វិន័យ​ម៉ឺងម៉ាត់​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ និង​លើកតម្កើង​កិត្យានុភាព​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេ​រម​ភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ សូម​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​ មេបញ្ជាការ​រង​ គ្រប់​លំដាប់ថ្នាក់​ នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣​ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​ សូម​រក្សា​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ព្រមទាំង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ ក៏​ដូច​ជា​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ និង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ និង​សុខមាលភាព​របស់​កងទ័ព​ និង​ត្រៀមកម្លាំង​ មធ្យោបាយ​ និង​សម្ភារៈ​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស​ ឬ​ធម្មជាតិ​ នៅ​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​ឱ្យ​បាន​រហ័ស​បំផុត​៕


ចំនួនអ្នកទស្សនា

    20523167

  • ថ្ងៃនេះ15681
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58831
  • ខែនេះ80711
  • ឆ្នាំនេះ80711
  • សរុប20523167