សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ស្ត្រី​ ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​

05-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ក្នុង​ឱកាស​អបអរសាទរ​ខួប​ទី​១០៩​ នៃ​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​ ឆ្នាំ​២០២០​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៥​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​ព្រឹទ្ធសភា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួប​សំណេះសំណាល​ជាមួយនឹង​គណៈប្រតិភូ​ស្ត្រី​ ជា​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការ​នារី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ មក​ពី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដឹកនាំ​ដោយ​លោក​ជំទាវ​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​។​

​នា​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នោះ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​សម្តេច​មាន​សេចក្តី​សោម​ន្ស​រីករាយ​ក្រៃ​លែង​ដោយ​បាន​គណៈប្រតិភូ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដឹកនាំ​ដោយ​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ អញ្ជើញ​មក​ជួប​សម្តែង​ការ​គួរសម​ និង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​សម្រេច​បាន​ ក៏​ដូច​ជា​វឌ្ឍនភាព​នៃ​ការ​លើកកម្ពស់​ស្ថានភាព​ សិទ្ធិ​ ឋានៈ​ តួនាទី​របស់​ស្ត្រី​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំ​ក្រោយ​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥​ នៅ​ទីក្រុង​ប៉េ​កាំ​ង​នា​ពេល​នេះ​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ មាន​ប្រសាសន៍​បន្ត​ថា​ សម្តេច​សូម​អបអរ​ និង​គាំទ្រ​ចំពោះ​ប្រធានបទ​ឆ្នាំ​នេះ​ដែល​ចែង​“​មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​”​ ដោយ​ផ្សា​ភ្ជាប់​ផង​ដែរ​ទៅ​នឹង​ក្រប​ខណ្ឌ​ថ្មី​ជាស​កល​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​ ដែល​តម្រូវ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ឯកោ​។​ គោលបំណង​នៃ​ប្រធានបទ​ឆ្នាំ​នេះ​ ក្រៅពី​ការ​រំលឹក​ពី​ការ​តស៊ូ​ របស់​នារី​នៅ​ទូ​ទាំង​សកលលោក​ ក្នុង​ការ​ទាមទារ​សិទ្ធិ​ សេរីភាព​ ប្រជាធិបតេយ្យ​ និង​ការ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី​ក៏​មានការ​ពិនិត្យ​ឡើង​វិញ​លើ​សមិទ្ធផល​នានា​សម្រេច​បាន​រយៈពេល​២៥​ឆ្នាំ​ ក្រោយ​សន្និសីទ​ពិភពលោក​ស្តី​ពី​ស្ត្រី​លើក​ទី​៤​ ឆ្នាំ​១៩៩៥​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ ដែល​មាន​ផែនការ​សកម្មភាព​ផ្តោត​ទៅ​លើ​បញ្ហា​កង្វល់​ជា​អាទិភាព​ចំនួន​១២​ ដែល​មាន​មូលដ្ឋាន​លើ​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​ សង្គម​ នយោបាយ​ ការ​អប់រំ​ សុខភាព​ កិច្ច​ការពារ​ផ្លូវច្បាប់​ បរិស្ថាន​ និង​ការ​ចូលរួម​ក្នុង​ថ្នាក់​ធ្វើ​សេចក្តីសម្រេច​។​

​សម្តេច​ ប្រធាន​ព្រឹទ្ធសភា​ មាន​ប្រសាសន៍​បន្ថែម​ថា​ សមិទ្ធផល​ដ៏​ច្រើន​ដែល​កម្ពុជា​ទទួល​បាន​ ដោយសារ​ប្រទេស​ យើង​មានការ​បង្រួបបង្រួម​ជាតិ​ ក្រោយ​ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ និង​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ ឈ្នះ​-​ឈ្នះ​ ក្នុង​ឆ្នាំ​១៩៩៨​ ផ្តួចផ្តើម​ចេញពី​ប្រាជ្ញា​ឈ្លាសវៃ​ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​ តួអង្គ​ពីរ​គឺ​៖​ ព្រះករុណា​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេច​អគ្គមហាសេនាបតី​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​នាំ​មក​នូវ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​រីក​ចម្រើន​ និង​សុខ​សុវត្ថិភាព​ ធ្វើ​ឱ្យ​ប្រជារាស្ត្រ​រស់នៅ​ជួបជុំ​គ្រួសារ​មានឱកាស​រៀនសូត្រ​បង្កើន​សមត្ថភាព​ មាន​ជំនាញ​វិជ្ជាជីវៈ​ បច្ចេកវិជ្ជា​ជឿនលឿន​ អាច​ចូលរួម​ក្នុង​ទីផ្សារ​ការងារ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាដើម​។​ មិនតែប៉ុណ្ណោះ​ក៏​ជា​ការ​បំផុស​កៀរគរ​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​រួម​គ្នា​សម្រេច​ឱ្យ​បាន​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ ដោយ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ឯកោ​។​ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ជា​កត្តា​ចម្បង​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក្នុង​នោះ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ខិតខំ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ ដែល​មាន​ចំនួន​ជាង​៥០%​នៃ​ប្រជាពលរដ្ឋ​សរុប​ ជា​ការងារ​ដែល​ត្រូវ​គិតគូរ​ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។​ ការ​ដែល​ស្ត្រី​ទទួល​បានការ​លើកកម្ពស់​សិទ្ធិ​ តម្លៃ​ ឱកាស​ចូលរួម​និង​ផលប្រយោជន៍​ដោយ​ស្មើភាព​នៅ​ក្នុង​គ្រួសារ​និង​សង្គម​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ទទួល​បាន​សេចក្តីសុខ​ សុភមង្គល​ ចំរុងចម្រើន​ សម្បូរ​សប្បាយ​ក្នុង​ជីវិត​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ មាន​ប្រសាសន៍​ស​ង្គ​ត់​ធ្ងន់​ថា​ កម្ពុជា​មាន​មោទនភាព​ ចំពោះ​សមិទ្ធផល​ជា​វិជ្ជមាន​ ដ៏​ច្រើន​គួរ​ ឱ្យ​កត់សម្គាល់​ក្នុង​សង្គម​ និង​សេដ្ឋកិច្ចជាតិ​ដែល​កើត​ចេញពី​ឆន្ទៈ​ដ៏​មោះមុត​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​គណបក្ស​ប្រជាពលរដ្ឋ​កម្ពុជា​ ព្រឹទ្ធ​សភាជាតិ​ និង​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាពលរដ្ឋ​កម្ពុជា​ ព្រមទាំង​ការ​រួមចំណែក​ពី​គ្រប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ទំនុកចិត្ត​ និង​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​ចំនួន​ប្រមាណ​៧៧%​នៃ​សំឡេង​សន្លឹក​ឆ្នោត​បានការ​ទាំងមូល​ ក្នុង​ឆ្នាំ​២០១៨​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ បាន​បញ្ជាក់​ថា​ព្រឹទ្ធសភា​ ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ មានមុខ​ងារ​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​អត្ថបទ​ច្បាប់​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​។​ ច្បាប់​ទាំង​អស់នេះ​ត្រូវ​បាន​យល់​ដឹង​ និង​គោរព​ពី​ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ផង​ដែរ​។​ ដោយឡែក​ព្រឹទ្ធសភា​មាន​យន្តការ​ក្នុង​ការ​ពិនិត្យ​ និង​តាមដាន​អត្ថបទ​ច្បាប់​ ដើម្បី​ធ្វើ​សំដៅ​ ធានា​ការ​ឆ្លើយ​តប​ទៅ​នឹង​យេ​ន​ឌ័​រ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​បុរស​ និង​ស្ត្រី​ តាម​រយៈ​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​ នៃ​ព្រឹទ្ធសភា​ ដឹកនាំ​ដោយ​លោក​ជំទាវ​ មាន​ សំ​អាន​ នា​ពេល​បច្ចុប្បន្ន​។​

​ព្រឹទ្ធសភា​ សូម​គាំទ្រ​យុទ្ធសាស្ត្រ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ ព្រម​ជាមួយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​អនុវត្ត​ការងារ​នេះ​ ហើយ​សង្ឃឹមថា​ទៅ​អនាគត​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ ជា​ពិសេស​ចំណុច​គោលដៅ​ទី​៥​ ដែល​ចែង​ពី​ "​ការ​សម្រេច​ឱ្យ​បាន​សមភាព​យេ​ន​ឌ័​រ​ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​គ្រប់​រូប​”​។​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ទាំង​ស្ត្រី​និង​បុរស​ប្រកបដោយ​សមភាព​ យើងខ្ញុំ​បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ប្រជារាស្ត្រ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​រស់នៅ​ស្តាប់​មតិយោបល់​និង​សំណូមពរ​របស់​ពួក​គាត់​។​

​តាង​នាម​ខ្ញុំ​ជា​ប្រធាន​ព្រឹទ្ធសភា​ និង​តាង​នាម​ឱ្យ​សមាជិក​ សមាជិកា​ ដែល​ជា​តំណាង​ឆន្ទៈ​ដោយ​ប្រយោល​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ យើងខ្ញុំ​នឹង​បន្ត​គាំទ្រ​ចំពោះ​ ការ​តាក់តែង​ច្បាប់​ ការ​ពិនិត្យ​ ការ​អនុម័ត​ និង​តាមដាន​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ ដើម្បី​ធានា​ថា​ច្បាប់​ទាំងនោះ​ មានការ​ឆ្លើយ​តប​ទៅ​នឹង​ផលប្រយោជន៍​ របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំង​ស្ត្រី​ ទាំង​បុរស​ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​កិច្ច​អភិវឌ្ឍន៍​ជាតិ​មួយ​ដែល​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ ៕

 

ចំនួនអ្នកទស្សនា

    20521947

  • ថ្ងៃនេះ14461
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57611
  • ខែនេះ79491
  • ឆ្នាំនេះ79491
  • សរុប20521947